ស៊ីហ្គេម៖ កម្ពុជាបានមេដាយច្រើនជាងឆ្នាំមុន តែមិនទាន់គ្រប់តាមផែនការ

ការប្រកួតកីឡាស៊ីហ្គេម លើកទី30 ឆ្នាំ2019 នៅប្រទេសហ្វីលីពីនបានបញ្ចប់ហើយ កាលពីយប់ថ្ងៃទី10 ខែធ្នូ នៅទីក្រុងម៉ានីល ដោយការប្រកួតកីឡាទាំងអស់របស់កម្ពុជា ក៏ត្រូវបានបញ្ចប់ជាស្ថាពរហើយដែរ។ ជាលទ្ធផលសរុបចុងក្រោយក្នុងចំណោម 31ប្រភេទកីឡាដែលកម្ពុជាចូលរួម គឺមានតែ 10ប្រភេទកីឡាប៉ុណ្ណោះដែលដណ្តើមបានមេដាយ ដោយមេដាយសរុបដែលកម្ពុជាទទួលបាននោះ គឺមានចំនួន 46គ្រឿង ក្នុងនោះមានមេដាយមាស4 ប្រាក់6 និងសំរឹទ្ធ36 ហើយកម្ពុជាបានស្ថិតក្នុងចំណាត់ថ្នាក់ទី8 ក្នុងចំណោមប្រទេសចូលរួមទាំង11។តាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ថ្វីដ្បិតតែកម្ពុជាដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម លើកទី29 នៅប្រទេសម៉ាឡេស៊ី ឆ្នាំ2017 ក៏ពិតមែន ប៉ុន្តែមេដាយមាស4 នេះ គឺមិនទាន់ឆ្លើយតបបានទៅនឹងមហិច្ឆតារបស់យើង ដែលគ្រោងទុកថា នឹងដណ្តើមឲ្យបានមេដាយមាស 10គ្រឿងនោះទេ ដោយសារតែប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមួយចំនួនមិនបានទទួលមេដាយមាសឡើយ។ ការដាក់គោលដៅនេះ គឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងបេសកកម្មដ៏ធំចម្បងរបស់ខ្លួនក្នុងការសម្រួចគោលដៅឆ្ពោះទៅទទួលការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី32 ឆ្នាំ2023 ខាងមុខ ដោយកម្ពុជានៅសល់តែស៊ីហ្គេម លើកទី31 ឆ្នាំ2021 នៅប្រទេសវៀតណាមតែម្តងទៀតប៉ុណ្ណោះ គឺដល់ពេលការរៀបចំរបស់កម្ពុជាយើងហើយ។ ប្រភេទកីឡាដែលកម្ពុជាទទួលបានមេដាយឆ្នាំនេះ មានដូចជាគុន Arnis (ក្រុមគុនល្បុក្កតោ) កីឡាប៉េតង់ កីឡាតេក្វាន់ដូWT កីឡាជឺជីតស៊ូ កីឡាសីដក់ កីឡាប្រដាល់គុនខ្មែរ កីឡា Soft Tennis កីឡាចំបាប់ កីឡាប្រដាល់សកល និងកីឡាប្រដាល់ Kick Boxing៕

Advertisement