AFF Women Championship ប្រកាសផ្លាស់ប្តូររូបមន្តប្រកួត ដោយកម្ពុជាត្រូវប្រកួតជម្រុះជាមុនសិន

សម្រាប់រូបមន្តប្រកួតក្នុងក្របខ័ណ្ឌពានជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ាន ឬពានរង្វាន់​ AFF WOMEN CHAMPIONSHIP ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ធ្វើការផ្លាស់ប្តូរខ្លះៗ ដោយតម្រូវឱ្យប្រទេសជាច្រើនត្រូវឆ្លងកាត់វគ្គជម្រុះជាមុនសិន។

ការផ្លាស់ប្តូររូបមន្តប្រកួតនេះគឺ ក្រុមខ្លាំងៗ4 ដែលឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំទៅ នឹងត្រូវទទួលបានកៅអីក្នុងការប្រកួតនេះដោយស្វ័យប្រវត្តិ និងត្រូវរង់ចាំទទួលក្រុមដែលឈ្នះទៅពីវគ្គជម្រុះ។ ចំណែកឯក្រុមចំនួន៧ទៀត ដែលក្នុងនោះមានកម្ពុជាផងដែរនោះ នឹងត្រូវប្រកួតប្រជែងយកក្រុមល្អចំនួន2 ឬ 4 ដើម្បីទៅបង្គ្រប់ជាមួយនឹង 4ក្រុមខាងលើ។

គួរបញ្ជាក់ដែរថា មូលហេតុនៃការបង្កើតឱ្យមានវគ្គជម្រុះនេះ គឺដើម្បីពង្រឹងគុណភាពការប្រកួតនៅក្នុងពានរង្វាន់នេះ ដោយរូបមន្តនេះនឹងចាប់អនុវត្តក្នុងការប្រកួត ពានរង្វាន់​ AFF WOMEN CHAMPIONSHIP ឆ្នាំ2020នេះតែម្តង៕

Advertisement