អ្នកវិនិយោគ​នឹងមិន​ទុកឱ្យ​អគារ Golden Tower 42 នៅជាប់​គាំង​ដូច្នេះ​ទេ

ភ្នំពេញ គម្រោង​អភិវឌ្ឍន៍​ក្រោម​ទុនវិនិយោគ 240លាន​ដុល្លារ​អាមេរិក Golden Tower 42 ដែល​ធ្លាប់តែ​ទុកចោល រហូត​គេ​គិតថា គម្រោង​ដ៍​ធំ​ដំបូង​គេ​នៅក្នុង​រាជធានី​មួយ​នេះ​នឹង​លែង​ដំណើរការ តែថ្មីៗនេះ​ត្រូវបាន​ម​ន្រី្ដ​ជំនាញ​បញ្ជាក់ថា គេ​នឹងមិន​ទុក​គម្រោង​នេះ​ឱ្យនៅ​ជាប់គាំង​បែប​ហ្នឹង​ទេ។

ពាក់ព័ន្ធ​គម្រោង​នេះ​អគ្គនាយក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន YONWOO CAMBODIA Co., Ltd. ដែលជា​ម្ចាស់​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Gold Tower42 ក៏​ធ្លាប់បាន​ផ្ញើលិខិត​ផ្លូវការ​មួយដង​ជា​ពីរដង​រួចមកហើយ​មកកាន់​ទីស្ដីកា​រ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដើម្បី​ស្នើសុំ​បន្ត​សាងសង់​អគារ​នេះ​ទ្បើង​វិញ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ2016 ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅតែ​មិនទាន់​ឃើញ​មាន​ដំណើរការ​អ្វី​ឡើយ។

ឯកឧត្ដម ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើងថា គេ​មិនអាច​ទុកឱ្យ​គម្រោង​ដ៏​ធំ​មួយ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នោះទេ។ ឯកឧត្ដម​បន្ដថា៖ «សូម​បងប្អូន​មេ​ត្ដា​ជឿ​ចុះ រឿង​អគារ 42 ជាន់​នេះ​គឺ​ម្ចាស់​គម្រោង​នៅតែ​ព្យាយាម​ខិតខំ​ធ្វើឱ្យមាន​ការអភិវឌ្ឍ អត់​មាន​ឈប់​អ៊ីចឹង​ទេ ហើយ​ក្រសួង​ក៏បាន​ទទួល​លិខិត​របស់​ក្រុមហ៊ុន​ថា យ៉ាងនេះ​យ៉ាងនោះ​ដែរ ប៉ុន្ដែ​យើង​ក៏បាន​ធ្វើការ​ឆ្លើយតប​ទៅវិញ ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍឆាប់ៗដើម្បី​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​បន្ថែមទៀត»។

អនុរដ្ឋលេខាធិការ​បា​ន​បន្តទៀតថា អគារខ្ពស់ៗមួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ត្រូវ​ជាប់គាំង​ដែរ​ព្រោះ​អគារ​មួយចំនួន​ត្រូវការ​កែតម្រូវ​ប្លង់។ គម្រោង​ខ្លះទៀត​ត្រូវបាន​ម្ចាស់​ស្វែងរក​ដៃគូ​ថ្មី អគារ​ខ្លះទៀត​ពាក់ព័ន្ធ​ផ្លូវច្បាប់។ អ៊ីចឹង​ហើយ​ទើប​ធ្វើឱ្យ​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវតែ​សិក្សា​ឱ្យ​ច្បាស់លាស់​ទើប​គេ​ដំណើរការ​ទៅមុខទៀត។ ទោះជា​យ៉ាងនេះ​ក្ដី គម្រោង Gold Tower42 ដែល​ទុកចោល​រាប់​ឆ្នាំនេះ គេ​ពុំទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការផ្អាក​ការសាងសង់​នៅឡើយ​ទេ។

ឯកឧត្ដម ឡៅ ទិព្វ​សីហា បញ្ជាក់ថា មិនអាច​បញ្ជាក់​ពី​ឧបសគ្គ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​ដំណើរការ​នេះឡើយ ប៉ុន្ដែ​ឯកឧត្ដម រំពឹងថា ដំណើរការ​អភិវឌ្ឍន៍​គម្រោង​នឹង​កើតឡើង​នៅឆ្នាំក្រោយ។

ទោះជា​គម្រោង​នេះ​ត្រូវ​ទុកចោល​រាប់​ឆ្នាំ​មិនទាន់​ដំណើរការ​ទៀត​ក៏ដោយ ក៏​ត្រូវបាន​ឯកឧត្ដម ឡៅ ទិព្វ​សីហា បញ្ជាក់ថា គម្រោង​នេះ​ក៏មាន​ក្រុមហ៊ុន​ថែទាំ​សោភ័ណភាព និង​គុណភាព​នៃ​សំណង់​អគារ​ទាំងមូល​ឱ្យ​រក្សាបាន​ភាព​យូរអង្វែង​ដែរ​ដោយ​មិន​ទុកឱ្យ​វា​ទ្រុឌទ្រោម​ទៅតាម​ពេលវេលា​នោះឡើយ។ គម្រោង Gold Tower42 ជា​អតីត​គម្រោង​អគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ចុងឆ្នាំ 2008 និង​បានចាប់ផ្តើម​ឡើងវិញ​នៅ​ឆ្នាំ 2010 ដែល​បាន​សាងសង់​រហូតដល់​ជាន់​ទី32 និង​បន្ទាប់មក​ក៏បាន​ផ្អាក​រហូតមកទល់​ពេលនេះ៕

Advertisement