ប្រភពព័ត៌មាន៖ Juventus ស្ថិតយ៉ាងប្រកៀកក្នុងការនាំយក Szczesny ពី Arsenal

អ្នកចាំទី Wojciech Szczesny របស់ក្លិបកាំភ្លើងធំ Arsenal កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរទៅកាន់ក្លិបសេះបង្កង់ Juventus។ នេះបើយោងតាមប្រភពនានាក្នុងប្រទេសអ៊ីតាលី ដែលបានប្រាប់ទូរទស្សន៍ ESPN។

ការពិភាក្សាផ្សេងៗកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយរវាងក្លិប Juventus និង Arsenal ហើយក្រុមម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះសង្ឃឹមថា នឹងបំពេញការចុះហត្ថលេខាជាមួយនឹងរូបគេនៅសប្តាហ៍ក្រោយនេះក្នុងតម្លៃខ្លួន10លានផោន (ស្មើនឹង13លានដុល្លារអាមេរិក) Szczesny បានចំណាយពេល2រដូវកាលមុនក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Roma ហើយការបង្ហាញពីទម្រង់លេងរបស់គេក្នុងប្រទេសអ៊ីតាលីបានផ្តល់នូវការចាប់អារម្មណ៍ដល់ក្លិប Juventus។

អ្នកចាំទីអន្តរជាតិប៉ូឡូញ Szczesny កំពុងតែស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេនៅឯក្លិប Arsenal ហើយក្រុមកាំភ្លើងមួយនេះចង់លក់រូបគេនៅរដូវក្តៅនេះជាជាងការប្រថុយបាត់បង់រូបគេក្នុងពេលផុតកិច្ចសន្យា។ លោក Arsene Wenger មានអ្នកចាំទី Petr Cech និង David Ospina រួចជាស្រេចហើយក្នុងក្រុមរបស់លោក និងបានរៀបចំផែនការផ្សេងៗដោយគ្មាន Szczesny សម្រាប់រដូវកាលខាងមុខនេះទៀតផង។

ស្របពេលជាមួយគ្នានេះ Juventus កំពុងតែស្ថិតក្នុងទីផ្សារក្នុងការស្វែងរកអ្នកចាំទី ខណៈដែល Neto នឹងត្រូវចូលរួមជាមួយនឹងក្លិប Valencia ហើយពួកគេចាត់ទុក Szczesny ជាអ្នកចាំទីដែលអាចជំនួសកន្លែងរបស់ Gianluigi Buffon បាន។ Buffon បានបញ្ជាក់រួចជាស្រេចហើយថា រូបគេនឹងលេងក្នុងយុទ្ធនាការ World Cup នៅឆ្នាំក្រោយ ប្រសិនបើក្រុមជម្រើសជាតិអ៊ីតាលីឈ្នះសិទ្ធិទៅលេង ហើយអ្នកចាំទីវ័យ39ឆ្នាំរូបនេះក៏ប្រហែលជាមិនចាកចេញនៅរដូវក្តៅក្រោយនេះដែរ៕
ប្រភពពី៖ ESPN

Advertisement