ការអភិរក្ស​តំបន់​អេកូ​ទេសចរណ៍ បានធ្វើឱ្យ​ប្រជាជន​ប្ដូរ​ឥរិយាបថ​ឈប់​កាប់​ព្រៃឈើ និង​ឈប់​ប្រមាញ់​សត្វ

កន្លងមក​មាន​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​រស់​នៅតាម​តំបន់​ព្រៃភ្នំ​បាន​ចិញ្ចឹមជីវិត​ដោយ​ពឹងផ្អែក​ការ​លើ​ការរកចំណូល​បាន​ពី​អនុផល និង​កាប់​ព្រៃឈើ និង​ប្រមាញ់​សត្វ​ជាដើម ប៉ុន្ដែ​ក្រោយពី​មានការ​អភិវឌ្ឍ​លើ​វិស័យ​អេកូ​ទេសចរណ៍​មក ប្រជាជន​ទាំងនោះ​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​មក​ស្រឡាញ់ និង​ថែរក្សា​ធម្មជាតិ​ដើម្បី​ទាញយក​ប្រាក់ចំណូល​ជាជាង​កាប់បំផ្លាញ​ព្រៃឈើ និង​ធម្មជាតិ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា អេកូ​ទេសចរណ៍​ជា​ផ្នែក​មួយ​នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ ឬ​ជា​សកម្មភាព​ទេសចរណ៍​ទៅក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ដែលមាន​ការទទួលខុសត្រូវ។ វិស័យនេះ​ត្រូវបាន​ពិភពលោក ពិសេស​អង្គការ​ទេសចរណ៍​ពិភពលោក​យក​ចិ​ត្ដ​ទុកដាក់ និង​ណែនាំ​ទៅគ្រប់​ប្រទេស​ទាំងអស់​ឱ្យមាន​ការយក​ចិ​ត្ដ​ទុកដាក់​លើ​វិស័យនេះ ព្រោះ​វិស័យនេះ​អាចរួមចំណែក​ទប់​អត្រា​ការកើនឡើង​នៃ​កម្ដៅ​ភពផែនដី​បាន និង​ថែមទាំង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ​ការកាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​បាន​ទៀតផង ដូច្នេះហើយ​ទើប​វិស័យ​អេកូ​ទេសចរណ៍​មានការ​កើនឡើង​ក្នុង​រង្វង់20%  ខណៈដែល​វិស័យ​ទេសចរណ៍វប្បធម៌​កើនឡើង​ក្នុង​រង្វង់8%។

Advertisement

លោក​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បានបញ្ជាក់​ទៀតថា មូលហេតុ​ដែល​វិស័យ​អេកូ​ទេសចរណ៍​មានការ​ពាក់ព័ន្ធ និង​អាចជួយ​ទប់ស្កាត់​ការកើនឡើង​នៃ​កម្ដៅ​ផែនដី​នោះ  ព្រោះ​នៅពេល​ក្រុម​ភ្ញៀវទេសចរ​ទៅដល់​កន្លែង​មួយ​ដែលមាន​តំបន់​អេកូ​ទេសចរណ៍  សហគមន៍ និង​ប្រជាជន​ដែល​រស់នៅ​ទីនោះ​នឹង​ទទួលបាន​ចំណូល​ពី​ធនធានធម្មជាតិ​ទាំងអស់នោះ។

ឯកឧត្ដម ថោង ខុន បញ្ជាក់ថា៖ «សព្វថ្ងៃ​បើ​គ្មាន​សកម្មភាព​ទេសចរណ៍​នៅ​ទីនោះ (តំបន់​អេកូ​ទេសចរណ៍) ប្រជាជន​បាន​ចំណូល​ពី​ព្រៃឈើ​តាមរយៈ​ការ​បោច​វ​ល្លិ៍ (អនុផល​ព្រៃឈើ) ប៉ុន្ដែ​ជួនកាល​ពួកគាត់​អាច​ទៅ​ហួស​ពី​ការ​បោច​វ​ល្លិ៍ ឈានទៅដល់​ការកាប់​ព្រៃឈើ និង​ប្រមាញ់​សត្វព្រៃ​ជាដើម ដូច្នេះ​យើង​អត់​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​បែបនេះ​ទេ គឺ​ពួកគេ​ត្រូវ​រក្សាទុក​ព្រៃឈើ រក្សាទុក​សត្វព្រៃស្អាតៗឱ្យ​ភ្ញៀវទេសចរ​មើល​កម្សាន្ត ព្រោះ​នៅពេល​ភ្ញៀវទេសចរ​ទៅដល់​ទីនោះ ការចំណាយ​របស់​ពួកគាត់​នឹង​បាន​ចូលទៅ​ដល់ដៃ​របស់​ប្រជាជន​រស់នៅក្នុង​សហគមន៍​របស់​ពួកគាត់​ផ្ទាល់ ដូច្នេះ​គាត់​ឈប់​បាញ់​សត្វ គាត់​ឈប់​កាប់​ឈើ ហើយ​ប្ដូរ​ឥរិយាបថ​ងាក​មកជួយ​ការពារ​ធនធានធម្មជាតិ​ទាំងនោះ​វិញ​ម្ដង»។

ជាមួយគ្នានេះ ឯកឧត្ដម​បានបង្ហាញ​ពី​អំណះអំណាង​ថា៖ «ដូចជា​ប្រជាជន​រស់នៅ​តំបន់​ជី​ផាត តំបន់​ម្លប់​បៃតង និង​កន្លែង​ដទៃទៀត ពួកគាត់​បានបង្ហាញ​ពី​អារម្មណ៍​ថា គាត់​អត់​ចង់​បាញ់សម្លាប់​សត្វព្រៃ​ទេ គាត់​មិន​ចង់​កាប់​ព្រៃឈើ​ទេ តែ​អ្វីដែល​គាត់​ចង់បាន​គឺ​លុយ ដូច្នេះ​បើ​គាត់​អាច​រកលុយ​បាន​ពី​ទេសចរ​ណ៍ហើយ មានរឿង​អី​ដែល​គាត់​ត្រូវ​ទៅ​កាប់​ព្រៃឈើ និង​សម្លាប់​សត្វព្រៃ​ទៀត ដូច្នេះ​ការបញ្ជ្រាប​ចូល​ចំណេះដឹង និង​ការអភិរក្ស​តំបន់​អេកូ​ទេសចរណ៍​ពិត​បាន​ទទួលបាន​លទ្ធ​ផល​ល្អ​មែន»៕

Advertisement