អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19

(ម៉ាឌ្រីដ, អេស្ប៉ាញ និងហ្សឺណែវ, ស្វីស)៖ កាលពីថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2020 អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទេសចរណ៍ និង Covid-19 ដោយបានអំពាវនាវឱ្យមានការទទួលខុសត្រូវ និងកិច្ចសម្របសម្រួល។ សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារដូចខាងក្រោម៖

ក្នុងខណះដែលការរីករាយដាលនៃជម្ងឺវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមាន អង្គការសុខភាពពិភពលោក និងអង្គការទេសចរណ៍ពិភពលោក ប្តេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងការធ្វើដំណើរ ទៅនឹងវិបត្តិ Covid-19 នេះ។

នៅថ្ងៃទី30 ខែមករា ឆ្នាំ2020 អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរាតត្បាតនៃ Covid-19 ជាភាពអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ ហើយបានដាក់ចេញនូវអនុសាសន៍បណ្តោះអាសន្នមួយចំនួន។ អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ឱ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ផ្អែកតាមព័ត៌មានទទួលបាននាពេលបច្ចុប្បន្ន។

អង្គការសុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានាយ៉ាងជិតស្និទ្ធ សំដៅពង្រីកឱ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លងនិងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សកលលោក ស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។

កិច្ចសហប្រតិបត្តិការជាគន្លឹះ

វិស័យទេសចរណ៍មានការប្តេជ្ញាមុតមាំ តម្កល់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ពលរដ្ឋជាអាទិភាព ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទីស្នូលយ៉ាងសំខាន់ក្នុងការធានាឱ្យវិស័យនេះ អាចចូលរួមទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព។

អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកកំពុងសហការប្រឹក្សាយោបល់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងដៃគូផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយឱ្យធានាបានការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឱ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និងពាណិជ្ចកម្មអន្តរជាតិ។

ការឆ្លើយតបពីវិស័យទេសចរណ៍ ទាមទារឱ្យមានការថ្លឹងថ្លែងសមស្របទៅតាមភាពគម្រាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឱ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍ មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅរបស់អង្គការសុខភាពពិភពលោក។

អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយគ្រប់សហគមន៍ទាំងអស់ និងប្រទេសទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្ននៃសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និងកាន់តែរឹងមាំ។

ការរឹតបន្តឹងលើការធ្វើដំណើរទាំងឡាយណាដែលឃ្លាតឆ្ងាយពីស្មារតីខាងលើ អាចបណ្តាលឲ្យមានការរំខានមិនចាំបាច់ដល់ចរាចរណ៍អន្តរជាតិ រួមទាំងផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍ផងដែរ។

ស្ថិតក្នុងដំណាក់កាលប្រឈមនេះ អង្គការសុខភាពពិភពលោកសូមចូលរួមជាមួយសហគមន៍អន្តរជាតិទាំងអស់ ដើម្បីរក្សាសាមគ្គីភាពជាមួយប្រទេសរងផលប៉ះពាល់នានា៕

ប្រភព៖ ក្រសួងទេសចរណ៍

Advertisement