អាសន្ន​រោគ​​​កូរ៉ូណា​ COVID-19 កំពុង​ជួយ​ដល់​វិស័យ​ហិរញ្ញ​វត្ថុ​អនឡាញ

ការ​ដែល​ប្រជា​ជន​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​នៅ​ពេល​កើត​មាន​វិបត្តិ​សុខ​ភាព និង​ការ​ដែល​​​សាខា​ធនាគារ​ជា​ច្រើន​បាន​បិទទ្វារ​ ឬ​​ផ្អាក​ដំណើរ​ការ​ បាន​ជំរុញ​​ឱ្យសកម្ម​ភាព​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​តាម​អ៊ីនធើណិត​ មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។

ក្រោយ​ដំណើរការ​រអាក់​រអួល​ជា​ច្រើន​ខែព្រោះ​តែ​បាតុ​កម្ម ក្រុម​ហ៊ុន​ទាំង​ឡាយ​នៅ​ហុង​កុង​ក៏​ត្រូវ​ជាប់​គាំង​ក្នុង​ការ​ “ឡោម​ព័ទ្ធ​” នៃ​អាសន្នរោគ​កូរ៉ូណា​ COVID-19។ អាជ្ញា​ធរ​ទី​ក្រុង​ហុង​កុង​បាន​ព្រមាន​ថា សេដ្ឋ​កិច្ច​នឹង​ធ្លាក់​ចូល​ជ្រៅ​ទៅ​ក្នុង​ឱន​ភាព​។ ឆ្នាំ​2019 ទី​ក្រុង​ហុង​កុង​បាន​ជួបវិបត្តិ​សេដ្ឋ​កិច្ច​លើក​ដំបូង​ចាប់​តាំងពី​វិបត្តិហិរញ្ញវត្ថុសកល​នា​ឆ្នាំ​2008​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី សេវាកម្ម​អនឡាញ​នៅ​ទីក្រុង​ហុង​កុង​ បែរ​ជា​ឡើង​ “គ្រង​រាជ​” ទៅ​វិញ។ ធនាគារ​ Bank of China សាខា​ក្រុង​ហុង​កុង ថ្មី​ៗ​នេះ បាន​កត់​សម្គាល់​ឃើញ​ថា ចំនួន​អតិថិជន​ដែល​បាន​ចូល​ប្រើ​កម្មវិធី App របស់​ខ្លួន​ មាន​ការ​កើន​ឡើង​ច្រើន​។ AIA ក៏ទទួល​បាន​សំណួរ​ជា​ច្រើន​ទាក់​ទិន​នឹង​សេវា​កម្ម​។ ចំណែក​ Bank of East Asia ក៏​បាន​កត់​សម្គាល់​ឃើញ​ថា សេវា​ទូទាត់​តាម​អ៊ីនធើណិត​របស់​អតិថិ​ជន​ មាន​ការ​កើន​ឡើង​ខ្ពស់​ផងដែរ​។

“អាសន្នរោគ​ កំពុង​តែ​ពិសោធ​ទៅ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ហុងកុង។ អតិថិជន​កំពុង​តែ​ងាក​មក​ប្រើ​សេវា​កម្ម​ហិរញ្ញ​វត្ថុ​តាម​អ៊ីនធើណិត ជំនួស​ឱ្យ​ការ​ឈរ​រង់ចាំ​នៅ​មុខ​ធនាគារ​។ មក​ដល់​ពេល​នេះ​ បណ្ដា​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ​ នៅ​តែ​អាច​ដោះស្រាយ​ស្ថាន​ការណ៍​បាន​យ៉ាង​ល្អ​ប្រសើរ”។ នេះ​បើតាម​ការ​បក​ស្រាយ​របស់​ Kenny Ng Lai-yin អ្នក​ឯកទេស​ផ្នែក​យុទ្ធ​សាស្ត្រ​មូលបត្រ​នៃ​ក្រុមហ៊ុន Everbright Sun Hung Kai។

សាខា​នៃធនាគារក្នុង​ទីក្រុង​ហុង​កុង​ចំនួន​ពី 20-30% បាន​បិទ​ទ្វារ និង​ឱ្យ​បុគ្គលិក​ធ្វើ​ការ​នៅ​ឯផ្ទះ​រៀង​​ៗខ្លួន ដើម្បី​កាត់​បន្ថយ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា។ ប្រព័ន្ធ​ទូទាត់​រហ័ស (Faster Payment System) ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីខែ​កញ្ញា ឆ្នាំ​2018​ របស់​ហុងកុង​ នៅ​តែ​រីក​ចម្រើន​យ៉ាង​រលូន។ ប្រព័ន្ធ​ទូទាត់​រហ័ស​ ​​គឺជា​ប្រព័ន្ធ​ដែល​តភ្ជាប់​បណ្ដា​ធនាគារ​ជាមួយ​នឹង​បណ្ដា​ក្រុម​ហ៊ុន​គ្រប់​គ្រង​​កាបូប​អេឡិច​ត្រូនិក​ និង​ក្រុមចំន​ហ៊ុន​ផ្ដល់​សេវា​​ទូទាត់​តាម​អ៊ីនធើណិត​ (digital wallet ឬ e-Wallet) ក្នុង​បំណង​​បង្កើនចំនួន​នៃ​​ប្រតិបត្តិ​ការ។

គិត​មក​ដល់​ខែ​មករា ឆ្នាំ​2020 មាន​អតិថិជន​ប្រមាណជា​4,2លាន​នាក់ បាន​ចុះឈ្មោះ​ប្រើ​ប្រាស់​សេវា​ខាង​លើនេះ ពោល​គឺ​ប្រហែល​ជាង​ពាក់​កណ្ដាល​នៃ​ប្រជា​ជន​សរុប​នៅ​ហុង​កុង​។ កាល​ពី​ខែ​មុន ប្រតិ​បត្តិ​ការ​ហិរញ្ញវត្ថុ​ចំនួន​192,000​លើក ដែល​មាន​តម្លៃ​​2,5ពាន់​លាន​ដុល្លារ​ហុង​កុង (322លាន​ដុល្លារ​អាមេរិក​) ត្រូវ​បាន​ធ្វើ​ឡើង។ ប្រតិបត្តិ​ការ​នេះ​បាន​កើន​ឡើង​​3ដង បើ​ធៀប​នឹង​ខែ​ដំបូង​នៃ​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូទាត់​រហ័សនេះ​។

នៅ​ឯធនាគារ Bank of China វិញ ប្រតិ​បត្តិ​ការ​នៅលើ​ទូរស័ព្ទ​ភាគ​ច្រើន​គឺ​ការ​ផ្ទេរ​ប្រាក់ ទូទាត់​​វិក្កយ​បត្រ ផ្ញើ​ប្រាក់​សន្សំ ឬ​ប្ដូរ​រូបិយ​ប័ណ្ណ​​អន្តរ​ជាតិ​។ អ្នក​នាំ​ពាក្យ​របស់​ធនាគារ​ Bank of East Asia វិញ ថ្លែង​ថា​៖ “យើង​សូម​លើក​ទឹក​ចិត្ត​ឱ្យ​អតិថិជន​ ប្រើ​ប្រាស់​កម្មវិធីអនឡាញ ឬ​ App ​គ្រប់​ពេល​ ដើម្បី​កាត់​បន្ថយ​ចំនួន​អតិថិជន​ទៅ​កាន់​សាខា​ផ្ទាល់ និង​ទៅ​​ទី​សាធារណៈ ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​”។

Simon Loon សហ​ស្ថានិក​ និង​ជា​ CEO នៃ​ក្រុម​ហ៊ុន​សេវា​ផ្ដល់​ប្រាក់​កម្ចី​តាម​អ៊ីនធើណិត WeLab និង WeLend បាន​ឱ្យ​ដឹង​ថា ខ្ទង់​ប្រាក់​កម្ចី​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ក្រោយ​ពី​អាសន្នរោគ​បាន​ឆ្លង​រាល​ដាល​។ ខ្ទង់​ប្រាក់​កម្ចី​នៅ​លើ​WeLend បាន​កើន​ឡើង​24% កាល​ពី​ត្រី​មាស​កន្លង​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​នោះ​។ ចំណែក​អំឡុង​ពេល​ក្រោយ​ចូល​ឆ្នាំ​ចិន កំណើន​នៃ​ខ្ទង់​ប្រាក់​កម្ចី បាន​កើន​ឡើង​14% បើធៀប​នឹង​ឆ្នាំ​មុន​។

នេះ​គឺជា​ប្រតិកម្ម​ដែល​ត្រូវ​បាន​គេ​ព្យាករមុន​រួច​មមក​ហើយ។ ចំណែក​ឯបណ្ដា​ក្រុម​ហ៊ុន​ធានារ៉ាប់​រង ឬ​ក្រុម​ហ៊ុន​ទូទាត់​តាម​អនឡាញជា​ដើម​ ក៏​បាន​ស្គាល់​កំណើន​នៃ​ការ​ប្រើ​ប្រាស់​សេវា​កម្ម​របស់​ខ្លួន​នេះ​ដែរ​។

“ដំណាក់​កាល​ចាប់​ពី​ថ្ងៃទី​26មករា -9កុម្ភៈ អតិថិជន​នៃ​ក្រុម​ហ៊ុន AIA ប្រមាណ​ជា​60% បាន​ប្រើ​ប្រាស់សេវា​កម្ម​តាម​អ៊ីនធើណិត ដូចជា AIA Connect និង​គេហ​ទំព័រ AIA Hong Kong ជា​ដើម។ ចំនួន​នេះ កើន​20% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​2019″។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ Peter Crewe អគ្គនាយក​ប្រតិ​បត្តិ​នៃ​ក្រុង​ហ៊ុន​ AIA Hong Kong និង Macau។

​សារ​ព័ត៌មាន SCMP រាយ​ការណ៍​ថា Fred Ngan Yiu-fai សហ​ស្ថានិក និង​ជា​ CEO នៃ​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​​អនឡាញ Bowtie Inserance បាន​ប្រាប់​ថា​ “យើង​បាន​កត់​សម្គាល់​ឃើញ​ថា ប្រាក់​ចំណូល​បាន​កើន​ឡើង​3ដង​ក្នុង​រយៈ​ពេល​2សប្ដាហ៍​ដំបូង​នៃ​ខែ​កុម្ភៈ បើ​ធៀប​នឹង​ខែ​មុន​នោះ​។ នៅ​ពេល​គេ​ដឹង​ច្បាស់​អំពី​ផល​ប្រយោជន៍​នៃ​ការ​ទិញ​ដូរ​តាម​អ៊ីនធើណិត ពួកគេ​នឹង​បន្ត​ធ្វើ​បែប​នេះ​ត​​​ទៅ​ទៀត​”។

Blue ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់​រង​តាម​អនឡាញ​មួយ​ផ្សេង​ទៀត​ ក៏​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​ការ​ដែល​ប្រជាជន​បង្កើន​ការ​ការ​ពារ​សុខ​ភាព​។ អគ្គនាយក​ប្រតិបត្តិ​ Charles Hung ថ្លែង​ថា ចំនួន​ឯកសារ​ចុះ​ឈ្មោះ​ បាន​កើន​ឡើង​ទ្វេ​ដង។ ចំណែក​ក្រុម​ហ៊ុន​ Prudential វិញ ឱ្យ​ដឹង​ថា 90%​ នៃ​ឯកសារ​ស្នើ​សុំ​សំណង​កាល​ពី​អាទិត្យ​មុន ត្រូវ​បាន​បញ្ជូន​មក​ក្រុម​ហ៊ុន​តាមរយៈ​អនឡាញ។

ប៉ុន្តែ បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បណ្ដា​ក្រុម​ហ៊ុន​ឈ្មួញ​ជើង​សា​មូលបត្រ​​នៅ​ទីក្រុង​ហុ​ង​កុង​វិញ បែរ​ជាមិន​បាន​ទទួល​ផល​ប្រយោជន៍​ពីនិន្នា​ការ​ថ្មី​នេះ។ Gordon Tsui ដែលជា​ប្រធាន​សមាគម​នៃ​ក្រុម​ហ៊ុន​មូលបត្រ​ហុង​កុង​ បាន​ឱ្យ​ដឹង​ថា “អ្នក​វិនិយោគ​ភាគ​ច្រើន​ បាន​ងាក​ទៅ​ប្រើ​ប្រាស់​សេវា​ទូទាត់​តាម​អនឡាញ និង​តាម​ទូរស័ព្ទ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​”៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement