ជម្រើស​ថ្មី! ក្រសួង​ត្រៀម​រៀបចំ​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​បន្ថែម​ពីលើ​ឡានក្រុង

ភ្នំពេញ៖ ដើម្បី​ផ្តល់​ភាពងាយស្រួល និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាននិងកំពុង​សាងសង់​កំពង់ផែ​នៅតាម​ចំណុច​រថយន្តក្រុង​នានា​ដែល​នៅជាប់​មាត់ទន្លេ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ជំនួស​ផ្លូវគោក​បាន។

ថ្លែង​ទៅកាន់​អង្គប្រជុំ​ប្រចាំ​សប្តាហ៍​ជាមួយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​ជាច្រើនរូប ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានលើកឡើង​ពី​សក្ដានុពល​នៃ​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាម​ផ្លូវទឹក ពិសេស​តាម​បណ្តាញ​ដៃទន្លេ​ដែល​ហូរ​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ការពង្រីក​វិស័យនេះ​ឱ្យបាន​ទូលំទូលាយ បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឱ្យ​ប្រកបដោយ​ចីរភាព​ផងដែរ។

ដើម្បីឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅបាន​ឆាប់រហ័ស ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក​ព​ន្លឿ​ន​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្ដាល​ឱ្យបាន​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខែ្មរ​ខាងមុខ ដោយ​ចំណត​កំពង់ផែនីមួយៗត្រូវមាន​ការតភ្ជាប់​ជាមួយនឹង​ចំណតរថយន្ត​ក្រុង ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​ឡើង​ចុះ​បន្ត។

គួរបញ្ជាក់​ផងដែរ​ថា ដោយសារ​ការកកស្ទះ​ផ្លូវ​កើតមាន​ជាអន្លើៗ ជា​រៀងរាល់ថ្ងៃ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​ហាក់​មិនសូវមាន​ការគាំទ្រ​ក្នុងការ​ធ្វើដំណើរ​តាម​រថយន្តក្រុង​នោះឡើយ ដោយហេតុ​ផល​តែ​ម្យ៉ាង​គត់ គឺ​ខ្លាច​ទៅធ្វើ​ការមិន​ទាន់​ម៉ោង។ ដូច្នេះ​គេ​រំពឹងថា បើសិនជា​គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ដាក់ឱ្យ​ដំណើរការបាន​នៅ​មុនពេល​ចូលឆ្នាំថ្មី​ខាងមុខ​នោះ ប្រាកដជា​នឹងមាន​អ្នកដំណើរ​ចាប់អារម្មណ៍​ច្រើន ដោយសារ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​មិនមាន​ការកកស្ទះ​ដូច​ធ្វើដំណើរ​តាមផ្លូវ​គោក​ហ្នឹងឯង៕

Advertisement