លោក​ឧកញ៉ា ចេង ខេង៖ ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ ត្រូវមាន​ជំនាញ​ជាមុន

ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ មិនមែនជា​រឿង​លំបាក​នោះទេ ប៉ុន្តែ​រឿង​ដែល​លំបាក គឺ​នៅពេល​ចូលប្រឡូក​ការងារ​នេះហើយ តែ​មិនអាច​រក​អតិថិជន​ទៅ​ទិញ​ដី ឬ​ផ្ទះ​បាន ដោយសារតែ​ខ្វះ​បទពិសោធ ឬ​ខ្វះ​ជំនាញ​វិជ្ជាជីវៈ។

លោក​ឧកញ៉ា​បាន​លើកឡើងថា កាលពី​អំឡុងពេល​ជាង 20ឆ្នាំមុន ភ្នាក់ងារ​អចលនទ្រព្យ​មិនបាន​រៀន​ជំនាញ​វិជ្ជាជីវៈ​នោះទេ ចេះ​ធ្វើតៗគ្នា បើសិនជា​ភ្ញៀវ​មករក​ទិញ ហើយ​មាន​ដី ឬ​ផ្ទះ​លក់​ទៅឱ្យគេ នោះ​នឹង​ទទួលបាន​កម្រៃជើងសា តែបើ​ភ្ញៀវ​មិន​មករក​ទេ ក៏​មិនមាន​កម្រៃជើងសា​ដែរ ហើយ​ការងារ​ប្រភេទ​នេះ​បាន​បាត់​ទៅវិញ​បន្តិចម្តងៗ ឬ​បាត់បង់​ទាំងស្រុង​តែម្ដង​មកទល់​សព្វថ្ងៃ។ ដូច្នេះ​ដើម្បីឱ្យ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ជោគជ័យ​ក្នុង​អាជីព មុននឹង​ចូលប្រឡូក​ក្នុង​កិច្ចការ​នេះ ត្រូវ​រៀន​ឱ្យ​ចេះ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ជាមុន ទាំង​ជំនាញ​លក់​និង​ជំនាញ​វាយតម្លៃ។

ឧទាហរណ៍​ថា បើសិនជា​យើង​ចេះ​វាយតម្លៃ​ដី យើង​ដឹង​ពី​តម្លៃ​ទីផ្សារ ហើយ​មាន​គេ​លក់​ក្រោម​ទីផ្សារ យើង​រក​អតិថិជន​មក​ទិញ នៅពេល​អតិថិជន​មក​ទិញ ហើយ​លក់​ចេញ ទទួលបាន​ប្រាក់ចំណេញ​ច្រើន ថ្ងៃក្រោយ​នៅពេល​គេ​ចង់​ទិញ គេ​ច្បាស់​ជា​មក​ពឹង​យើង​ឱ្យជួយរ​កដី រក​ផ្ទះ​ឱ្យគេ​ទៀត​មិន​ខាន។ ចំណែក​អ្នកលក់​នៅពេលដែល​គេ​លក់​ឆាប់​ដាច់ ថ្ងៃក្រោយ​គេ​ប្រាកដជា​មក​ពឹង​យើង​ឱ្យ​លក់​បន្ត​ឱ្យគេ​ទៀត​មិន​ខាន ដូច្នេះ​ការងារ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​ជំនាញ មិនចេះ​រីងស្ងួត​នោះទេ។

លោក​ថា ដើម្បី​ផ្តល់​ជា​បទពិសោធ និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ទូទាំងប្រទេស ក្រុមហ៊ុន​CPL នឹង​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​នៅ​ព្រឹក​ថ្ងៃ​សៅរ ទី27 ខែតុលា ឆ្នាំ2018នេះ ដែលមាន​សាស្ត្រាចារ្យ​មាន​ជំនាញ​ច្បាស់លាស់ និង​បទពិសោធ​យូរ​ឆ្នាំ​ចូលរួម​ផ្ទេរ​ចំណេះដឹង​របស់​ពួកគាត់​ទៅដល់​ភ្នាក់ងារ​ជំនាន់ក្រោយៗឱ្យ​កាន់តែ​ក្លាយជា​អ្នកជំនាញ​ច្បាស់លាស់​បន្ថែមទៀត៕

Advertisement