ច្បាស់​ការណ៍​ហើយ​!​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប៉ះ​ក្រុម​ឡាវ​ ​នៅ​ ​AFC​ ​CUP​

​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ក្រោយ​ទទួល​បាន​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ក្នុង​រដូវ​កាល​ឆ្នាំ2019​ ​នេះ​ ​នឹង​មាន​ឳ​កាស​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ ​AFC​ ​Cup​ ​ឆ្នាំ2020​ ​ដោយ​នឹង​ត្រូវ​លេង​វគ្គ​ជម្រុះ​ ​Play​-​Off​ ​និង​ត្រូវ​តទល់​ជាមួយ​ក្លិប​ជើងឯក​រង​លី​ក​កំពូល​របស់​ឡាវ​ ​Master​ ​7​ ​FC​។​ ​

​ក្នុង​ឆ្នាំ2019​ ​នេះ​ ​ក្រុម​ជើងឯក​លី​ក​កំពូល​កម្ពុជា​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទទួល​កៅអី​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​CUP​ ​ចំនួន1​ ​ក្រោយ​លើក​ពាន​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​កាលពី​ពេល​កន្លងទៅ​។​ ​ចំណែក​ឯ​ក្លិប​ ​Master​ ​7​ ​FC​ ​ដែល​ជា​ក្លិប​ទើប​បង្កើត​ឡើង​នៅ​ឆ្នាំ2017​ ​ក្រោយ​ឆ្លងកាត់​ការប្រកួត​ពេញ​មួយ​រដូវ​កាល2019​ ​រួចមក​ ​ក្លិប​នេះ​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ជើងឯក​រង​របស់​ប្រទេស​ឡាវ​ ​តាម​ពីក្រោយ​ក្លិប​ ​Lao​ ​Toyota​ ​FC​ ​ដែល​ជា​ជើងឯក​ ​ហើយ​ទទួល​បាន​កៅអី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​។​

​ការប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​ធ្វើឡើង​ ​2ជើង​ ​ដោយ​ជើង​ទី1​ ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​នា​ថ្ងៃទី22​ ​ខែមករា​ ​ឆ្នាំ2020​ ​ឯជើង​ទី2​ ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ជាតិ​របស់​ឡាវ​ ​នា​ថ្ងៃទី29​ ​ខែមករា​ ​ឆ្នាំ2020​។​ ​ចំពោះ​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​វគ្គ​ជម្រុះ​នេះ​នឹង​បាន​ឡើង​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពូល​ ​G​ ​ជាមួយនឹង​ក្លិប​ ​3ផ្សេងទៀត​ ​ដែល​សុទ្ធសឹងតែ​ជា​ក្រុម​ជើងឯក​លី​ក​កំពូល​ ​ដូចជា​ក្លិប​ ​Ceres​ ​Negors​ ​(​ហ្វីលីពីន​)​ ​ក្លិបThan​ ​Quang​ ​Ninh​ ​FC​ ​(​វៀតណាម​)​ ​និង​ក្លិប​ ​Bali​ ​United​ ​FC​ ​(​ឥណ្ឌូ​នេ​ស៊ី​)​៕​


Advertisement