កម្ពុជា​-​ ​អាល្លឺម៉ង់​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន2​

​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ ​Christian​ ​Berger​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន2​ ​ដែល​មានតម្លៃ​ ​67.1​ ​លាន​អឺ​រ៉ូ​ ​ស្មើនឹង​ ​74លាន​ដុល្លារ​។​ ​

​ ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន2​ ​ដែល​មានតម្លៃ​ប្រមាណ​ ​74លាន​ដុល្លារ​នេះ​ ​នឹង​ត្រូវ​ប្រើ​ប្រស់​លើ​គម្រោង​ប្រសិទ្ធភាព​ថាមពល​ ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​ ​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ2018​ ​និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ2019​។​ ​
​ ​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​មានប្រសាសន៍​ថា​ ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ទាំង2​ ​តំណាង​ឱ្យ​ចំណងមិត្តភាព​ល្អ​ ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2​ ​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​
​ ​លោក​ ​Berger​ ​បាន​កត់សម្គាល់​ថា​ ​តំបន់​ ​និង​មនុស្ស​ដែល​ជួប​ការ​លំបាក​ ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​មួយ​នេះ​។​

​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី28​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ផ្តល់​ប្រាក់កម្ចី​សម្បទាន​ចំនួន​ ​30លាន​អឺ​រ៉ូ​ ​និង​ផ្តល់​ជំនួយ​ ​2លាន​អឺ​រ៉ូ​សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោង​ប្រសិទ្ធភាព​ថាមពល​ ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​ ​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ​ ​2018​។​

​ ​ប្រាក់កម្ចី​សម្បទាន​ ​30លាន​អឺ​រ៉ូ​ដំបូង​ដែល​ភាគី​អាល្លឺម៉ង់​ ​ហៅថា​ ​«​ឥណទាន​ការប្រាក់​កាត់បន្ថយ​»​ ​នឹង​ត្រូវ​ផ្តល់​ជូន​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​។​

​ ​លើស​ពីនេះ​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​នឹង​ផ្តល់​ប្រាក់កម្ចី​សម្បទាន​ចំនួន​ ​30លាន​អឺ​រ៉ូប​ន្ថែ​មទៀ​ត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​ប្រទេស​កម្ពុជា​ ​និង​ ​5.1លាន​អឺ​រ៉ូ​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​ជាក់លាក់​ក្រោម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ឆ្នាំ2019​។​

​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​ ​និង​កិច្ច​ព្រមព្រៀង​ប្រាក់កម្ចី​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​នៅពេល​ក្រោយ​ ​ដើម្បី​ទទួល​បាន​ឥណទាន​សម្រាប់​ការអនុវត្ត​គម្រោង​ប្រសិទ្ធភាព​ថាមពល​ ​សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​៕​

Advertisement