កម្ពុជា​ ​នាំ​មេដាយមាស​ ​8គ្រឿង​ជូន​ជាតិ​ ​ពី​ការប្រកួត​កីឡា​រាំ​ទ្វីបអាស៊ី​

​កីឡាករ​-​កីឡាការិនី​នៃ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ ​ដណ្តើម​បាន​មេដាយមាស​ ​8គ្រឿង​ ​មេដាយ​ប្រាក់​ ​4គ្រឿង​ ​និង​មេដាយ​សំរឹទ្ធ​ ​6គ្រឿងក្នុង​ព្រឹត្តិ​ការណ៍​ការប្រកួត​ ​ADSF​ ​Asain​ ​Youth​ ​Single​ ​Dance​ ​Championship​ ​2019​ ​នៅ​ទីក្រុង​ហុងកុង​ ​ប្រទេស​ចិន​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី7​ ​ដល់​ថ្ងៃទី11​ ​ខែ​វិ​ចិ្ឆ​កា​ ​ឆ្នាំ2019​ ​ដោយ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​បញ្ជូន​គ្រូបង្វឹក​ ​ចៅក្រម​ ​កីឡាករ​-​កីឡាការិនី​ ​ចំនួន​ ​12នាក់​ទៅ​ចូលរួម​ ​ខណៈ​ដែល​មាន​ប្រទេស​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​មាន​ជាង​ ​10ប្រទេស​។​

​នេះ​ជា​សញ្ញា​វិជ្ជមាន​ដ៏​ល្អ​មួយ​សម្រាប់​សហព័ន្ធ​ដ៏​ក្មេងខ្ចី​របស់​កម្ពុជា​ ​ដែល​ពេលនេះ​នៅសល់​ពេល​តែ​ជាង​ ​2សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ​អត្តពលិក​កីឡា​រាំ​កម្ពុជា​នឹង​ត្រូវ​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ​នៅ​ប្រទេស​ហ្វីលីពីន​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ថ្វី​ដ្បិតតែ​ជា​សហព័ន្ធ​កីឡា​ថ្មីថ្មោង​មែន​ ​ក៏ប៉ុន្តែ​កីឡា​រាំ​នេះ​បាន​លើកមុខ​មាត់​កម្ពុជា​យ៉ាង​ខ្លាំង​លើឆាកអន្តរជាតិ​ ​ដោយ​ដណ្តើម​បាន​មេដាយ​ជាច្រើន​គ្រឿង​រាល់ពេល​ចេញទៅ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​ម្តង​ៗ​៕​


Advertisement