កម្ពុជា​ទទួលបាន​ទីផ្សា​រ​ថ្មី​នៃ​ការនាំចេញ​ស្វាយចន្ទី​កែច្នៃ​ទៅ​កូរ៉េខាងត្បូង

ខណៈ​ទិន្នផល​គ្រាប់ស្វាយចន្ទី​ស្រស់ ឬ​មិនទាន់​កែច្នៃ​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​វៀត​ណា​ម ថ្មីៗនេះ​កម្ពុជា​បាន​បើក​ទីផ្សារ​ថ្មី​មួយទៀត​ដោយ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ប្រមាណ1ម៉ឺន​តោន​នឹងត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង។

លោក Hasan Nodin នាយក​ក្រុមហ៊ុន Camshew Company, Ltd បញ្ជាក់​ប្រាប់ថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​គឺធ្វើឡើង​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្ដិការ​ក្នុង​ការនាំ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ប្រមាណ1ម៉ឺន​តោន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង ដោយ​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​របស់លោក​នឹង​នាំចេញ​ប្រហែល1,000តោន​នៅ​ខែកុម្ភៈ ឆ្នាំ2018។ លោក​បន្ដថា ក្រុមហ៊ុន​របស់លោក​នឹង​ពង្រីក​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឱ្យដល់5-6តោន​ក្នុង​មួយថ្ងៃ ខណៈ​បច្ចុប្បន្ន​រោងចក្រ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​បានត្រឹមតែ1តោន​ប៉ុណ្ណោះ​ក្នុង1ថ្ងៃ។

ក្រុមហ៊ុន​កែច្នៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា Camshew Company, Ltd បាន​សហការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន Naroo Marine Co., Ltd ដែលជា​ក្រុមហ៊ុន​បញ្ជា​ទិញ​ដើម្បី​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​ប្រមាណ1ម៉ឺន​តោន។ ក្នុងនោះ Camshew Company, Ltd គ្រោង​នឹង​ចំណាយ​ប្រាក់100លាន​ដុល្លារ បង្កើន​សមត្ថភាព​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ពង្រីក​ឃ្លាំង​ស្ដុក និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី និង​ការប្រមូលទិញ​គ្រាប់ស្វាយចន្ទី​ពី​កសិករ ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​នៅ​ឆ្នាំក្រោយ និង​ឆ្នាំ​បន្ដបន្ទាប់​ទៀត។

នាយក​ក្រុមហ៊ុន Camshew Company, Ltd បាន​បញ្ជាក់ថា៖“អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺជា​កិច្ចសន្យា​មួយឆ្នាំ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ដើម្បី​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ប្រទេស​កូរ៉េ។ នៅ​ដំណាក់កាល​ដំបូង​នេះ​យើង​នឹង​វិនិយោគ​ប្រហែល 30លាន​ដុល្លារ​លើ​រោងចក្រ​កែច្នៃ​ស្វាយចន្ទី និង​តំបន់​ដាំ​ដុះ។ យើង​នឹង​ពង្រីក​ការវិនិយោគ និង​ផលិតកម្ម​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់។

ក្រុមហ៊ុន Camshew Company, Ltd នឹង​វិនិយោគ​លើ​ចម្ការ​ស្វាយចន្ទី​ចំនួន4ពាន់​ហិកតា ហើយ​នឹងធ្វើ​ការដាំដុះ​តាម​កិច្ចសន្យា​ជាមួយ​សមាគម​គ្រាប់ស្វាយ​ចន្ទី​នៅ​ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម សម្រាប់​ចម្ការ​ស្វាយចន្ទី​ប្រហែល 40,000ហិកតា​ដើម្បី​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​កែច្នៃ​ទៅ​កូរ៉េខាងត្បូង។

គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​លើកកម្ពស់​ផលិតភាព​ដំណាំ​ស្វាយចន្ទី​នៅ​កម្ពុជា នាពេល​កន្លងមក​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រសំខាន់ៗចំនួន3 គឺ​ទី1 កសាង​សមត្ថភាព​ដល់​សហគម​ន៍​កសិករ​ស្វាយចន្ទី​កម្ពុជា ទី2 សម្រួល​ការប្រមូលទិញ​គ្រាប់ស្វាយចន្ទី​កម្ពុជា របស់​សមាគមន៍​ស្វាយចន្ទី​វៀតណាម រហូត1លាន​តោន​ក្នុង1ឆ្នាំ និង​ទី3 សម្រួលការ​ដឹកជញ្ជូន​នាំចេញ៕

Advertisement