មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

បេក្ខភាពប្រធានាធិបតីអាមេរិក Michael Bloomberg ថ្មីៗនេះ បានឱ្យដឹងថា លោក​ត្រៀមជាស្រេចក្នុងការចំណាយទ្រព្យធនផ្ទាល់ខ្លួនទាំងអស់ដើម្បីផ្ដួលប្រធានាធិបតីកំពុងកាន់អំណាច នោះ​គឺលោក Donald Trump នៅក្នុងការប្រជែងគ្នាចូលទៅកាន់​សេតវិមានក្នុង​ឆ្នាំ​2020 នេះ។

កំពូលមហាសេដ្ឋីរូបនេះក៏បានទាត់ចោលនូវការរិះគន់ពីគូប្រជែងនានាដែលចោទថា លោក​បាន​ប្រើប្រាស់អំណាចទឹកប្រាក់ដើម្បី “ទិញ” ការបោះឆ្នោត។ នេះបើយោងតាមសារព័ត៌មាន Reuters។

មួយរយៈពេលចុងក្រោយនេះ កំពូលមហាសេដ្ឋីលំដាប់ទី8 ក្នុងពិភពលោក(តាមចំណាត់​ថ្នាក់​របស់ទទស្សនាវដ្តី Forbes) លោក Bloomberg បានបង្ហាញមុខនៅស្ទើរគ្រប់ទំព័រ​សារព័ត៌​មាន ​និងបណ្ដាញសង្គម ជាមួយនឹងសារដែលថា លោកមាន “ឱកាសល្អបំផុត” ដើម្បីអាច​ “បណ្ដេញ”​​ ​លោក Trump ចេញពីសេតវិមាន។ លោក Bloomberg គឺជាបេក្ខជនប្រធានា​ធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលចំណាយប្រាក់ច្រើនបំផុតទៅលើការឃោសនា​រកសំឡេងឆ្នោត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក។

កាលពីចុងសប្ដាហ៍កន្លងទៅ លោក Bloomberg បានថ្លែងនៅលើរថយន្តក្រុងដែលកំពុង​ធ្វើយុទ្ធនា​​ការរកសំឡេងឆ្នោតថា៖ “អាទិភាពទី1 របស់ខ្ញុំ គឺការផ្ដួលលោក Donald Trump ខ្ញុំនឹងចំណាយទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ដើម្បីផ្ដួលគាត់ឱ្យបាន”។

ចំណែកតំណាងរាស្ដ្រ Elizabeth Warren ដែលជាបេក្ខនារីលំដាប់កំពូលរបស់បក្ស​ប្រជាធិប​តេយ្យដែរនោះ ធ្លាប់បានប្រកាសថា លោកស្រីនឹងលុបបំបាត់ឥទ្ធិពលនៃប្រាក់​កាសចេញពី​ឆាកនយោបាយ។ លោកស្រីបានរិះគន់យុទ្ធនាការឃោសនាដែលមានតម្លៃ 37លានដុល្លារ​នៅ​លើទូរទស្សន៍របស់លោក Bloomberg ថា អតីតអភិបាលក្រុង New York រូបនេះ កំពុង​ព្យាយាមប្រើលុយទិញប្រជាធិបតេយ្យអាមេរិក។

យចូលរួមក្នុងការប្រកួតប្រជែងយឺតជាងគេ និងបានខកខានក្នុងការប្រជែង 6លើកដំបូងៗ​របស់គណបក្សប្រជាធិបតេយ្យ លោក Bloomberg បច្ចុប្បន្នឈរលើលំដាប់លេខរៀងទី5 ក្នុង​ការស្ទង់មតិជាតិ បន្ទាប់ពីបេក្ខភាពប្រធានាធិបតី Joe Biden, Bernie Sanders, Elizabeth Warren និង Pete Buttigieg។

នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រៅពីសារខាងលើ លោក Bloomberg ក៏មាន​សារសំខាន់មួយទៀតដែរ នោះគឹ៖ “ខ្ញុំចេញមុខប្រជែងយកតំណែងប្រធានាធិបតី គឺដើម្បីផ្ដួល​លោក Trump និងដើម្បីកសាងទឹកដីអាមេរិកឡើងវិញ។ យើងនឹងមិនទុកឱ្យលោក Trump មានឱកាសកាន់អំណាចរបៀបជិះសេះលែងដៃរយៈពេល 4ឆ្នាំទៀតនោះទេ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement