Lee Hyori បកស្រាយ ហេតុអ្វីបាននាងគ្មានមិត្តភ័ក្ដិស្រីល្បីៗ

ថ្មីៗនេះ តារាចម្រៀងស្រី Lee Hyori និង IU បានបង្ហោះរូបភាពមួយចំនួននៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបង្ហាញអំពីការចាប់ផ្ដើមបង្កើតសម្ព័ន្ធភាពមិត្តភ័ក្តិស្រីនឹងគ្នានៅក្នុងឧស្សាហកម្មសិល្បៈចម្រៀង ក៏ប៉ុន្តែវាពិតជាពេលវេលាដ៏ពិបាកមួយដើម្បីបង្កើតមិត្តភ័ក្តិដែលយល់ចិត្តយល់ថ្លើមគ្នា។ យ៉ាងណាមិញអ្នកទាំងពីរមើលទៅទំនងជា មិត្តដែលស្និទ្ធស្នាលនឹងគ្នា ខណៈពេលសម្ដែងរឿង និងក្នុងកម្មវីធី Home Stay។

ដោយឡែកតារាស្រី Lee Hyori បានសារភាព និងប្រកាសថា ខ្លួននាងគ្មានមិត្តភ័ក្ដិស្រីល្បីៗនៅក្នុងពិភពសិល្បៈដូចគ្នាឡើយទោះជាក្នុងអំឡុងពេលដែលនាងកំពុងល្បីក៏ដោយ។ នាងបានពន្យល់ថា ការច្រណែន និងឈ្នានីស វារមែងតែងតែជារឿងពិបាកមួយសម្រាប់នាងក្នុងការបង្កើតមិត្តភ័ក្ដិ “នាងខ្ញុំពិតជាគ្មានមិត្តភ័ក្ដិស្រីល្បីៗទេ ហើយក្នុងអំឡុងពេលនៃការសម្ដែងរបស់នាងខ្ញុំពិតជាមានកម្មវិធីជាច្រើនដែលមានឱកាសបានជួបជាមួយតារាល្បីៗ និងមិត្តភ័ក្តិរបស់គេច្រើនណាស់ ប៉ុន្ដែនាងខ្ញុំគិតថា តើយើងគួរគិតថាខ្លួនឯងត្រូវតែបានគេអញ្ជើញ និងរាប់រកដែរឬទេ?” នេះបើតាមសម្ដីរបស់នាងដែលបានផ្ដល់បទសម្ភាស។

ទន្ទឹមគ្នានោះដែរ នាងក៏បានបញ្ជាក់បន្ថែមទៀតថា “ប្រសិនបើតារាល្បីៗ ធ្វើការនៅក្នុងវិស័យដូចគ្នានោះ វារាងលំបាកបន្ដិចក្នុងការបង្កើតសម្ព័ន្ធភាពល្អៗ និងស៊ីជម្រៅ យល់ចិត្តយល់ថ្លើមគ្នា តែវាហាក់បីដូចជាមានអារម្មណ៍ថា ការច្រណែន និងឈ្នានីស មានច្រើននៅក្នុងវិស័យមួយនេះ”៕

Advertisement