កូនខ្មែរ​កម្ពុជាក្រោម​ម្នាក់​ ​ជួយ​ក្រុមបាល់ទាត់​នារី​វៀតណាម​ឈ្នះ​មេដាយមាស​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​របស់​ប្រទេស​វៀតណាម​ ​បាន​ទទួល​មេដាយមាស​ពី​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក្រោយពី​យកឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​ថៃ​ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល​ ​1ទល់នឹង0​។​ ​ក្នុង​ក្រុមជម្រើសជាតិ​នារី​វៀតណាម​នោះ​ ​មាន​កីឡាការិនី​កូនខ្មែរ​កម្ពុជាក្រោម​មួយ​រូប​ឈ្មោះ​ ​ជឿង​ ​ធី​ ​កែវ​ ​(​Chương​ ​Thị​ ​Kiều​)​ ​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​ក្រុម​របស់​គេ​ឱ្យ​ទទួល​បាន​មេដាយមាស​នេះ​ផង​ដែរ​។​

​កីឡាការិនី​វ័យ​ ​24ឆ្នាំ​មាន​ដើមកំណើត​នៅ​ស្រុក​អំពាច​វែង​ ​ខេត្ត​ក្រមួនស​ ​ឬហៅ​ថា​ស្រុក​ ​Go​ ​Quao​ ​ខេត្ត​កៀង​យ៉ាង​។​ ​ធី​ ​កែវ​ ​ចាប់ផ្ដើម​ស្រឡាញ់​ចូលចិត្ត​បាល់ទាត់​កាលពី​អាយុ​ ​11ឆ្នាំ​ ​ដោយ​ទទួល​ឥទ្ធិពល​ពី​ឪពុក​ដែល​ជា​អតីត​កីឡាករ​ប្រចាំ​ខេត្ត​ក្រមួនស​ផ្ទាល់​តែម្ដង​ ​និង​មាន​ក្ដី​សុបិន​ចង់​ក្លាយជា​ជម្រើសជាតិ​។​ ​នៅពេល​អាយុ​បាន​ ​15ឆ្នាំ​ ​នាង​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ ​Ho​ ​Chi​ ​Minh​ ​City​ ​ហើយដោយ​សារ​មាន​កាយសម្បទា​ ​និង​ភាព​ឆ្លាតវៃ​ផង​នោះ​ ​ធី​កែវ​ ​បាន​ជាប់​ជម្រើសជាតិ​នារី​នៅ​ឆ្នាំ2011​ ​ពេល​មាន​វ័យ​ ​16ឆ្នាំ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មុន​ឈ្នះ​មេដាយមាស​នៅ​ឆ្នាំ2019​ ​នេះ​ ​កីឡាការិនី​បាល់ទាត់​ ​ធី​ ​កែវ​ ​ក៏បាន​រួមចំណែក​ជួយ​ឱ្យ​ជម្រើសជាតិ​នារី​វៀតណាម​ ​ទទួល​បាន​មេដាយ​ប្រាក់​ស៊ី​ហ្គេម​ម្ដង​រួចមក​ហើយ​កាលពី​ឆ្នាំ2013ផង​ដែរ​៕​


Advertisement