សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សរសើរ​កម្ពុ​ជា​អំពី​ការអភិវឌ្ឍ​ឧស្សាហកម្ម

ភ្នំពេញ៖ ឯកឧត្តម Juan Carlos Gonzalez អគ្គរដ្ឋទូត​ប្រទេស​កូ​ឡុំ​ប៊ី បាន​ថ្លែងថា សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​សម្ដែង​ការ​សាទរ​ចំពោះ​សមិទ្ធផល​របស់​កម្ពុជា​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នានា​រួមមាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ2015-2025 និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ឆ្នាំ2012-2020 ជាដើម។

ការលើកសរសើរ​អំពី​ផែនការអភិវឌ្ឍន៍​គោលនយោបាយ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​លើក​ទី2របស់​កម្ពុជា​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។  យ៉ាងនេះ​ក្តី​ឯកឧត្តម Juan Carlos Gonzalez ប្រធាន​អង្គប្រជុំ​ក៏​ជំ​រុញឱ្យ​កម្ពុជា​បន្ត​កិច្ច​ការដែល​កំពុង​ធ្វើ និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បន្ថែមទៀត ពិសេស​តាម​ការស្នើសុំ​របស់​សមា​ជិ​ក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​លើកកម្ពស់​តម្លាភាព​ក្នុង​របប​ពាណិជ្ជកម្ម និង​អនុលោមភាព​ស្របតាម​គោលការណ៍ ដែល​មានចែង​ក្នុង​បទដ្ឋាន​អន្តរជាតិ ដែល​កម្ពុជា​បាន​ចូល​ជា​ភាគី​ហត្ថលេខី។

ឆ្លើយតប​នូវ​ការលើកឡើង​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ​ថា គំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​សក្ខីភាព​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​នឹង​ជួយ​ជ្រោមជ្រែង​បន្ថែម​ដល់​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ចការ​អន្តរជាតិ ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ពិសេស​ការបំពេញ​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​សម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ភាគច្រើន​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​គឺ 1.25 ដុល្លារ​អាមេរិក និង​បានរួម​ចំណែក 0.9% នៃ ផ.ស.ស (GDP) របស់​ពិភពលោក។ លទ្ធផល​នៃ​សេដ្ឋកិច្ច​ទន់ខ្សោយ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន បានធ្វើឱ្យ​មានការ​ថម​ថយ​នៃ​កំណើន ផ.ស.ស (GDP) ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយឆ្នាំ​ដល់ 1.5% នៅ​ឆ្នាំ 2015 ដែល​ក្នុង​ឆ្នាំ2014មាន 3.3%។ ការធ្លាក់ចុះ​បែបនេះហើយ​ដែលជា​កត្តា​រារាំង​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​អូស​បន្លាយពេល​ក្នុងការ​សម្រេចបាន​នូវ​ទិសដៅ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

គណៈកម្មាធិការ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​គូសបញ្ជាក់​ច្បាស់​អំពី​ការបើក​ច្រក​ទីផ្សារ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ពី​ឆ្នាំ2005 ដល់ 2016 ដែល​ការនាំចេញ​ទំនិញ និង​សេវាកម្ម​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​កើនឡើង​តិចតួច​ជា​មធ្យម 6.4%៕

Advertisement