មហាសេដ្ឋី Bill Gates និង​ភរិយា លែងលះគ្នា​ហើយ!

មហាសេដ្ឋី​អាមេរិក Bill Gates និង​អ្នកស្រី Melinda ដែលជា​ស្វាមី-ភរិយា​មួយ​គួ ក្នុងចំណោម​គូស្នេហ៍​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក បាន​លែងលះគ្នា បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល 27ឆ្នាំ និង​មានកូន​បីនាក់។

«ក្រោយពី​បានគិត ពិចារណា​យ៉ាង​ល្អិន​ល្អន់​អំពី​ទំនាក់ទំនង យើង​បានសម្រេច​បញ្ចប់​សម្ព័ន្ធ​ភាព​អាពាហ៍ពិពាហ៍​នឹង​គ្នា» នេះ​បើតាម​ការប្រកាស​កាលពី​ថ្ងៃទី3 ខែឧសភា ឆ្នាំ2021 នៅលើ​គណនី​បណ្ដាញ​សង្គម Twitter របស់​ប្ដី-ប្រពន្ធ​មហាសេដ្ឋី Bill Gates។ មហាសេដ្ឋី Bill Gates គឺជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft។

«ក្នុងអំឡុង 27ឆ្នាំកន្លងមក យើង​បាន​ចិញ្ចឹម​បីបាច់​កូន​ចំនួន​បីនាក់​ប្រកបដោយ​ភាព​អស្ចារ្យ និង​បង្កើតបាន​អង្គការ​មួយ​ដែល​ធ្វើ​សកម្មភាព​ទូទាំង​សកលលោក ដើម្បី​ជួយ​ឱ្យ​គ្រប់គ្នា​មាន​ជីវភាព​ល្អប្រសើរ។ យើង​នៅតែ​ជឿជាក់​លើ​បេសកកម្ម​នោះ និង​នៅតែ​បន្តធ្វើ​កិច្ចការ​ទាំងនោះ​រួមគ្នា ប៉ុន្តែ លែង​ជឿជាក់ថា នឹង​អាច​រស់នៅ​ជា​ប្ដី-ប្រពន្ធ​នឹង​គ្នា​ទៀតហើយ ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត» ការប្រកាស​របស់​គ្រួសារ Bill Gates បាន​សរសេរ​ដូច្នេះ។

បច្ចុប្បន្ន គេ​មិនទាន់​ដឹង​លម្អិត​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ហិរញ្ញវត្ថុ ក្រោយ​ការ​លែងលះ​របស់​អ្នក​ទាំងពីរ​នៅឡើយ។ ពួកគេ​គឺជា​គូស្នេហ៍​មួយគូ​ក្នុងចំណោម​គូស្នេហ៍​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ប្រមាណ 130ពាន់​លាន​ដុល្លារ​អាមេរិក និង​មានកូន​ចំនួន​បីនាក់។ ការប្រកាស​បាន​បន្ថែម​ថា៖ «យើង​ស្នើ​ឱ្យមាន​បរិយាកាស និង​ភាព​ឯកជន​សម្រាប់​គ្រួសារ នៅពេល​ចាប់ផ្ដើម​កំណត់​គោលដៅ​ថ្មី​សម្រាប់​ជីវិត»។

យោងតាម​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដែល​ត្រូវបាន​ទស្សនាវដ្ដី Forbes ប្រកាស​កាលពី​ដើមខែ​មុន Bill Gates បច្ចុប្បន្ន មានទ្រព្យ 124ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​បានមកពី​ភាគហ៊ុន​នៅ Microsoft។ លោក Gates រកបាន 26ពាន់​លាន​ដុល្លារ​បន្ថែមទៀត ប៉ុន្តែ​ចំណាត់ថ្នាក់​នៅតែ​ធ្លាក់ចុះ​ពីរ​ថ្នាក់ ដោយ​ឈរ​លំដាប់​ទី​បួន​ក្នុង​តារាង​ចំណាត់ថ្នាក់​នេះ។

Bill និង Melinda គឺជា​សហប្រធាន និង​ជា​អ្នក​ដែល​ទទួលបាន​ទំនុកចិត្ត​បំផុត​របស់​អង្គការ​មនុស្សធម៌​ឯកជន​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក នោះ​គឺ​មូលនិធិ Bill and Melinda Gates មាន​ទីស្នាក់ការ​កណ្ដាល​​ស្ថិត​នៅ​​ក្នុង​ទី​ក្រុង​​ Seattle ក្នុង​រដ្ឋ Washington ដែល​ពួកគេ​បាន​បង្កើត​កាលពី​ឆ្នាំ2000។ ដំណាច់ឆ្នាំ2019 មូលនិធិ​នេះ​មានទ្រព្យ 43.3ពាន់​លាន​ដុល្លារ​អាមេរិក។

គ្រួសារ​ Bill Gates

លោក Bill Gates អាយុ65ឆ្នាំ និង​អ្នកស្រី Melinda Gates អាយុ56ឆ្នាំ បាន​បរិច្ចាគ​ទ្រព្យ​ដែលមាន​តម្លៃ​ប្រមាណ​ជាង 36ពាន់​លាន​ដុល្លារ​អាមេរិក​ទៅឱ្យ​មូលនិធិ​ខាងលើ រាប់​ចាប់ពី​ឆ្នាំ1994 ដល់​ឆ្នាំ2018។

មូលនិធិ​ខាងលើ ផ្ដោត​សំខាន់​ទៅលើ​វិស័យ​សុខាភិបាល​សាធារណៈ អប់រំ និង​អាកាសធាតុ។ ប៉ុន្តែ មូលនិធិ​នេះ​មិនទាន់មាន​យោបល់​អ្វី​ចំពោះ​របៀប​ដំណើរការ​របស់ខ្លួន ក្រោយពី​ការលែង​លះ​របស់​ប្ដី-ប្រពន្ធ Bill Gates នៅឡើយ។

ការលែង​លះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ កើតឡើង​បន្ទាប់ពី​ស្ថាបនិក​របស់ Amazon គឺ​លោក Jeff Bezos ប្រកាសថា លោក និង​ភរិយា MacKenzie បានសម្រេច «ចែកផ្លូវ​គ្នា»។

លោក Bill Gates បាន​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Harvard ដើម្បី​បង្កើត​ក្រុមហ៊ុន Microsoft ជាមួយនឹង​មិត្ត​រួម​ថ្នាក់ Paul Allen កាលពី​ឆ្នាំ1975។ Gates កាន់កាប់​ភាគហ៊ុន 49% របស់ Microsoft ក្នុង​ឆ្នាំ1986 ធ្វើឱ្យ​លោក​ក្លាយជា​សេដ្ឋីភ្លាម។ ការរីកចម្រើន​ខ្លាំង​របស់ Microsoft បាន​ជួយ​ឱ្យ​លោក​ក្លាយជា​អ្នកមាន​ជាងគេ​ម្នាក់​ក្នុង​ពិភពលោក ដោយ​ប្រើពេល​យ៉ាងខ្លី។

លោក Gates បាន​លាលែង​ពី​តំណែង​នាយក​ប្រតិបត្តិ​កាលពី​ឆ្នាំ2000 ដើម្បី​ផ្ដោតទៅលើ​កិច្ចការ​មនុស្សធម៌ ប៉ុន្តែ លោក​នៅតែ​កាន់កាប់​តំណែង​ប្រធាន​រហូតដល់​ឆ្នាំ2014 និង​បាន​ចាក​ចេញពី​ក្រុមប្រឹក្សាភិបាល​របស់ Microsoft កាលពី​ខែមីនា ឆ្នាំ2020។

ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ លោក Bill Gates ភាគច្រើន​លើកឡើង​អំពី​បញ្ហា​ក្រីក្រ សុខាភិបាល ក៏ដូចជា​បញ្ហា Covid-19។ កាលពី​ឆ្នាំមុន មូលនិធិ Bill and Melinda Gates បាន​សន្យា​ផ្ដល់ជំនួយ​ប្រមាណ 250លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស​Covid-19 ក្នុងនោះ​ក៏មាន​ជំនួយ​សម្រាប់​ចែករំលែក​វ៉ាក់សាំង​ទៅឱ្យ​តំបន់​អាហ្វ្រិក និង​អាស៊ី​ផងដែរ។

Melinda Gates ថ្មីៗនេះ បាន​ហៅ​ខ្លួនឯង​ថា Melinda French Gates។ អ្នកស្រី​បានចាប់កំណើត​នៅក្នុង​ទីក្រុង Dallas នៃ​រដ្ឋ Texas សហរដ្ឋអាមេរិក និង​បាន​សិក្សា​ជំនាញ​ផ្នែក​កុំព្យូទ័រ និង​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Duke។ អ្នកស្រី​បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន Microsoft និង​បាន​ជួប Gates កាលពី​ឆ្នាំ1987 ហើយ​បាន​រៀបការ​ជាមួយគ្នា​កាលពី​ឆ្នាំ1994។ ឆ្នាំ2015 អ្នកស្រី​បាន​បង្កើត Pivotal Ventures ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​ដែល​ផ្ដោតទៅលើ​កិច្ចការ​ទាក់ទិន​នឹង​ស្ត្រី៕

ប្រភព៖ Reuters, AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement