Njie បំពេញការផ្ទេរពី Spurs ទៅកាន់ Marseille ជាអចិន្ត្រៃយ៍

ខ្សែប្រយុទ្ធអន្តរជាតិកាមេរូន Clinton Njie បានចូលរួមជាមួយនឹងក្លិប Marseille ក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍ ពីក្លិប Tottenham Hotspur ក្រោយពីបានចំណាយពេលកាលពីរដូវមុនក្នុងនាមជាកីឡាករកម្ចីក្នុងលីករបស់បារាំង។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃអាទិត្យ។

ខ្សែបម្រើវ័យ23ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Spurs ពីក្លិប Lyon កាលពីឆ្នាំ2015 ប៉ុន្តែ បានបង្ហាញខ្លួនត្រឹមតែប៉ុន្មានលើកប៉ុណ្ណោះនៅឯកីឡដ្ឋាន White Hart Lane នៅមុនពេលរូបគេត្រូវបានខ្ចីជើងទៅកាន់ក្លិប Marseille ដែលជាកន្លែងរូបគេបានស៊ុតបាល់បញ្ចូលទី4គ្រាប់ក្នុងការបង្ហាញខ្លួន23លើក។ Tottenham បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «យើងបានឈានដល់ការព្រមព្រៀងជាមួយនឹងក្លិប Marseille សម្រាប់ការផ្ទេរជាអចិន្រ្តៃយ៍របស់កីឡាករ Clinton Njie។ យើងសូមជូនពរឲ្យ Clinton ជួបតែសំណាងល្អទៅថ្ងៃអនាគត»។

Njie បានក្លាយជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន ដែលបានឈ្នះពាន Africa Cup of Nations ឆ្នាំ2017 ក្នុងប្រទេសហ្គាបុង។ រូបគេបានចូលរួមមួយនឹងក្លិប Tottenham កាលពីខែសីហា ឆ្នាំ2015 ពីក្លិប Olympique Lyonnais ក្នុងតម្លៃខ្លួន 10លានផោន (ស្មើនឹង 13,10លានដុល្លារអាមេរិក។ នេះបើយោងទៅតាមបណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស ហើយរូបគេបានបង្ហាញខ្លួន14លើកសម្រាប់ក្លិប Tottenham៕
ប្រភពពី៖ Reuters

Advertisement