Man City ដាក់សំណើដេញថ្លៃទិញ Pepe Reina ពីក្លិប Napoli

ក្លិប Manchester City ចង់ទិញអ្នកចាំទី Pepe Reina របស់ក្លិប Napoli ក្នុងការដោះដូរកីឡាករនៅរដូវក្តៅនេះ ហើយប្រសិនបើទទួលជោគជ័យ ការផ្ទេរនេះនឹងបញ្ចប់ពេលវេលាដ៏ចម្រូងចម្រាសរបស់អ្នកចាំទី Claudio Bravo ក្នុងក្លិបនេះ។

Man City ត្រូវបានគេមើលឃើញថា បានដាក់សំណើជាបឋមក្នុងតម្លៃខ្លួន 2.5លានផោន (ស្មើនឹង3.3លានដុល្លារអាមេរិក) សម្រាប់អ្នកចាំទីវ័យ 34ឆ្នាំរូបនេះដែលបានចំណាយពេល 9ឆ្នាំនៅឯក្លិប Liverpool ហើយក៏បានលេងឲ្យក្លិប Barcelona, Villlarreal និង Bayern Munich ផងដែរ។

រូបគេនឹងផ្តល់ឲ្យលោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅរបស់ Man City នូវបទពិសោធដ៏ទូលំទូលាយ។ ប្រសិនបើ Reina ពិតជាចូលរួមមែននោះ មានន័យថា អាជីពដ៏ចម្រូងចម្រាសរបស់ Bravo នៅឯក្លិប Man City នឹងត្រូវបញ្ចប់ក្រោយពីបានលេងត្រឹមតែរយៈពេល1រដូវកាលមកនោះ។ វាក៏នឹងបង្កើតឲ្យមានសំណួរបន្ថែមទៀតជុំវិញការកាត់សេចក្តីរបស់លោក Guardiola ទាក់ទងនឹងអ្នកចាំទីផងដែរ។ នៅពេលដែលកាន់តំណែងក្នុងនាមជាគ្រូបង្វឹកបង្គោលកាលពីរដូវក្តៅមុន គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានសម្រេចចិត្តថា Joe Hart ដែលជាអ្នកចាំទីជម្រើសទី1 មិនល្អគ្រប់គ្រាន់ឡើយ។

បញ្ហានេះបាននាំឲ្យមានការទិញចូល Bravo ហើយ Hart បានទៅលេងក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Torino។ អ្នកចាំទីអន្តរជាតិស៊ីលីរូបនេះ បានធ្វើឲ្យមានកំហុសជាបន្តបន្ទាប់ដែលនាំឲ្យ Man City បាត់បង់ពិន្ទុដ៏សំខាន់។ កាលពីខែមុន លោក Guardiola បានដឹងពីកំហុសរបស់លោកតាមរយៈការទិញអ្នកចាំទី Ederson ពីក្លិប Benfica ក្នុងតម្លៃខ្លួន34.69លានផោនដើម្បីធ្វើជាអ្នកចាំទីជម្រើសទី1៕
ប្រភពពី៖ The Guardian

Advertisement