មានតែ​សេវាកម្ម​ផ្ទេរប្រាក់​ប៉ុណ្ណោះ ​មានការ​ប្រើប្រាស់​ច្រើន​សម្រាប់ Mobile Banking

ធនាគារជាតិ​នៃ​កម្ពុជា (NBC) កំពុង​ជំរុញ​ការធ្វើ​ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស​តាមរយៈ​ទូរស័ព្ទដៃ ខណៈដែល​ការធ្វើ​ប្រតិបត្តិការ​តាម​មធ្យោបាយ​នេះ​នៅមានកម្រិត​នៅឡើយ បើទោះបីជា​ការប្រើប្រាស់​ទូ​រ​ស័ព្ទ​ទំនើប​របស់​ប្រជាជន​ខ្មែរ​មាន​និន្នាការ​កើនឡើង​ច្រើន​ក៏ដោយ។

នៅក្នុង​សន្និសីទ​ប្រចាំឆ្នាំ​ស្តីពី​តួនាទី​របស់​បច្ចេកវិទ្យា​ក្នុងការ​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​បច្ចេកវិទ្យា​ក្នុងការ​ប្រតិបត្តិ​សេវា​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ននេះ។ គោលបំណង​នៃ​សិក្ខាសាលា​នេះ​គឺ​ជំរុញឱ្យមាន​ការសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា ការរៀបចំ​សិក្ខាសាលា​ក្នុងឆ្នាំនេះ គឺ​តួនាទី​នៃ​បច្ចេកវិទ្យា​ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ដែល​បច្ចេកវិទ្យា​កំពុង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ស្រាវជ្រាវ​ជាស​កល។ តាមរយៈ​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ប្រធានបទ​ដែល​បានធ្វើ​បទ​បង្ហាញ​ពី​តួនាទី​របស់​ទូរស័ព្ទ​ចល័ត តើ​ប្រជាជន​ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ​អាចមាន​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ច្រើនជាង ដែល​គ្មាន​ទូរស័ព្ទដៃ ឬ​យ៉ាងដូចម្តេច?

សម្រាប់​បរិបទ​នៃ​ប្រទេស​កម្ពុជា អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាមរយៈ​ទូរស័ព្ទដៃ​មានការ​កើនឡើង ប៉ុន្តែ​មានតែ​សេវាកម្ម​ខ្លះ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អ្នកប្រើប្រាស់​ចូលរួម ខណៈដែល​សេវាកម្ម​ជាច្រើន​ទៀត​មិន​ទទួលបាន​ការចាប់អារម្មណ៍។

លោកជំទាវ​អគ្គនាយិកា​បច្ចេកទេស បាន​មានប្រសាសន៍ថា៖“ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ខ្ចីលុយ​ក្នុងប្រទេស​កម្ពុជា ខ្ញុំ​យល់ថា​មាន​ល្បឿន​លឿន​គួរសម ព្រោះ​ឥឡូវនេះ​មាន​អ្នកផ្តល់​សេវា​ក្នុងនាម​ជា​ភាគី​ទី3ច្រើន ប៉ុន្តែ​ការប្រើប្រាស់​បច្ចេក-វិទ្យា​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដូចជា ការមើល​សមតុល្យ​ក្នុង​គណនី​របស់គាត់ ឬក៏​របៀប​ប្រតិបត្តិការផ្សេងៗទៀត គឺ​នៅមានកម្រិត។ លោកជំទាវ​បាន​បន្ថែមថា៖“យើង​លឿន​ក្នុងការ​ផ្ទេរ​លុយ ប៉ុន្តែ​យើង​មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​ទៀត​តាម​បច្ចេកវិទ្យា​ទូរស័ព្ទដៃ មិនទាន់​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅឡើយ។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ បានឱ្យដឹងថា អតិថិជន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងតែ​បន្សាំ​ខ្លួន​ចំពោះ​របត់​ថ្មី​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដោយសារ​ការរីកចម្រើន​ខ្លាំង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា។ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​រហូតមកដល់​ពេលនេះ​មាន​អតិថិជន​របស់ខ្លួន​ប្រមាណ 8,000នាក់​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ ដោយ​ភាគច្រើន​នៃ​អ្នកប្រើប្រាស់ បាន​ប្រតិបត្តិការ​សម្រាប់​ផ្ទេរប្រាក់ និង​បញ្ចូល​កាត​ទូរស័ព្ទ ដោយឡែក​សេវាកម្មផ្សេងៗទៀត​មិនទាន់មាន​ប្រើប្រាស់​ច្រើន​នោះទេ។

លោក​ឧកញ៉ា ហួត អៀង​តុង បាន​និយាយថា៖ “តាមរយៈ Mobile Banking យើង​ក៏​អនុញ្ញាត​ឱ្យមាន​ការស្នើ​ប្រាក់កម្ចី​តាម​ទូរស័ព្ទ​បាន ប៉ុន្តែ​រាល់​ដំណើរការ​ត្រួតពិនិត្យ​គឺ​នៅ​អនុវត្ត​តាមរបៀប​ចាស់​ដដែល ដោយ​តម្រូវឱ្យ​ភ្នាក់ងារឥណទាន​ចុះទៅ​ដល់ផ្ទះ​របស់​អតិថិជន ដើម្បី​ពិនិត្យមើល​ពី​ការរីកចម្រើន​ក្នុង​អាជីវកម្ម និង​លទ្ធភាព​ទទួល​កម្ចី​ជាក់ស្តែង។ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2017 នេះ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា រួមមាន ធនាគារពាណិជ្ជ39 ធនាគារ​ឯកទេស15 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន7 គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ 66ប្រតិបត្តិ​ករ​ឥណទាន​ជនបទ267 ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ12 អ្នកដំណើរ​កា​រត​តិ​យ​ភាគី13ក្រុមហ៊ុន ក្រេ​ឌី​ត​ប្យូ​រ៉ូ​កម្ពុជា1 ការិយាល័យ តំណាង​ធនាគារ​បរទេស 6 និង​អាជីវករ​ប្តូរប្រាក់ 2,437៕

Advertisement