ព្រឹត្តិការណ៍ Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា នឹងចាប់ផ្ដើមនាចុងខែនេះ

នាថ្ងៃទី ២៩ ដល់៣០ ខែមេសា នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស  នឹងរៀបចំ ព្រឹត្តិការណ៍ជិះកង់ Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា ដើម្បីរក ថវិកា ទៅបរិច្ចាគសម្រាប់ការជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនតាមខេត្តដែលខ្វះខាត។

គ្រូបបង្វឹកកីឡាប្រណាំងកង់ជម្រើសជាតិកម្ពុជា លោក អេង លីនបានឱ្យដឹងថា កម្មវិធី Run & Ride នេះនឹងទាក់ទាញចំណាប់អារម្មណ៍មហាជនបានច្រើន ជាពិសេសក្លឹបអ្នកជិះកង់ផ្សេងៗ ព្រោះអ្នកជិះកង់ជាច្រើននឹងមកជួបគ្នាសាកល្បងសមត្ថភាព។   ព្រឹត្តិការណ៍នេះ មិនត្រឹមតែប្រណាំងកង់សប្បាយហើយនោះទេ គឺយើងបានចូលរួមធ្វើការងារសង្គមដ៏ល្អមួយ គឺចូលរួមរៃអង្គាសថវិកា ជួយ ទៅដល់សាលារៀនបាក់បែកខូចខាត ដែលត្រូវការជំនួយពីយើង។

កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មានព្រឹត្តិការប្រណាំងកង់ «ជិះកង់ដើម្បីកុមារ» នៅខេត្តសៀមរាប ដែលទាក់ទាញអ្នកចូលរួមបានជាច្រើនរយនាក់ ហើយកម្មវិធីនោះក៏ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នេះផងដែរ។

គួបញ្ជាក់ផងដែរថា កម្មវិធីនេះចែកចេញជាពីរវិញ្ញាសាកីឡា គឺប្រណាំងកង់ចម្ងាយ ១០០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦A ពីក្រុងភ្នំពេញឆ្ពោះទៅខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា។  វិញ្ញាសាទាំងពីរនឹងចេញដំណើរពីមុខសាលមហោស្រពកោះពេជ្រ៕

Advertisement