តម្លៃ​អង្ករ​ហក់​ឡើង​ជាង $100 ក្នុង​មួយ​តោន នាពេលថ្មីៗនេះ

តម្លៃ​អង្ករ​ដែល​ចរាចរ​លក់​នៅលើ​ទីផ្សារ​កំពុង​ឡើងថ្លៃ​ក្នុង​រយៈពេលថ្មីៗនេះ ដែល​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យនេះ​បាន​មើលឃើញថា មាន​កត្តា​ជាច្រើន​កំពុង​ជះឥទ្ធិពល​ដល់​តម្លៃ​អង្ករ​នៅ​ប្រទេស​កម្ពុជា ខណៈដែល​ការនាំចេញ​អង្ករ​ជា​ផ្លូវការ​ពី​ប្រទេស​កម្ពុជា មាន​កំណើន​តិចតួច​ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ។

អ្នក​ប្រកប​អាជីវកម្ម​លក់​អង្ក​រទាំង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ ម្នាក់​បានឱ្យដឹងថា តម្លៃ​អង្ករ​បាន​ហក់​ឡើង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ។ ម្ចាស់​ក្រុមហ៊ុន​រូបនោះ​បាន​អះអាងថា តម្លៃ​អង្ករ​នាងខុន​ដែល​ពេញនិយម​ប្រើប្រាស់​ក្នុងស្រុក​បាន​ហក់​ឡើង​ជិត 100ដុល្លារ​ក្នុង​មួយ​តោន រហូតដល់​ជាង 500ដុល្លារ​ក្នុង​មួយ​តោន ខណៈ​តម្លៃ​ពីមុន​គឺ​ត្រឹមតែ​ជាង 400ដុល្លារ​ប៉ុណ្ណោះ​ក្នុង​បរិមាណ​ដូចគ្នា។ ជាមួយគ្នានេះ តម្លៃ​អង្ករ​សែន​ក្រអូប វិញ​បាន​ហក់​ឡើង​ជិត 200ដុល្លារ​ក្នុង​មួយ​តោន។

ម្ចាស់​អាជីវកម្ម​រូបនោះ​បាន​អះអាងថា តម្លៃ​នេះ​ត្រូវបាន​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដំឡើងថ្លៃ ហើយ អះអាងថា ទីផ្សារ​ខាងក្រៅ​កំពុងមាន​តម្រូវការ។ លោក ហេង ផេង ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ​អង្ករ ថ្មគោល​រ៉ា​យស៍ បាន​កត់សម្គាល់ថា នាពេល​បច្ចុប្បន្ននេះ អង្ករ​គ្រប់​ប្រភេទ​ដូចជា អង្ករ​ផ្កាម្លិះ រំដួល និង​សែន​ក្រអូប​ព្រមទាំង​អង្ករ​នាងខុន​បាន​ហក់​ឡើង​ខ្លាំង ដោយសារ​កត្តា​ជាច្រើន។

លោក​បាន​អះអាងថា ឆ្នាំនេះ​អង្ករ​នាងខុន​មាន​បរិមាណ​តិចជាង​ឆ្នាំ​កន្លងទៅ ដោយសារ​ឈ្មួញ​ប្រមូល​ទិញស្រូវ​នាងខុន​យកទៅ​ទីផ្សារ​វៀតណាម។ បន្ថែម​ពីលើ​នេះ ម្ចាស់​រោង​ម៉ាស៊ីន​ដែល​ធ្លាប់​ទិញស្រូវ​នាងខុន​ទុក​ក្នុង​ស្តុក បាន​បោះ​បង់ការ​ស្តុក​ស្រូវ​នាងខុន ដោយ​ប្តូរ​ទៅ​ស្តុក​ស្រូវ​ប្រភេទ​ផ្សេង​ដែល​ចំណេញ និង​បង្វិល​លុយ​បាន​លឿន​ជាង​វិញ។

បច្ចុប្បន្ននេះ អង្ករ​សែន​ក្រអូប​មានតម្លៃ​លក់​នៅមុខ​រោង​ម៉ាស៊ីន បាន​កើនឡើង​ពី 600ដុល្លារ ដល់​ជាង 700ដុល្លារ​ក្នុង​មួយ​តោន រីឯ​អង្ករ​ផ្កាម្លិះ​វិញ កើន​ពី 650ដុល្លារ​ក្នុង1តោន ដល់ 770ដុល្លារ​ក្នុង​បរិមាណ 1តោន​ដូចគ្នា។

លោក​បញ្ជាក់ថា៖ “រោង​ម៉ាស៊ីន​បាន​ស្តុក​ទុក​នាងខុន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តែ​គាត់​មិន​ចំណេញ​ដោយសារ​តម្លៃ​អង្ករ​នាងខុន​មិន​ឡើងថ្លៃ ហើយ​គាត់​ខាតបង់​ការប្រាក់។ រោង​ម៉ាស៊ីន​ដែល​ធ្លាប់​ទុក​នាងខុន បាន​កាត់បន្ថយ​ស្តុក​រហូតដល់ 50% ធៀប​នឹង​ឆ្នាំមុន។ រោង​ម៉ាស៊ីន​មាន​ស្តុក​តិច ដល់​កិន​ស្តុក​ស្រូវ​ចាស់​អស់ រកទិញស្រូវ​ថ្មី​ក៏​មិនទាន់ មិន​គ្រប់​កិន ទើប​បណ្តាលឱ្យ​តម្លៃ​កើនឡើង។

លោក​បន្ថែមថា៖ “ឆ្នាំនេះ​ខ្ញុំ​ទិញ​នាងខុន​បាន​តិច​ដូច​កាលពី​ឆ្នាំ​កន្លងទៅ​ដែរ ហេតុផល​មិនមែន​អត់​ស្រូវ​ទេ​នៅ​រដូវ​ប្រមូល​ផល តែ​ខ្ញុំ​គឹ​ត​ថា តម្លៃនឹង​បន្ត​ឡើង​ដោយសារ​ការប្រើប្រាស់​អង្ករ​នាងខុន​ក្នុងស្រុក​ច្រើន។

លោក​បាន​បន្ថែមថា សម្រាប់​ប្រភេទ​អង្ក​រស (White rice)តម្លៃ​មិន​ប្រែប្រួល​ច្រើន​ដូច​នាងខុន​ទេ ដោយសារតែ​រដូវ​នេះ​ប្រមូល​ផល​បាន​ច្រើន ហើយ​វៀតណាម​ក៏​ប្រមូលយក​ច្រើន​ដែរ ដូច្នេះ​តម្លៃ​ប្រភេទ​ស្រូវ​អង្ក​រស ឬ​ស្រូវ​អ៊ី​អ៊ែរ គឺមាន​ស្ថេរភាព ប៉ុន្តែ​បើសិន​ខាង​វៀតណាម​នៅតែ​បន្ត​ចូលមក​ទិញ​ពី​ប្រទេស​កម្ពុជា​នោះ តម្លៃ​ក៏​នឹង​ប្រែប្រួល​ទៅតាម​ហេង​ឆេង និង​តម្រូវការ​ពី​ប្រទេស​វៀតណាម​ដែរ។

គួរ​រំឭក​ផងដែរ​ថា​កាលពី​ចុងខែ​មករា ឆ្នាំ2018 កន្លងទៅ​កម្ពុជា​បាន​សម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ថ្មី​មួយ ឈ្មោះថា “ម្លិះ​អង្គរ MALYS ANGKOR” ដើម្បី​ជំរុញ​ទីផ្សារ​លក់​នៅក្រៅ​ប្រទេស​ឱ្យ​កាន់តែមាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើង​ទៀត ខណៈដែល​ថ្នាក់ដឹកនាំ​ក្រសួង​នានា​បាន​រំពឹងទុក​ថា ផលិតកម្ម​ស្រូវ​បន្ត​រីកចម្រើន និង មានលទ្ធភាព​ពង្រីក​ផលិតកម្ម​បន្ថែមទៀត​ក្នុងពេល​អនាគត។

ម៉ាក​វិញ្ញាតកម្ម “ម្លិះ​អង្គរ” ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​រួម​ថ្មី​មួយ​របស់​កម្ពុជា ដែលមាន​សហព័ន្ធ​ស្រូវ​អង្ករ​ជា​កម្មសិទ្ធិករ ដែល​នឹង​ផ្តល់​ការបញ្ជាក់​ទៅលើ​សម្បក​វេច​ខ្ចប់​នៃ​ផលិតផល​អង្ករ​នាំចេញ។ ទោះបីជា​បែបនេះ​ក្តី ការប្រើប្រាស់​ម៉ាក​វិញ្ញាតកម្ម​នេះ​នឹង​ត្រូវការ​ពេល​យូរ​បន្ថែមទៀត សម្រាប់​ឱ្យ​អ្នក​នាំចេញ និង​ទីផ្សារ​ខាងក្រៅ​ទទួលស្គាល់។

ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​សម្ពោធ​ម៉ាក​អង្ករ​នោះ​ថា នេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​សម្រាប់​ម៉ាក​រួមមួយ​នេះ ដោយ​សហព័ន្ធ​ត្រូវធ្វើ​ការងារ​ជាច្រើន​ទៀត​ជាមួយ​អ្នក​នាំចេញ។

រហូតមកដល់​ពេលនេះ នីតិវិធី​ប្រើប្រាស់​ម៉ាក​វិញ្ញាតកម្ម ម្លិះ​អង្គរ មិនទាន់​ត្រូវបាន​ប្រកាស និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ​តម្រូវការ​អង្ករ​អាចមាន​ច្រើន​សម្រាប់​ធានា​សន្តិសុខ​ស្បៀង ខណៈដែល​តំបន់​ខ្លះ​អាច​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​ផលិតកម្ម​ថយចុះ​ឬ​ខូចខាត ដោយសារ​ការប្រែប្រួល​អាកាសធាតុ៕

Advertisement