ដំណើរកម្សាន្តបោះជំរំបែបផ្សងព្រេងរបស់អតិថិជន FORD “FORD Adventure ២០២១” ឆ្ពោះទៅកាន់ទឹកធ្លាក់ថ្មដា ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់

 

ដំណើរកម្សាន្ត FORD Adventure ២០២១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានរយៈពេល៣ថ្ងៃ ២យប់ ក្រោមការចូលរួមពីសំណាក់អតិថិជន FORD ចំនួន៧០រថយន្ត ដោយធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទឹកធ្លាក់ថ្មដា ភ្នំ១៥០០ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដំណើរកម្សាន្តដ៏រីករាយនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក FORD មកកាន់ទីផ្សារប្រទេសកម្ពុជា និងសហការជាមួយធនាគារ KB Daehan (KB Daehan Specialized Bank Plc) ជាធនាគារដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អនៅក្នុងប្រទេសកម្ពុជា ជាពិសេសឥណទានទិញរថយន្តថ្មី។

ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០២១នេះ មានភាពអធិកអធមណាស់ ទោះជាដំណើរកម្សាន្តលើកនេះមានលក្ខណៈតូចជាងឆ្នាំមុនៗក៏ដោយ តែគឺពេញដោយភាពសប្បាយរីករាយ និងភាពស្និតស្នាលគ្នារវាងអ្នកចូលរួមទាំងអស់ ក្រោមការរៀបចំកម្មវិធីកម្សាន្តជាច្រើនពីសំណាក់ក្រុមហ៊ុន ដែលមានដូចជា ការបោះតង់គេងជុំគ្នា ការជិះរថយន្ត FORD ជាក្បួនប្រមាណ៧០គ្រឿងធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ទេសចរបែបធម្មជាតិថ្មីមួយនៅលើទឹកដីប្រទេសកម្ពុជា ដែលមានទេសភាពដ៏ស្រស់ត្រកាល និងមានអាកាសធាតុត្រជាក់ចិត្ត ត្រជាក់កាយ អមដោយព្រៃភ្នំពណ៌បៃតងស្រស់ មានផ្លូវបត់បែនដូចអន្ទង់ ហើយតាមរយៈការធ្វើដំណើរលើកនេះ អតិថិជន FORD ទាំងអស់ក៏បានទទួលនូវបទពិសោធន៍​ថ្មីក្នុងការបើកបរលើប្រភេទផ្លូវដែលមានភាពបត់បែនច្រើន និងបានទៅទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីកម្ពុជាយើងមិនតិចនោះទេ។ ក្រៅពីការរីករាយជាមួយការធ្វើដំណើរ និងទេសភាពនៅតាមដងផ្លូវ អ្នកចូលរួមទាំងអស់ក៏បានរីករាយកម្សាន្តជាមួយនឹងការងូតទឹកអូរលេងជុំគ្នា ការថតរូបលេងជាមួយទេសភាពដ៏ស្រស់ស្អាតនៅរមណីដ្ឋានកែច្នៃដែលមានឈ្មោះថា កាហ្វេភ្នំ ដែលស្ថិតនៅលើភ្នំ១៥០០ និងការទស្សនាព្រំដែនថ្មដា ដែលជាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ ចំណែកឯនៅពេលរាត្រីចូលមកដល់ អ្នកចូលរួមនៅក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារ FORD Adventure ឆ្នាំ២០២១ទាំងអស់ ក៏ទទួលបាននូវភាពរីករាយប្លែកអារម្មណ៍មួយបែបទៀត ជាមួយនឹងការច្រៀងរាំកម្សាន្តជួបជុំគ្នាវិញម្តង ដែលកម្មវិធីទាំងនេះបានញ៉ាំងឱ្យដំណើរកម្សាន្តលើកនេះកាន់តែមានភាពសប្បាយរីករាយ ប្រកបដោយអត្ថន័យ និងពេញដោយការចងចាំល្អៗ។

គួរបញ្ជាក់ផងដែរថា គ្រប់កម្មវិធីដំណើរកម្សាន្ត FORD Adventure ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) មិនដែលឱ្យរំលងនោះទេ គឺក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជានិច្ច ដើម្បីជាការចូលរួមជួយប្រទេសជាតិ និងជួយដល់ជនទុរគត ដែលកំពុងជួបនឹងការលំបាកនៅក្នុងការរស់នៅ។ ការផ្សារភ្ជាប់ភាពរីករាយនៃដំណើរកម្សាន្ត ជាមួយនឹងការងារសប្បុរធម៌បែបនេះ គឺជាការបណ្តុះគំនិតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យចេះជួយគ្នាទៅវិញទៅមក ឱ្យមានសេចក្តីសន្តោសប្រណីដល់ជនទីទាល់ក្រ និងឱ្យពួកគេចេះស្រឡាញ់រាប់អានគ្នាដោយមិនរើសអើងពីឋានៈផងដែរ។

ព្រឹត្តិការណ៍ដំណើរកម្សាន្ត FORD Adventure ប្រចាំឆ្នាំ២០២១នេះ គឺពិតជាពិសេស និងពេញដោយភាពសប្បាយរីករាយខ្លាំងណាស់ អតិថិជនរថយន្ត FORD ទាំងអស់បានទទួលនូវការសម្រាកជួបជុំគ្រួសារ និងស្គាល់មិត្តភក្តិថ្មីៗជាច្រើនពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ព្រមទាំងបានស្គាល់ពីទឹកដីថ្មីនៃស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ផងដែរ។ លើសពីនេះទៅទៀត ទាំងអតិថិជនរថយន្ត FORD ទាំងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមនៅក្នុងដំណើរកម្សាន្តលើកនេះ មានការពេញចិត្តចំពោះការរៀនចំ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ក្រុមការងារនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ក្រៃលែង គឺទាំងកន្លែងដែលបានទៅដើរលេងកម្សាន្ត ទាំងកន្លែងស្នាក់នៅ ទាំងអាហារហូបចុក ទាំងកម្មវិធីកម្សាន្តផ្សេងៗពេញរយៈពេល៣ថ្ងៃ ២យប់នេះ គឺល្អខ្លាំងណាស់ សប្បាយប្លែកអារម្មណ៍តែម្តង នេះជាកាដូដ៏មានអត្ថន័យរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជូនដល់អតិថិជនដែលតែងតែគាំទ្រដល់រថយន្ត FORD ក្នុងឆ្នាំ២០២១នេះ៕

Advertisement