ទិន្នផល​ស្រូវ​មាន​កំណើន​ជាង2% នៅ​ដើមឆ្នាំ2018

ក្រោម​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្បៀង​ដែល​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​បានធ្វើឱ្យ​ទិន្នផល​ស្រូវ​នៅ​កម្ពុ​ជានា​ចុងឆ្នាំ2017 និង​ដើមឆ្នាំ2018នេះ កើនឡើង​ប្រមាណ​ជាង2% ធៀប​នឹង​ឆ្នាំ​ចាស់​កន្លងផុតទៅ។

ឯកឧត្តម​ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បានឱ្យដឹងថា កាលពី​ឆ្នាំ2016កន្លងទៅ កំណើន​វិស័យ​កសិកម្ម​ទាំងមូល​មាន​ប្រមាណ​ជិត 3% ហើយ​ការរួមចំណែក​របស់​វិស័យ​កសិកម្ម​ក្នុង​សេដ្ឋកិច្ចជាតិ​មាន​ចំនួន 26.30% ដែល​ក្នុងនោះ​អនុវិស័យ​ដំណាំ​មាន​ចំនួន14.60% នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ​ស្មើនឹង62.39%នៃ​ចំណែក​វិស័យ​កសិកម្ម​ទាំងមូល​ក្នុង​សេដ្ឋកិច្ចជាតិ។

ឯកឧត្តម​បន្តថា តាម​ការប៉ាន់ស្មាន​ផលិតកម្ម​ដំណាំ​កសិកម្ម​ក្នុង​ឆ្នាំ2017 និង​ដើមឆ្នាំ2018 កន្លងទៅនេះ​ឃើញថា ផ្ទៃដី​ដាំ​ដុះ​ស្រូវ​អាច​សម្រេចបាន​ចំនួន​ជាង3.18លាន​ហិកតា មាន​កំណើន1.9% ទិន្នផល​ស្រូវ​អាច​ទទួលបាន 3.287តោន/ហិកតា មាន​កំណើន2.36% បរិមាណ​ផល​ស្រូវ​ទទួលបាន​ជិត10.5លាន​តោន មាន​កំណើន4.52% និង​អតិរេក​ស្បៀង​គិត​ជា​អង្ករ​មាន​ចំនួន3.5លាន​តោន មាន​កំណើន 7% ធៀប​ឆ្នាំ2016 និង2017។

ក្រៅពី​ដំណាំ​ស្រូវ កម្ពុ​ជាមាន​ផលិតកម្ម​ដំណាំ​រួមផ្សំ​ដែលមាន​សក្តានុពលផ្សេងៗទៀត​ដូចជា​ពោត ដំឡូង​មី ដំឡូងជ្វា បន្លែ និង​សណ្តែកបាយ កើនឡើង​ប្រមាណ​ជា19.84%។ រីឯ​ការនាំចេញ​ផលិតផល​កសិកម្ម​មាន​និន្នាការ​កើន​ឡើងជា​លំដាប់ ហើយ​មាន​សម្ទុះ​ខ្លាំង​ក្នុង​រយៈពេល4ឆ្នាំ​ចុង​ក្រោយនេះ។ ជាក់ស្តែង​ការនាំចេញ​អង្ករ​ជា​ផ្លូវការ​បាន​កើនឡើង​ពី205,717តោន នៅ​ឆ្នាំ2012 ដល់635,679តោន នៅ​ឆ្នាំ2017 គឺ​កើនឡើង17.25% ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ចំនួន542,144តោន។ កំណើន​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម តាមរយៈ​ការចេញ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​បាន​កើនឡើង​ប្រមាណ​ជា 9% ធៀប​នឹង​ឆ្នាំ2016៕

Advertisement