មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​សរសើរ​ពី​សេដ្ឋកិច្ចកម្ពុជា

បន្ទាប់ពី​បញ្ចប់​បេសកកម្ម​រយៈពេល10ថ្ងៃ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បានចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដោយ​លើកសរសើរ​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា។

លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត បានលើកឡើង​នៅក្នុង​របាយការណ៍​នោះ​ថា ប្រទេស​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​បានផ្តល់​ធនធាន​សម្រាប់​ការលើកកម្ពស់​កិច្ចការពារ​សង្គម និង​ការទទួលបាន​ការអប់រំ ការងារ និង​កិច្ច​គាំពារ​សុខភាព​សមរម្យ «ខ្ញុំ​រីករាយ​ចំពោះ​ផែនការអភិវឌ្ឍន៍ សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​សុខភាព និង​ធ្វើការ​ឈានទៅរក​លទ្ធភាព​ទទួលបាន​កិច្ច​គាំពារ​សុខភាព​ជាស​កល»។

ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា។ លោក​ថា កម្ពុជា​កំពុង​បន្តដំណើរ​យ៉ាង​ស្វាហាប់​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 ដោយ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​លទ្ធផល​ជា​សារ​វ័​ន្ត នៃ​ការកែទម្រង់សំខាន់ៗ និង​ជា​បន្តបន្ទាប់។

ផ្អែកលើ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាល​ធានាបាន​ប្រក្រតីភាព​នៃ​ដំណើរការ​សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេស​ធានា និង​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច ព្រមទាំង​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន។ ទំហំ​សេដ្ឋកិច្ចជាតិ (ផ.ស.ស. តាម​ថ្លៃ​បច្ចុប្បន្ន) បាន​កើនឡើង​ពី 61,326,928លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 15,237លាន​ដុល្លារ អាមេរិក​ក្នុង​ឆ្នាំ2013 ដល់89,509,422លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 22,172 លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017 ហើយនឹង​បន្ត​ឡើងដល់ 99,116,041លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង 24,552 លាន​ដុល្លារ អាមេរិក​នៅ​ឆ្នាំ2018៕

Advertisement