ក្រសួងអប់រំនឹងប្រើពេល 1សប្តាហ៍ដើម្បីដោះស្រាយបញ្ហាមិនសុខចិត្តរបស់សិស្សទូទាំងប្រទេស

បន្ទាប់ពីមានការកើតទុក្ខមិនសុខចិត្តពីសំណាក់សិស្សានុសិស្សនៅទូទាំងប្រទេសចំពោះ​លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ជាពិសេស​លើមុខវិជ្ជាគណិតវិទ្យានោះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញសេចក្តីប្រកាស​ឱ្យ​អ្នក​ចង់តវ៉ាទាំងអស់​ដាក់ពាក្យបណ្តឹងមកកាន់ក្រសួងដោយផ្ទាល់។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីប្រកាសកាលពីថ្ងៃពុធផងដែរថា ក្រសួងនឹងរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យ​ដោះស្រាយឡើងវិញចំពោះការមិនពេញចិត្ត លើលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង 20សីហា ឆ្នាំ2018 កន្លងទៅនោះ។

ចំពោះគណៈកម្មការ​កោសល្យវិច័យនេះ នឹងចាប់ផ្តើមដំណើរការងារចាប់ពីថ្ងៃទី12 ខែកញ្ញាទៅ ដោយចំណាយពេល 1សប្តាហ៍ដើម្បីដោះស្រាយ។

មជ្ឈដ្ឋានជាច្រើនកំពុងតែតាមដានមើលយ៉ាងល្អិតល្អន់ចំពោះការដោះស្រាយបញ្ហានេះ ខណៈសិស្សពូកែជាច្រើន រួមទាំងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាផង ក៏បានចូលរួមតវ៉ាផងដែរ ចំពោះលទ្ធផល​នៃការផ្ដល់ពិន្ទុគណិតវិទ្យាដែលភាគច្រើនមានផលប៉ះពាល់ថា ពួកដែលបាននិទ្ទេស F គឺដោយសារការទាញថយនៃពន្ទុគណិតវិទ្យាដែលធ្វើឱ្យលទ្ធផលការប្រឡងទាំងមូលរបស់គេធ្លាក់ចុះ ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការប្រឡងយកអាហារូបករណ៍ ប្រឡងចូលសាលាល្បីៗ ឬប្រឡង​ទៅសិក្សានៅក្រៅប្រទេសជាដើម៕

Advertisement