លោក Pochettino៖ Spurs ត្រៀមលក្ខណៈរួចរាល់ក្នុងការប្រយុទ្ធជាមួយ Chelsea

លោក Mauricio Pochettino បាន​​អះ​អាង​ថា ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​សំខាន់​របស់​ក្រុម Tottenham ក្នុង​លទ្ធ​ផល ១-០ នៅ​លើ​ទឹក​ដីក្រុម Crystal Palace បាន​បង្ហាញ​ថា ពួក​គេ​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​​ដណ្តើម​យក​​ឱកាស​ភ្លាម​ៗ ប្រសិន​បើ​ក្រុម Chelsea ភ្លាត់​ស្នៀត​ក្នុង​ការ​ប្រជែង​ពាន​។

ក្រុម​របស់​លោក Pochettino បាន​កាត់​បន្ថយ​គំ​​លាត​ដេញ​តាម​ពី​ក្រោយ​ក្រុម​តោ​ខៀវ Chelsea ឲ្យ​នៅ​ត្រឹម​៤​ពិន្ទុ ខណៈ​នៅ​សល់​​៥​ប្រកួត​​ទៀត ក្រោយ​ពី​​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ខ្សែ​បម្រើ Christian Eriksen បាន​ជួយ​ឲ្យ​ពួក​គេ​ដ​ណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​សំខាន់​នៅ​កីឡដ្ឋាន Selhurst Park កាល​ពី​ថ្ងៃ​ពុធ​។ ក្រុម​​​មាន់​ខ្នាយ​មាស Spurs ហាក់​​បាន​​ជួប​ការ​លំ​បាកក្នុង​ការ​បំភ្លេច​ការ​​ខក​ចិត្ត​របស់​ពួក​គេពី​ការ​ធ្លាក់​ចេញ​ពី​យុទ្ធ​នា​ការ​ដណ្តើម​​ពាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​សប្តាហ៍មុន ក្រោម​ស្នា​ដៃក្រុម Chelsea ខណៈដែល Tottenham ស្ទើរ​តែ​បាន​​ខ្ជះ​ខ្ជាយ​ឱកាស​ក្នុង​ការ​រក្សា​ការ​​ដាក់​សម្ពាធ​លើ Chelsea ទៅ​ហើយ នៅមុន​ពេល​ធ្វើ​ការ​ស្រោច​ស្រង់​វិញ​។ ក្រុម Tottenham ហាក់​ដូច​​ជា​ស្ថិត​ក្រោម​​សម្ពាធ​​ដូច​កាល​ពី​រដូវ​កាល​មុន​ដែរ ដែល​នៅពេល​នោះ​ពួក​គេ​បាន​អនុ​ញ្ញាត​ឲ្យ​ក្រុម Leicester ឈ្នះ​ពាន ក្រោយ​ពី​​ផ្តល់​ការ​ប្រជែង​ដល់​ពួក​គេ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​។

ប៉ុន្តែ លោក Pochettino ជឿ​ជាក់​ថា ស្មារតី​ប្រយុទ្ធ​ដែល​ក្រុម​របស់​លោក​បាន​បង្ហាញ​ដើម្បីផ្តួលក្រុម​ឡើង​ទម្រង់​លេង Crystal កំពុង​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​ជាច្រើន​ក្នុង​​ការ​ឈ្នះ​ពាន​ជា​លើក​ទី​១ បើ​គិត​​ចាប់​តាំ​ងពី​ឆ្នាំ​១៩៦១​។ លោក Pochettino បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​បង្ហាញ​ពី​ស្មារតី​អស្ចារ្យ ក្រោយ​ពី​ការ​ជួប​សប្តាហ៍​ដ៏ខក​ចិត្ត​។ វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ថា យើង​​មាន​ការ​ផ្តោត​អារម្មណ៍ និង​ព្យា​យាម​ដើម្បី​ប្រយុទ្ធ​»​។ គ្រូ​​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​បង្ហាញ​ថា យើង​បាន​រៀន​ជាច្រើន​ពី​ការ​ប្រកួត​កាល​ពី​រដូវ​កាល​មុន​​។ នោះ​ពិត​ជា​រឿង​សំខាន់​ណាស់​»​៕

ទស្សនាវីដេអូ Highlights៖


ប្រភពពី: Worldsoccertalk

Advertisement