ក្លិប Chelsea ប្រកាសពីការយល់ព្រមទិញ Morata ពីក្លិប Real Madrid

ក្លិបតោខៀវ Chelsea កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនសម្រាប់យុទ្ធនាការការពារពានក្របខ័ណ្ឌ Premier League របស់ពួកគេ ក្រោយពីបានយល់ព្រមលើតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបក្នុងទឹកប្រាក់58លានផោន (ស្មើនឹង75.5លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Real Madrid ដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Alvaro Morata។

ការពិភាក្សាផ្សេងៗកំពុងតែបន្តជាមួយនឹងក្លិប Real Madrid ចាប់តាំងពីក្លិប Chelsea បានចាញ់ក្រុម Manchester United ក្នុងការប្រជែងទិញខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែពួកគេបានទទួលជោគជ័យវិញលើគោលដៅទី2របស់ពួកគេកាលពីថ្ងៃពុធ។ Man United បានចំណាយប្រាក់ជាគោលចំនួន75លានផោនទៅឲ្យក្លិប Everton សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក(Romelu Lukaku )រូបនោះ។

តម្លៃខ្លួនរបស់ Chelsea សម្រាប់ខ្សែប្រយុទ្ធ Morata នឹងមានចំនួនច្រើនជាង50លានផោនដែលពួកគេបានចំណាយទៅឲ្យក្លិប Liverpool ដើម្បីទិញខ្សែប្រយុទ្ធ Fernando Torres កាលពីឆ្នាំ2011 ហើយអាចនឹងកើនដល់70លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះ។ ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរនេះ។ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះបានឲ្យដឹងថា៖ «បច្ចុប្បន្នការផ្ទេរនេះ នឹងត្រូវបំពេញក្រោយពីរូបគេ(Morata )យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ និងត្រួតពិនិត្យសុខភាពរួចហើយ»។

ប្រាក់បៀវត្សរ៍ត្រូវបានរំពឹងទុកថា នឹងមិនក្លាយជាឧបសគ្គឡើយ ខណៈដែល Morata នឹងត្រូវទទួលបាន15ម៉ឺនផោនក្នុងមួយសប្តាហ៍សម្រាប់កុងត្រារយៈពេល5ឆ្នាំ។ រូបគេកំពុងតែស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិកជាមួយនឹងសមាជិក្រុមផ្សេងទៀតរបស់លោក Zinedine Zidane រួចហើយនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីត្រួតពិនិត្យសុខភាព៕
ប្រភពពី៖ The Guardian

Advertisement