Elon Musk ប្រកាស​ថា “បច្ចេក​វិទ្យា​សម្រាប់រថយន្ត​​បើក​បរ​ស្វ័យ​ប្រវត្ត​ទាំង​ស្រុង”​ នឹង​រួច​រាល់​ក្នុង​ឆ្នាំ​នេះ

Elon Musk ប្រកាស​ថា

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Tesla បន្ត​រក​បាន​ប្រាក់​ចំណេញ​​នៅក្នុង​ត្រី​មាស​ទី​2​ ដែល​នេះ​បាន​ជួយឱ្យ​មូលបត្រ​របស់​ Tesla កើន​ឡើង​យ៉ាង​ខ្ពស់​កាល​ពី​ម្សិល​មិញ​ (22​កក្កដា​)។

ក្រុម​ហ៊ុន​ Tesla កាលពី​ម្សិល​មិញ​បាន​ប្រកាស​ថា ខ្លួន​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​104​លាន​ដុល្លារ​ និង​ប្រាក់​ចំណេញ​ប្រតិបត្តិ​អាជីវ​កម្ម​ចំនួន​327​លាន​ដុល្លារ​ក្នុង​ត្រីមាស​​ទី​2​ បើ​ទោះ​ជា​ត្រូវ​បង្ខំ​ចត្តិ​បិទ​ទ្វារ​រោង​ចក្រនៅ​ Fremont រដ្ឋ​ California ក្នុង​រយៈ​ពេល​ជិត​ពាក់​កណ្ដាល​នៃ​ត្រី​មាស​មុន​។ ប្រាក់​ចំណេញ​ប្រតិបត្តិ​ការ​អាជីវ​កម្ម​ក្នុង​រយៈ​ពេល​12​ខែ​កន្លង​ទៅ​របស់​ Tesla បាន​ថយ​ចុះ​5​%។ ក្រុម​ហ៊ុន​នេះ​បាន​​ឱ្យ​ដឹង​ថា​ អត្រា​ថយ​ចុះ​នេះ​នឹង​កើន​ឡើងបន្ថែម​ទៀត​នៅ​ពេល​ខាងមុខ។

ការ​រក​បាន​ប្រាក់​ចំណេញ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​4​ត្រី​មាស​កន្លង​ទៅ​នេះ​ បាន​ជួយ​ឱ្យ​ Tesla មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​​ចូល​ទៅ​​កាន់​សន្ទស្សន៍​ S&P 500 (S&P 500 គឺជា​សន្ទស្សន៍​មូលបត្រ​មួយ​ដែល​វាស់​ស្ទង់​ប្រសិទ្ធ​ភាព​នៃ​ការ​ជួញ​ដូរ​មូលបត្រ​របស់​ក្រុម​ហ៊ុន​ធំៗ​ចំនួន​500​ ដែល​កំពុង​ធ្វើ​ការ​ជួញ​ដូរ​ក្នុង​ផ្សារ​ហ៊ុន​នានា​នៅ​សហ​រដ្ឋ​អាមេរិក​)។។ មូលបត្រ​របស់​ក្រុមហ៊ុន​នេះ​ កាល​ពី​ម្សិល​មិញ​បាន​កើន​4​%​ ក្នុង​ការ​ជួញ​ដូរ​ក្រៅ​ម៉ោង​ នាំ​ឱ្យ​វា​ឡើង​ថ្លៃ​ដល់​1,656​ដុល្លារ​ក្នុង​1​ហ៊ុន​។ ជា​សរុប​ រាប់​ចាប់​ពី​ដើម​ឆ្នាំ​ មូលបត្រ​ Tesla បាន​កើន​ឡើង​3​ដង​ ដែល​ក៏​បាន​ជួយ​ឱ្យ​​វា​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​ទុន​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោកផងដែរ​។

ក្នុង​ត្រី​មាស​ទី​2​ តួលេខ​រថយន្ត​ Tesla បាន​ថយ​ចុះ​5​% បើធៀប​ជាមួយ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ ប៉ុន្តែ អត្រា​ថយ​ចុះ​នេះ​តិច​ជាង​ឆ្ងាយ​ណាស់​បើ​ធៀប​ជាមួយ​នឹងអត្រា​​30​% ឬ​ច្រើន​ជាង​នេះ​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​នានា​ក្នុង​ពិភពលោក​។

CEO របស់​ Tesla លោក​ Elon Musk​ កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ថា ក្រុម​ហ៊ុន​នេះ​នឹង​សាង​សង់​រោង​ចក្រ​​បន្ទាប់​មួយ​ទៀត​នៅ​ Austin ក្នុង​រដ្ឋ​ Texas។

មហាសេដ្ឋី​ពិភពលោក​លំដាប់​ទី​5​រូប​នេះ​ ក៏​មាន​ការ​ជឿ​ជាក់​ខ្លាំង​ទៅ​លើ​សមត្ថ​ភាព​នៃ​ប្រព័ន្ធ​បើក​បរ​ស្វ័យ​ប្រវត្ត​របស់​រថយន្ត​ Tesla ផងដែរ។ លោក​រំពឹង​ថា ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ “បើក​បរស្វ័យ​ប្រវត្តទាំង​ស្រុង​” នឹង​រួច​រាល់​ជា​ស្ថាពរ​នៅ​ក្នុង​ឆ្នាំ​2020​នេះ​។ លោក​ Musk ថ្លែង​ថា “ជិត​ដល់​ពេល​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ពី​ផ្ទះ​មក​កាន់​ក្រុម​ហ៊ុន​ ដោយ​មិន​ចាំបាច់​ធ្វើ​អន្តរាគមន៍​អ្វី​នោះ​ឡើយ​”៕

ប្រភព៖ CNN

Advertisement