អ្នកដឹកនាំរឿងពោលសរសើរលោក ហង្ស អច្ឆរិយា ពូកែសម្ដែងជាមួយពស់វែកស៊ីចង្វាក់គ្នាល្អ

ទន្ទឹមនឹងការប្រកាសប្រាប់មហាជនឱ្យដឹងពីដំណឹងការចាក់បញ្ចាំងរឿងភាគ « កូនពស់កេងកង » របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនខ្មែរគ្រប់រូបនោះ នៅក្នុងពេលឆាប់ៗខាងមុខនោះ លោកអ្នកនិងបានទស្សនាជាក់ជាមិនខាន។ តែក្រឡែកមកដឹងពីដំណើរការផលិត តួអង្គសម្ដែងនៅក្នុងរឿងឯណោះវិញ តារាសម្ដែងគ្រប់រូបបានពោលពាក្យតែមួយបួនគត់គឺ « ពិបាកសម្ដែង » បើទោះបីជាខ្លួនមានបទពិសោធន៍សម្ដែងរាប់ឆ្នាំក៏ពិតមែន ក៏ប៉ុន្ដែមិនអាចឆ្លងផុតពីមួយឈុតទៅមួយឈុតបានដោយងាយឡើយ ព្រោះថា អ្នកដឹកនាំរឿងសម្រិតសម្រាំងស្នាដៃខ្លាំង និងមានបំណងឱ្យរឿងមួយនេះមានភាពប្រណីតបំផុត។

នៅក្នុងនោះដែរ តារាសម្ដែងប្រុស ហង្ស អច្ឆរិយា ក៏ត្រូវបានអ្នកដឹកនាំរឿងសម្លឹងមើលឃើញពីភាពទាក់ទាញនៃរូបរាងកាយ មានសាច់ដុំធំៗ និងជាពិសេសមានសមត្ថិភាពសម្ដែងពោពេញទៅដោយទេពកោសល្យ បានអញ្ចើញលោកឱ្យមកសម្ដែងជាមួយពស់វែកក្របីប្រវែង 2 ម៉ែត្រ ដែលជាសត្វកំណាចគួរឱ្យខ្លាចនិងព្រឺរសម្បុរខ្ញាកៗ។ លោកថា « នៅក្នុងរឿងពស់កេងកងនេះ គឺសម្រិតសម្រាំងណាស់ ហើយពិបាកសម្ដែងខ្លាំងបំផុត មិនដែលបានជួបប្រទះពីមុនមកទេ ចាប់តាំងពីខ្ញុំបានចូលប្រឡូកការសម្ដែងកន្លងមក។ ក៏ប៉ុន្ដែ ឆ្លងកាត់ការលំបាក និងការណែនាំរបស់អ្នកនាំរឿង ទើបខ្ញុំសម្ដែងបានសម្រេច និងទទួលបានភាពជោគជ័យបំផុត រហូតដល់បងៗកាមេរ៉ាម៉ាន់ និងអ្នកទស្សនាជុំវិញ ជាពិសេសអ្នកដឹកនាំរឿងផ្ទាល់ ទះដៃសរសើរខ្ញុំ ដែលអាចសម្ដែងជាមួយសត្វពស់វែកក្របី បើកពពារធំៗ មើលទៅគួរឱ្យលស់ព្រលឹងបែបញើសជោគអាវ »។

អូហូ! មិនត្រឹមតែមានរូបរាងសង្ហារទេ តែមានភាពក្លាហានថែមទៀត ទើបអាចសម្ដែងជាមួយពស់វែកក្របីបាន តែអារម្មណ៍ពិតរបស់តារាសិចស៊ីប្រុសរូបនេះវិញ បានប្រាប់អ្នកសារព័តមាន ឡារ៉ែន ថា « ខ្ញុំត្រូវសម្ដែងជាតួអង្គ អ្នកចាប់ពស់លក់ ដូច្នោះហើយត្រូវកាន់ ត្រូវចាប់ ពស់វែកក្របីផ្ទាល់ៗ អារម្មណ៍ពិតសឹងតែនិយាយបានថា ចង់ឈឺ រហូតដល់ថ្នាក់ដេកឈឺនៅផ្ទះ ហើយស្រម៉ៃឃើញតែពស់នៅមុខស្រស់ៗ »។ ឃើញទេ តើមាននរណាខ្លះដែលមិនខ្លាចសត្វពស់នោះ ចុះទម្រាំតែតួអង្គនីមួយៗដែលសម្ដែងក្នុងរឿងល្បីៗនេះ អាចរួចផុតពីសត្វពស់ស្រស់ៗពិតៗ បានដោយយ៉ាងណាទៅ។

ជាចុងក្រោយតារាសម្ដែងវ័យ 26 ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា លោកពិតជាមានក្ដីសោមនស្សខ្លាំងបំផុត ដែលបានសម្ដែងជាតួអង្គនៅក្នុងរឿងដែលមានគុណភាពទាំងការថត បច្ចេកទេស ​និងកាត់តលំដាប់អន្ដរជាតិមួយនេះ និងកាន់តែជោគជ័យបំផុត ដែលទទួលបានបទពិសោធន៍ថ្មីៗពីសំណាក់អ្នកដឹកនាំរឿងផ្ទាល់គឺ លោក ហ្វៃ សំអាង។ លោករំពឹងទុកថា ប្រិយមិត្តទាំងអស់នឹងគាំទ្រស្នាដៃសម្ដែងរបស់លោកនៅក្នុងរឿងភាគល្បីមួយនេះ ដែលគ្រោងបញ្ចាំងឆាប់ៗកៀកជិតមកដល់ហើយ៕

Advertisement