ថោង ខុន៖ យើងមានផែនការមេ ៤ចំណុច ទុកត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

ខណៈដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងរយៈ ពេល៧ឆ្នាំទៀតនោះ លោក ថោង ខុន ប្រធាន គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់គោល ដៅ៤ចំណុចធំៗដើម្បីត្រៀមទាំងអត្ត ពលិក ប្រជាពលរដ្ឋ និង ប្រទេសកម្ពុជាទាំងមូល មានសក្ដានុពលខ្លាំង មុនស៊ីហ្គេមចូលមកដល់។

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន NOCC បាន​ពន្យល់​ថា យើង​មាន​ពេល ៧ ឆ្នាំ ក្នុងការ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ ២០២៣ ហើយ​ចំណុច​សំខាន់​នៃ​ផែនការ​មេ គឺទី ១ ក្នុងនាម​ជា​ម្ចាស់ផ្ទះ យើង​ត្រូវ​កំណត់​ជ្រើស​យក​ប្រភេទ​កីឡា​ឲ្យបាន​យ៉ាងតិច ២២ ប្រភេទ ក្នុង​នោះ​កំណត់​យក​កីឡា​វប្បធម៌​ប្រពៃណី មាន​សក្តានុពល​របស់​ម្ចាស់ផ្ទះ ប្រភេទ​កីឡា​លេង​ក្នុងតំបន់ និងក្នុង​ទ្វីប ព្រមទាំង​កីឡា​ក្នុង​អូឡាំពិក​ផងដែរ។

លោក ថោង ខុន បន្តថា ចំណែក​ទី ២ យើង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ ទីលាន​ប្រកួត ក្នុង​នោះ​កីឡា​ហែលទឹក និង​អត្តពលកម្ម មាន​អាទិភាព​មុនគេ ហើយ​ប្រភេទ​កីឡា​ក្នុងសាល ឬក្រៅ​សាល មានគ្រប់​ស្តង់ដារ​កម្រិត​អន្តរជាតិ។ រីឯទី ៣ សម្ភារ​សម្រាប់​ហ្វឹកហាត់ និង​បម្រើ​ការប្រកួត ក្នុងនោះ​មាន​កីឡា​ជំនាញ​កម្រិត​ខ្ពស់ ហើយទី ៤ យើងត្រូវ​បណ្តុះបណ្តាល​ធនធាន​មនុស្ស មាន​គ្រូបង្វឹក អត្តពលិក មន្ត្រី​ដឹកនាំ​កីឡា ចៅក្រម​អាជ្ញាកណ្តាល ព្រមទាំង​បង្កើត​ឲ្យមាន​ព្រឹត្តិការណ៍​កីឡាជាតិ (National Games) ២ ឆ្នាំ​ឲ្យបាន​ម្តង​គឺពី​ឆ្នាំ ២០១៦ ដល់ ២០២២។

លោកបន្ថែមថា៖ ផែនការ​មេ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​រួចរាល់​តាំង​ពី​ថ្ងៃទី ៦ ខែ​ឧសភា ឆ្នាំ ២០១៦ មកម្លេះដោយ​ក្នុងនោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ជា​ប្រធាន ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា,រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​រាជធានី​ភ្នំពេញ​ជាអនុ​ប្រធាន ដោយ​មាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ជា​អនុប្រធាន​អចិន្រ្ដៃយ៍។

យោងតាម​អារម្ភកថា​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ក្នុង​ផែនការ​មេ​ឆ្ពោះ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣ នេះ បាន​សរសេរ​ថា ផែនការ​កីឡា​នេះជា​មោទនភាព​ជាតិ ជា​ឧត្តមភាព​ជាតិ និងជា​ចំណី​អាហារ​បំប៉ន​ថាមពល​រាងកាយ និងជា​ចំណី​អារម្មណ៍​ញាប់ញ័រ ដែល​មិនអាច​ខ្វះបាន​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់។

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា ព្រឹត្តិការណ៍​ផែនការ​មេ​ឆ្ពោះទៅ​ស៊ីហ្គេម លើក ៣២ នៅ​កម្ពុជា​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុងការ​លើកពី​កេរ្តិ៍ឈ្មោះ និង​កម្លាំង​ថាមពល ដែល​ត្រូវ​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ពីវប្បធម៌​ទេសចរណ៍ សេដ្ឋកិច្ច​នៅក្នុង​សង្គម​ខ្មែរ​ដ៏​រុងរឿង​ថ្កើងថ្កាន​បន្ថែមទៀត ហើយ​លោក បាន​បន្ថែម​នូវពាក្យ​ស្លោក​សម្រាប់​ស៊ីហ្គេម ឆ្នាំ ២០២៣ នេះថា៖ «គ្មាន​អ្វី​ប្រសើរ​ជាង​កីឡា គ្មានអ្វី​ថ្លៃថ្លា​ជាង​កិត្តិយស គ្មានអ្វី​ខ្ពង់​ខ្ពស់ជាង​ជាតិ​រុងរឿង​ថ្កុំថ្កើង​នោះ​ឡើយ»៕

Advertisement