បច្ចេកវិទ្យាទំនើបរបស់ OPPO អាចតេរកគ្នាបាន ទោះជាអត់សេវាសោះក៏ដោយ

OPPO​ បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ថ្មី​ដែល​ទើប​ផលិត​ឡើង​ ដោយ​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ហៅ​ទូរស័ព្ទ​ ឬផ្ញើ​សារ​ទៅវិញទៅមក​បាន​ក្នុងរយៈ​ចម្ងាយ​ឆ្ងាយ​គួរសម​មួយ​ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ Wi​-Fi​ ឬ Bluetooth​ អ្វី​នោះ​ទេ​។បច្ចេកវិទ្យា​នេះ​មានឈ្មោះ​ថា​ MeshTalk​ ជា​ប្រព័ន្ធ​ដែល​មានការ​ការពារ​ខ្ពស់​មួយ​ ដែល​ OPPO​ និយាយ​ថា​ អាច​គ្របដណ្ដប់​ក្នុងរយៈ​ចម្ងាយ​ដល់​ 3គីឡូម៉ែត្រ​ (នៅ​ទីធ្លា​ខាងក្រៅ​) ឬអាច​ឆ្ងាយ​ជាង​នេះ​ បើ​ស្ថិតនៅ​ក្នុង​ទីប្រជុំជន​ដែល​អាច​បាញ់​ចេញ​សេវា​តាម​ឧបករណ៍​បាន​។ឧបករណ៍​ OPPO​ នឹងអាច​បង្កើត​បាន​ជា​ Local​ Area​ Network​ មួយ​ និង​អាច​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយគ្នា​ ដោយ​មិន​ត្រូវការ​អង់តែន​។

ក្រុមហ៊ុន​បាន​អះអាង​ថា​ MeshTalk​ មិន​មាន​ប៉ះពាល់​ដល់​ថ្ម​របស់​ឧបករណ៍​ឡើយ​ និង​មាន​គម្រោង​ថា​ នឹង​បញ្ចូល​បច្ចេកវិទ្យា​នេះ​ជាមួយ​ Mode​ Stanby​ 72ម៉ោង​ ដូច្នេះ​ទូរស័ព្ទ​នឹង​នៅតែ​អាច​ទំនាក់ទំនង​គ្នា​បាន​ ទោះជា​ពេល​ដែល​ថ្ម​នៅសល់​តិចតួច​ក៏ដោយ​។

ទោះ​មិនទាន់​មានការ​បញ្ជាក់​ថា​ បច្ចេកវិទ្យា​ MeshTalk​ នឹងអាច​ប្រើជា​មួយ​ស្មា​តហ្វូ​ន OPPO​ នា​ពេល​បច្ចុប្បន្ន​ ឬយ៉ាងណាក្ដី​ ក៏ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុងធ្វើការ​បង្ហាញមុខ​ក្នុង​កម្មវិធី​ MWC​ Shanghai​ ដែល​កំពុង​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី26​ ដល់28​ ខែមិថុនា​សប្ដាហ៍​នេះ​ដែរ​៕

Advertisement