ស្ពាន​អាកាស​ពីរ​ទៀត​នឹង​បង្ហាញ​វត្ដ​មាន​ក្នុង​រាជធានី​ភ្នំពេញឆាប់ៗនេះ

ភ្នំពេញ – ជា​ដំណោះស្រាយ​ក្នុង​ការជួយ​សម្រួល​ដល់​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារតែ​មានការ​កកស្ទះ​ស្ទើរតែ​រៀងរាល់ថ្ងៃ​នៅក្នុង​ត្រង់ចំណុច​ច្រមុះជ្រូក ឬ​កែង​ផ្លូវ271ជាមួយនឹង​ផ្លូវ​សម្ដេច​តេ​ជោ និង​មួយទៀត​ត្រង់ចំណុច​រង្វង់​មូល​ចោមចៅ​នោះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​សាងសង់​ស្ពាន​អាកាស​ត្រង់ចំណុច2នេះ​បន្ថែមទៀត។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា នៅក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ និង​ចេញចូល​ជាប្រចាំ​ក្នុង​រង្វង់ 3លាន​នាក់  ពិសេស​រថយន្ដ​បានចេញ​ចូលធ្វើ​ចរាចរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​មាន​ប្រជាជន​ធ្វើដំណើរ​ចេញចូល​មកពី​តាម​បណ្ដា​ខេត្ដ​នានា​យ៉ាងច្រើន​ទៀតផង ដូច្នេះ​ក្នុងនាម​សាលា​រាជធានី​ភ្នំពេញ យើង​ចាំបាច់​ត្រូវតែ​គិតគូរ​បន្ថែម​ដើម្បី​ធ្វើយ៉ាងណា​ជូ​យ​សម្រួល​ដល់​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ និង​នៅពេល​មានការ​កកស្ទះ​ចរាចរណ៍។

លោក​អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា៖ «នៅក្នុង​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ នៅពេល​ធ្វើ​ស្ពាន​អាកាស​ផ្លូវ​ចោមចៅ និង​ស្ពាន​អាកាស​នៅត្រង់​ម្ដុំ​ច្រមុះជ្រូក​ជិត​ក្បាលថ្នល់ (ផ្លូវ​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន កែង​នឹង​ផ្លូវ271 )ហើយ យើង​មាន​គម្រោង​ធ្វើ​ស្ពាន​អាកាស ឬ​អាចធ្វើ​ផ្លូវ​ក្រោម​ដី​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​ពលរដ្ឋ​យើង​អាចធ្វើ​ដំណើរ​ទៅមក​បាន​ដោយ​សុវត្ថិភាព និង​មិនមាន​ការកកស្ទះ​ចរាចរណ៍»។

គួរ​បញ្ជាក់ថា នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​សរុប​ចំនួន5ទីតាំង​ហើយ ក្នុងនោះ​មានដូចជា​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស7មករា ស្ពាន​អាកាស​តិច​ណូ ស្ពាន​អាកាស​ស្ទឹងមានជ័យ និង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ដែល​ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រុស្សី៕

Advertisement