ស្ថានីយ​បូមទឹក​ថ្មី​នឹង​ធ្វើឱ្យ​ភ្នំពេញ​លែង​លិចលង់

ភ្នំពេញ៖ ស្រប​ពេលដែល​ជំនន់​ទឹកភ្លៀង​បានកើត​ឡើងជា​បន្តបន្ទាប់​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ និង​បាន​បង្កឱ្យមាន​ការ​លិច​ផ្លូវ និង​ផ្ទះសំបែង​ជាច្រើន​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​កន្លងមក  ដើម្បី​ទប់ស្កាត់​ការលិចលង់​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានប្រកាសថា​នឹង​សាងសង់​ស្ថានីយ​បូមទឹក​មួយកន្លែង​ទៀត​ដែលមាន​សមត្ថភាព​អាច​រំដោះ​ទឹកភ្លៀង​ចេញ​បាន​ដល់​ទៅ 3 ខណ្ឌ។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បានឱ្យដឹងថា ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ទីក្រុង​ដោយសារ​ទឹកភ្លៀង អាជ្ញាធរ​រាជធានី​បានសម្រេច​ជាបន្ទាន់​មួយ​លើ​គម្រោង​សាងសង់​ស្ថានីយ​បូមទឹក​មួយកន្លែង​ទៀត​ស្ថិតនៅ​ទីតាំង​លូ​ប្រាំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង រួម​នឹង​ការស្តារ​ប្រឡាយ​មេ​ជាច្រើន​ខ្សែ​ទៀត​ក្នុង​តំបន់​នោះ ដូចជា​ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង ជាដើម។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​នោះ​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ក្រោយពី​បាន​ចុះ​សិក្សា​ធ្វើការ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង​បន្ទាប់ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​រួចមក ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ដាក់​គ្រឿងចក្រ​ដើម្បី​ស្តារ​ប្រឡាយ​មេ​ទាំងនោះ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​បន្ទាន់ ហើយ​ត្រៀម​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​មួយទៀត​ក្នុងពេលឆាប់ៗនេះ​តែម្តង។

ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សិក្សា​ជា​កញ្ចប់​លើ​ការដោះស្រាយ​បញ្ហា​លិចលង់​នេះ ដែល​រំពឹងថា​ក្រោយ​ការជីក​ស្តារ​ប្រឡាយ​មេ​ទាំង 3​ខាង​លើ និង​ក្រោយពី​សាងសង់​ស្ថានីយ​បូមទឹក​នេះ​រួច នៅ​ឆ្នាំក្រោយ បើ​ស្ថានភាព​ភ្លៀង​មាន​ដូច​ឆ្នាំនេះ​ទៀត វា​នឹង​អាច​រំដោះ​ជំនន់​ទឹកភ្លៀង​បាន​យ៉ាង​ល្អប្រសើរ និង​អាច​រំដោះ​ទឹកបាន​ទាន់ពេលវេលា​បញ្ចៀស​ការ​លិចលង់​ដូច​បច្ចុប្បន្ន​បាន​យ៉ាង​ទាន់ពេលវេលា។

សូម​ជម្រាប​ផងដែរ នេះ​គឺជា​គម្រោង​ស្តារ​បើកមុខ​ប្រឡាយ​ដាក់​បណ្តាញ​លូ​ប្រអប់​ថ្មី​ដែលមាន​ទំហំ​ចន្លោះ​ចាប់ពី 2.50ម៉ែត្រ ដល់ 6ម៉ែត្រ៕

Advertisement