លោក Conte បន្តកុងត្រារយៈពេល 2ឆ្នាំទៀតនៅ Chelsea ដើម្បីបញ្ចប់ការសង្ស័យ

លោក Antonio Conte បានសម្រេចចិត្តពីអនាគតរបស់លោកជាមួយក្លិប Chelsea តាមរយៈការចុះកុងត្រាថ្មីរយៈពេល2ឆ្នាំទៀតជាមួយនឹងក្លិបនេះ ដែលនឹងទទួលបានចំណូលដល់ទៅ20លានផោន (ស្មើនឹង26លានដុល្លារអាមេរិក)។

គ្រូបង្វឹករបស់ក្រុមតោខៀវរូបនេះត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអ៊ីតាលីវិញនៅរដូវក្តៅនេះ ប៉ុន្តែ លោកបានបញ្ចប់ពាក្យចចាមអារ៉ាមផ្សេងៗដែលថា លោកអាចនឹងចាកចេញ។ លោក Conte បានដឹកនាំឲ្យក្លិប Chelsea លើកពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលទី1របស់លោកនៅឯកីឡដ្ឋាន Stamford Bridge។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខាលើកុងត្រាថ្មីជាមួយនឹងក្លិប Chelsea។ យើងបានធ្វើការងារជាមួយគ្នាយ៉ាងល្អ និងលំបាកក្នុងឆ្នាំទី1របស់យើងដើម្បីសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ ដែលខ្ញុំពិតជាមានមោទនភាពណាស់។ ពេលនេះយើងត្រូវតែធ្វើការងារឲ្យកាន់តែខ្លាំងជាងមុនដើម្បីរក្សាការស្ថិតក្នុងកម្រិតកំពូល»។

លោក Conte បានបន្ថែមទៀតថា៖ «អ្នកគាំទ្ររបស់ Chelsea បានផ្តល់នូវការគាំទ្រដល់ខ្ញុំយ៉ាងខ្លាំងក្លា ចាប់តាំងពីខ្ញុំបានមកដល់ទីនេះកាលពី1ឆ្នាំមុន ហើយវាពិតជាសំខាន់ណាស់ដែលយើងបន្តទទួលជោគជ័យជាមួយគ្នា»។ ក្រុមតោខៀវរបស់លោក Conte នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអាស៊ី សម្រាប់ដំណើរប្រកួតមុនបើករដូវកាលរបស់ពួកគេនៅសប្តាហ៍នេះ ដោយពួកគេនឹងត្រូវប្រកួតជាមួយនឹងក្រុម Arsenal, Bayern Munich និង Inter Milan។

លោក Marina Granovskaia ប្រធានផ្នែកកីឡារបស់ Chelsea បានឲ្យដឹងថា៖ «លោក Antonio បានទទួលបានជោគជ័យដ៏មិននឹកស្មានដល់កាលពីរដូវកាលមុន តាមរយៈការសម្របខ្លួនក្នុងកីឡាបាល់ទាត់អង់គ្លេសបានយ៉ាងឆាប់រហ័ស និងជួយឲ្យយើងឈ្នះពាន Premier League»៕
ប្រភពព័ត៌មាន៖ The Sun

Advertisement