Man City និង Chelsea កំពុងប្រជែងគ្នាទិញ Danilo ពី Real

ក្លិបយក្សអង់គ្លេស Manchester City និង Chelsea កំពុងតែប្រជែងគ្នាទិញយកខ្សែការពារអន្តរជាតិស្លាបស្តាំ Danilo ពីក្លិប Real Madrid ក្នុងតម្លៃខ្លួន26លានផោន (ស្មើនឹង34លានដុល្លារអាមេរិក)។ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City ចាត់ទុក Danilo ជាកីឡាករដែលអាចលេងបានទាំងក្នុងតំបន់ការពារស្លាប និងតំបន់បម្រើ ស្របពេលដែលគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea លោក Antonio Conte ចង់ពង្រឹងតំបន់ការពារក្នុងក្រុមរបស់លោក។ ប៉ុន្តែ លោក Conte នឹងមិនចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Man City ឡើយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Guardiola។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងថា៖ «រូបគេជាកីឡាកររបស់យើង ហើយរូបគេនឹងនៅតែបន្តនៅទីនេះ»។

លោក Conte ពិតជាចង់ចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធរូបនេះ ដើម្បីជំនួសខ្សែប្រយុទ្ធអេស្ប៉ាញ ដែលធ្លាក់ចេញពីការចាប់អារម្មណ៍គឺ Diego Costa។ Danilo វ័យ26ឆ្នាំ បានចូលរួមជាមួយនឹងក្លិប Real Madrid ក្រោយពីចាកចេញពីក្លិប Porto កាលពីឆ្នាំ2015 ប៉ុន្តែ រូបគេបានក្លាយជាខ្សែការពារស្លាបស្តាំជម្រើសទី2របស់ក្លិបអេស្ប៉ាញមួយនេះ ក្នុងការប្រកួតភាគច្រើនកាលពីរដូវកាលមុន។
រូបគេបានចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងនៃក្របខ័ណ្ឌ La Liga ចំនួន17ប្រកួតសម្រាប់ក្រុម Real Madrid ខណៈដែលកីឡាករ Dani Carvajal ត្រូវបានប្រើប្រាស់ច្រើនជាងសម្រាប់ការប្រកួតធំៗភាគច្រើន ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រទៀតផង។

Man City ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3នៃក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននោះ បានចុះហត្ថលេខាជាមួយនឹងកីឡាករថ្មី4នាក់រួចជាស្រេច ដែលរួមមានអ្នកចាំទី Ederson Moraes ខ្សែការពារស្លាបស្តាំ Kyle Walker ខ្សែបម្រើស្លាប Bernardo Silva និងខ្សែបម្រើ Douglas Luiz៕
ប្រភពពី៖ BBC

Advertisement