រាជរដ្ឋាភិបាលកំណត់យកឆ្នាំ2020 ជាឆ្នាំ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការផាកពិន័យជា​ចម្បង

ភ្នំពេញ៖ ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា ឆ្នាំ​2020​នេះ ជា​ឆ្នាំ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ការផាកពិន័យជា​ចម្បង​ ខណៈដែលឆ្នាំ2019កន្លងទៅ​ជា​ឆ្នាំ​អប់រំ។

ថ្លែងនៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមករា ឆ្2020 នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ​សម្ដេច​ក្រឡាហោម ស ខេង បានលើកឡើងថា៖ “កន្លងមកយើង​យក​វិធាន​ការអប់រំ​ជាសំខាន់ ហើយ​ឆ្នាំ​2020 នេះ ខ្ញុំ​គិតថា គួរតែ​យើង​ដូរ​ចំណាត់ថ្នាក់​អាទិភាព ពី​ការអប់រំ ដែលជា​អាទិភាព​ចម្បង ទៅជា​ការអនុវត្ត​ច្បាប់​ជា​ចម្បង​។ បានន័យថា យើង​មិន​បោះបង់ចោល​វិធានការ​អប់រំ​ទេ តែ​នៅ​ឆ្នាំនេះ យើង​យក​ការអនុវត្ត​ច្បាប់​ជា​ចម្បង​។ ច្បាប់​បាន​ចាប់បង្ខំ​ឱ្យ​មនុស្ស​ទាំងអស់គ្នា គោរព អនុវត្ត ទោះបី​អ្នកនោះ បានដឹង ឬ​មិន​បានដឹង​ក៏ដោយ​។ មិនអាច​យក​លេស​ថា ច្បាប់​ហ្នឹង ខ្ញុំ​អត់​បានដឹង អត់​បាន​រៀន​ផង អីចឹង​ខ្ញុំ​អត់​មានទោស​ទេ​។ តែ​ច្បាប់ គឺ​ច្បាប់​ហើយ ចង់​អ្នកឯង​ដឹង ឬ​អ្នកឯង មិនដឹង គឺ​គេ​ធ្វើ​ហើយ​។ អីចឹង បាន​ខ្ញុំ​ថា យើង​ដូរ​អាទិភាព​របស់​យើង ពី​ការអប់រំ​ផ្សព្វផ្សាយ ជាសំខាន់ មក​ការអនុវត្ត​ជាសំខាន់​។ ប៉ុន្តែ​មិនមែន​បានន័យថា យើង​បោះបង់​ការអប់រំ​ផ្សព្វផ្សាយ​ទេ​។ គឺ​នៅតែ​យកចិត្តទុកដាក់​ជាប្រចាំ​អីចឹង​។ អានេះ ជាការ​ដូរ​នូវ​ទស្សនទាន​មួយ សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក”។ ​

កាលពី​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន 4,121លើក សម្លាប់​មនុស្ស 1,981​នាក់ និង​រងរបួស 6,141នាក់​។

​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញថា នៅក្នុង​ខែមករា ឆ្នាំ​2020 នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង​សរុប​ចំនួន 358​លើក បណ្តាល​ឱ្យ​ស្លាប់ 206​នាក់ និង​របួស 559​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង 206នាក់ គឺមាន 159​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព 116​នាក់​។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា នៅ​ថ្ងៃ​ចន្ទ ទី​០2​មីនា​ខាងមុខនេះ នឹងមាន​ការជួបប្រជុំ ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ ដើម្បី​បន្ថែម​ទោស​ប្បញ្ញត្តិ អំពី​ស្ថានភាព​ទម្ងន់ទោស ដែលមាន​ការបង្កើន​ប្រាក់​ផាកពិន័យ លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​។៕

Advertisement