ពូជ​ស្តៅ​ខុសរដូវ ដាំ​ម្តង​ប្រមូល​ផល​បាន​រាល់ថ្ងៃ

តាម​ធម្មតា​ដើម​ស្តៅ​ខ្មែរ​យើង​ផ្តល់​ផល​ពេល​លាស់​ស្លឹក​ខ្ចី(ត្រួយ) និង​ចេញ​ផ្កា​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​សម្រាប់​ស្តៅ​ខុសរដូវ​នេះ​វិញ ដាំ​តែម្តង​ចំណាយពេល​ប្រហែល​តែមួយ​ឆ្នាំ វា​នឹង​ហុច​ផល​ឱ្យ​បេះ​លក់បាន​រាល់ថ្ងៃ។

លោក ឆន សុភ​ក្តី អ្នកលក់​កូនឈើ​នៅ​កសិដ្ឋាន​បណ្តុះ​កូនឈើ​ខេត្តពោធិ៍សាត់​មានប្រសាសន៍ថា ពូជ​ស្តៅ​ខុសរដូវ​នេះ​ត្រូវបាន​នាំចូល​ពី​ប្រទេស​ថៃ​ដែល​ទើប​យកមកចែកចាយ​លក់​ដល់​កសិក​រ​នៅ​ប្រទេស​កម្ពុជា​យើង​បាន​ជាង​មួយឆ្នាំ​ប៉ុណ្ណោះ ហើយ​មានការ​គាំទ្រ​ច្រើន​ពី​កសិករ​នៅតាម​បណ្តា​ខេត្តផ្សេងៗដូចជា​ខេត្តកំពង់ចាម កំពង់ធំ និង​កំពង់ស្ពឺ​ជាដើម។

លោក​ថា ស្តៅ​ខុសរដូវ​មានតម្លៃ​មួយ​ដើម 2ដុល្លារ​ហើយ​បើ​កសិករ​ទិញ​កាន់តែច្រើន​នឹង​លក់​បញ្ចុះតម្លៃ​ថែមទៀត និង​ដឹកជញ្ជូន​ដោយ​ឥត​គិត​ថ្ងៃ​ទៅដល់​ទីកន្លែង និង​ថែមទាំងជួយ​ប្រាប់​ពី​វិធីសាស្ត្រ​ដាំ​ដុះ និង​ថែទាំ​ដើម្បីឱ្យ​ស្តៅ​ឆាប់​ធំ​លូតលាស់ និង​ឆាប់​បាន​ប្រមូល​ផល​កាន់តែ​លឿន​សម្រាប់​រកប្រាក់​ចំណេញ​ត្រឡប់មកវិញ​ទៀតផង។

ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ គេ​ដាំ​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ប្រវែង 5ម៉ែត្រ​បួន​ជ្រុង ហើយ​សម្រាប់ រណ្តៅនីមួយៗ គេ​ត្រូវ​ជីក​ទៅ​ក្រោម​ជម្រៅ 4 សង់ទីម៉ែត្រ និង​មាន​ទំហំ 4 សង់ទីម៉ែត្រ​ជា​រាង​ការ៉េ​បួន​ជ្រុង​ដូចគ្នា។ មុននឹង​ជីករណ្តៅ​គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​រយៈពេល​មួយ​សប្តាហ៍ ដើម្បី​សម្លាប់​មេរោគ​និង​សម្លាប់​ស្មៅ​មួយចំនួន​ដើម្បី​កុំឱ្យ​វា​បឺត​យក​ជីជាតិ​ចេញពី​ដើម​ស្តៅ ហើយ​ក្រោយពី​ភ្ជួរ​ដី​រួច គេ​ជីករណ្តៅ​ហាល​ទុកចោល​រយៈពេល​មួយ​សប្តាហ៍​ដូចគ្នា​ទើប​យក​កូន​ទៅ​ដាក់​ដាំ ដោយ​យក​ជីលាយ​ជាមួយ​ដី​ទៅ​ដាក់​នៅតាម​រណ្តៅនីមួយៗ រួច​ទើប​ស្រោច​ទឹក។

លោក​បានបញ្ជាក់​ដូច្នេះ​ទៀតថា “នៅពេល​មុនពេល​ដាំ គេ​ត្រូវយក​ជី​អាចម៍គោ 30ភាគរយ​ទៅ​លាយ​ជាមួយ​ដី ហើយ​បើ​គ្មាន​ជីធម្មជាតិ​ទេ គេ​គ្រាន់តែ​យក​ជីគីមី​ទៅ​លាយ​ជាមួយ​ដី រួច​ដាក់​ដាំ​កូន​ស្តៅ ហើយ​សឹម​យក​ទឹក​ទៅ​ស្រោច​តាម​ក្រោយ​ជាការ​ស្រេច។

ក្រោយពី​ដាំ​រួច គេ​ត្រូវ​មើលថែ​ដោយ​ដាក់​ជី​មួយខែ​ម្តង និង​ត្រូវ​បូមទឹក​ដាក់​ក្នុង​ចម្ការ​មួយ​សប្តាហ៍​ពីរ​ទៅ​បី​ដង​ចំពោះ​រដូវប្រាំង ប៉ុន្តែ​សម្រាប់​រដូវវស្សា​វិញ បើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​មិនបាច់​ស្រោច​ទឹក​ទេ គឺ​ដើម​ស្តៅ​អាច​លូតលាស់​បាន​ដោយ​ខ្លួនឯង។

ការដាំ​ស្តៅ គេ​មិនបាច់​ប្រើ​ថ្នាំ​សម្លាប់សត្វ​ល្អិត​នោះទេ ដោយសារតែ​ត្រួយ និង​ផ្កា​របស់​វា​មាន​រសជាតិ​ល្វីង​អាច​បណ្តេញ​សត្វល្អិត​ចង្រៃ​មិន​ឱ្យមក​ជិត​បាន ហើយ​គេ​ក៏​មិនចាំបាច់​បាញ់​អ័រម៉ូន ឱ្យ​ឆាប់​ចេញ​ផ្កា​នាំឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​ដែរ គ្រាន់តែ​ដាក់​ជី​មួយខែ​ម្តង និង​ស្រោច​ទឹកជា​ប្រចាំ​ប៉ុណ្ណោះ ដើម​ស្តៅ​នឹង​លូតលាស់​រាល់ថ្ងៃ ចេញ​ត្រួយ​ចេញ​ផ្កា​អាច​បេះ​វិលជុំ​ដែល​ធ្វើឱ្យ​កសិករ​អាច​ប្រមូល​ផល​យកទៅ​លក់បាន​គ្រប់​រដូវ និង​ប្រមូល​លុយ​បាន​រាល់ថ្ងៃ​តែម្តង៕

Advertisement