Samsung Galaxy S10 5G 80ថ្ងៃ លក់បាន 1លានគ្រឿង

យោង​តាម​ប្រភព​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា​ ​ស្មាតហ្វូន​ត្រកូល​ Galaxy S10 ​របស់​ក្រុមហ៊ុន​ Samsung ​ម៉ូដែល 5G ​កំពុងលក់​ដាច់​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​ពោល​គឺ​ត្រឹមរយៈពេល 80​ថ្ងៃបន្ទាប់ពី​ការ​ប្រកាស​ ក្រុមហ៊ុនអាច​លក់​ចេញ​បាន​ចំនួន 1​លាន​គ្រឿង​បាត់​ទៅ​ហើយ។

​​បើ​គិត​ជា​មធ្យម ​ក្នុង​ 1​ថ្ងៃ​ Samsung ​លក់​បាន Galaxy S10 5G ​ចំនួន 15,000គ្រឿង។​ ចំនួន​នេះ​ គឺ​​ឈ្នះ​ដាច់​ឆ្ងាយ​ បើ​ធៀប​នឹង​​ LG ​ដែល​ប្រកាស​ចេញ​ម៉ូដែល LG V50 ThinQ មាន 5G ដូចគ្នាកាលពី​អំឡុង​ខែ​ឧសភា​ ដោយលក់​បាន​ត្រឹមតែ​ 280,000គ្រឿងប៉ុណ្ណោះ​គិត​មក​ដល់ពេលបច្ចុប្បន្ន​។

Galaxy S10 5G មិន​មែន​គ្រាន់​តែ​ Galaxy S10 Plus ប៉ុណ្ណោះទេដែល​មាន​បន្ថែម​សេវា​ 5G ​ ប៉ុន្តែ​វា​នៅមាន​ចំណុច​ដទៃ​ទៀត​លើស​ Galaxy S10 Plus ដូច​ជា​ ​មាន​កាមេរ៉ា​ 3D ចំនួន​ 2គ្រាប់ (ខាង​មុខ​1​/ខាង​ក្រោយ​1) មាន​អេក្រង់​ធំ​ជាង និង​មាន​ថ្ម​ធំ​ជាង​ (4500mAh ធៀប​នឹង​ 4100mAh) ជា​ដើម។ តម្លៃ​ស្មាតហ្វូន Galaxy S10 5G ជម្រើស RAM 8GB មេម៉ូរីម៉ាស៊ីន ​256GB ​តម្លៃ 1,220ដុល្លារ ​ចំណែក​ជម្រើស RAM 8GB មេម៉ូរីម៉ាស៊ីន 512GB តម្លៃ 1,360ដុល្លារ។ ​

សូម​បញ្ជាក់​​ថា ​​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា 5G ដំបូង​បង្អស់​ក្នុង​ពិភពលោក ​ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ច្រើន​ជាង5 ​កំពុង​ប្រតិបត្តិការ​លក់​កញ្ចប់​សេវា​អ៊ីនធើណិត ​ក៏​ដូច​ជា​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ​និង​ក្រុមហ៊ុន​ផលិតស្មាតហ្វូនធំៗដូចជា Samsung និង LG ជាដើម៕

Advertisement