សាន ផានិត ពន្លះសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រី

នៅថ្ងៃម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានការចែកចាយឃ្លីបវីដេអូរយៈពេលជាង 2នាទីនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញថា បុរសជាសមត្ថកិច្ចមួយរូប បានទះកំផ្លៀងប្រជាពលរដ្ឋជាស្រី្តភេទម្នាក់ ដែលជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព។ តាមរយៈឃ្លីបវីដេអូនោះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមទាំងអស់មានការខឹងច្រឡោតតោតតូង បញ្ចេញមតិរិះគន់សមត្ថកិច្ចរូបនោះដែលមានអាកប្បកិរិយាឃោរឃៅកោងកាច គ្មានការមិនគោរព និងឱ្យតម្លៃសូម្បីតែបន្តិចចំពោះស្ដ្រីភេទ ដែលខ្លួនឯងជាបុរស និងជាសមត្ថកិច្ចមួយរូប តែបែរជាបានប្រើអំពើហិង្សាដ៏ឥតពូជទៅលើស្ត្រីភេទ។

នៅក្នុងនោះដែរ តារាចម្រៀងប្រុសចាស់វស្សាលោក សាន ផានិត ក៏បានសរសេរពន្លះសមត្ថកិច្ចរូបនោះដូចគ្នាដែរ ដោយលោកបានសរសេរនៅលើគណនីហ្វេសប៊ុកដែលគេស្គាល់ថាជារបស់លោកថា «សមត្ថកិច្ចប្រឈមមុខជាមួយពលរដ្ឋ បើជាកំហុសបឋម គប្បីទន់ភ្លន់ លើកដៃគោរពពន្យល់ពលរដ្ឋដោយចិត្តត្រជាក់ៗ ខ្ញុំក៏ធ្លាប់មានកំហុស​បឋមនៅស្រុកគេដែរ តែប៉ូលិសគេញញឹមគោរពខ្ញុំដូចមេទ័ព និងពន្យល់ខ្ញុំជាមួយវិក្កយបត្រពីកុំព្យូទ័រ។ ហ៊ឺ! ពិបាកពន្យល់ណាស់( ប៉ូលិស បើពលរដ្ឋមិនធ្វើអ្វីឱ្យមានកំហុសសោះ អស់លោកក៏គ្មានការងារនិងបុណ្យស័ក្ដិដែរ)»។

ទាំងនោះជាការលើកឡើងរបស់តារាចម្រៀងរូបនេះ និងក៏នៅមានប្រជាពលខ្មែរមួយចំនួនធំទៀតដែលមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះករណីមួយនេះ។

គួរបញ្ជាក់បន្ថែមដែរថា មកទល់ពេលនេះម៉ោងនេះ បុរសសមត្ថកិច្ចដែលប្រើអំពើហិង្សាដ៏គម្រក់ទៅនើមនុស្សស្រីនៅក្នុងឃ្លីបវីដេអូដ៏ល្បីសុះសាយនោះ ត្រូវបានគេដឹងថា មានឈ្មោះ កៅ សំអុល អាយុ 44ឆ្នាំ ជានគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ1 ឯស្ត្រីរងគ្រោះមានឈ្មោះ ឌី លីណា អាយុ 37ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា ហើយករណីនេះ ភាគីទាំង2 បានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ដោយឈ្មោះ កៅ សំអុលនឹងទទួលខុសត្រូវប្រសិនបើស្ត្រីរងគ្រោះមានបញ្ហាត្រង់ត្រចៀកនៅថ្ងៃខាងមុខ។

ព័ត៌មានបន្ថែម ៖  ពេលនេះមន្រ្តីសមត្ថកិច្ចដែលទះកំផ្លៀងមនុស្សស្រីម្នាក់នោះ ត្រូវបានឃាត់ខ្លួននៅស្នងការរាជធានីភ្នំពេញហើយ (សាធុ សមមុខហើយពូឯង!)

Advertisement