តើ​កសិកម្ម​កម្ពុជា​ផ្តោតលើ​ប្រភេទ​បន្លែ និង​ដំណាំ​អ្វីខ្លះ?

តាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​បាន​បង្ហាញថា ក្នុង​មួយថ្ងៃ​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណ​ជា 400តោន និង​ត្រូវការ​ជាង 1សែន​តោន​ក្នុង1ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​របស់ខ្លួន ក្នុងនោះ​មាន 55%ជា​បន្លែ​នាំចូល​ពី​ក្រៅប្រទេស ដូច្នេះ​សួរថា តើ​បច្ចុប្បន្ន​កម្ពុ​ជាមាន​សក្តា​នុព​ល​ដាំ​ដុះ​បន្លែ​អ្វីខ្លះ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក?

លោក នាង ថៃ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ចម្ការ​សរីរាង្គ​ពិ​កនិក មានប្រសាសន៍ថា បច្ចុប្បន្ន​កសិដ្ឋាន​រប​ស់លោក​មាន​ទីតាំង​ពីរធំៗដែល​ដាំ​ដុះ​បន្លែ​សរីរាង្គ​សម្រាប់​ផ្គត់​ផ្គត់​នៅលើ​ទីផ្សារ ដែល​ទី1.ស្ថិតនៅ​រមណីយដ្ឋាន​ពិ​កនិក​ផ្ទាល់ ដែល​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ប្រមាណ​ជា​ជិត 6ហិកតា​ដែល​ភាគច្រើន​ដាំ​បន្លែ​ស្លឹក ដូចជា​ស្ពៃ សាលាដ ខាត់ណា ត្រកួន ស្លឹកគ្រៃ​ជាដើម ដែលមាន​ចំនួន​សរុប 12ប្រភេទ និង​ប្រភេទ​បន្លែ​យក​ផ្លែ មានដូចជា​ត្រសក់ ត្រឡាច ល្ពៅ ននោង​ម្នាស់ រួមទាំង​បន្លែផ្សេងៗទៀត​រហូតដល់ 20ប្រភេទ។

និង​ទី2.ក្រៅពី​តំបន់​ពិ​កនិក កសិដ្ឋាន​ខាងលើ​ក៏បាន​ពង្រីក​ការដាំដុះ​ទៅដល់​តំបន់​ស្រែអំបិល​នៅលើ​ផ្ទៃ​ប្រមាណ​ជា 40ហិកតាផ្សេងៗទៀត ដែលមាន​ដាំ​ប្រភេទ​បន្លែ-ផ្លែឈើផ្សេងៗ ដូចជា ត្រប់ប៉េងប៉ោះ ប្រពាយ ឃ្លោក-ត្រឡាច និង​ននោង​ជាដើម និង​បន្លែ​យក​មើម​ដូចជា ឆៃថាវ ដំឡូងជ្វា ដំឡូង​មី រំដេង ខ្ញី រមៀត ហើយ​បច្ចុប្បន្ន​កសិដ្ឋាន​របស់​លោក​កំពុង​សហការ​ជាមួយ​កសិករ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី ដើម្បី​ដាំ​បន្លែ​ផ្សេងទៀត​ដូចជា​ការ៉ុត និង​ឆៃថាវ​ជាដើម ដោយសារ​នៅ​ទីតាំង​នោះ​ដី​មាន​នីវ៉ូទឹក​ខ្ពស់ មាន​ខ្យល់​ត្រជាក់ អំណោយផល​ខាង​ផ្នែក​ដំណាំ​ហូប​មើម ដូចជា​ការ៉ុត និង​ឆៃថាវ ដោយ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ទៀតផង។

ជាមួយគ្នានេះ​កសិដ្ឋាន​ក៏បាន​ដាំ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ទៀត​ដែរ ដូចជា ពុទ្រា ខ្នុរ ផ្លែ Passion ចេក ត្របែក ជម្ពូ ស្ពឺ ម្កាក់ ស្វាយ និង​ម្នាស់​សម្រាប់​ផ្គត់ផ្គង់​នៅ​តំបន់​ទេសចរណ៍​ពិ​កនិក​ផ្ទាល់​និង​មួយចំនួនទៀត​យកមក​ផ្គត់ផ្គង់​នៅ​ទីផ្សារ​សរីរាង្គ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ ផ្សារ​ឡាក់​គី និង Star Mart មួយចំនួនទៀត។ លោក​ថា ទោះបី​បន្លែ​សរីរាង្គ​មានការ​គាំទ្រ​កាន់តែច្រើនឡើងៗ ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែលមាន​ជីវភាព​ក្រោម​មធ្យម​មិនសូវមាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​របស់​បន្លែ​សរីរាង្គ​នៅឡើយ ហើយ​តែង​និយាយថា បន្លែ​នេះ​ថ្លៃ​ជាង​បន្លែ​នៅលើ​ទីផ្សារ ដែល​ភាគច្រើន​នៃ​បន្លែ​ទាំងនោះ គឺ​នាំចូល​ពី​ក្រៅប្រទេស។

លោក​បញ្ជាក់ថា “ពលរដ្ឋ​ដែលមាន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​របស់​បន្លែ​សរីរាង្គ​នេះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លើ​មធ្យម ដោយ​ពួកគាត់​គិតថា បន្លែ​សរីរាង្គ​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ចំណែក​ពលរដ្ឋ​មាន​ជីវភាព​ទាប​ក្រោម​មធ្យម មិនសូវ​គិតគូរ​ពី​អត្ថប្រយោជន៍​បន្លែ​សរីរាង្គ និង​មិនសូវ​គិតពី​រឿង​សុខភាព​ប៉ុន្មាន​ឡើយ ហើយ​ចូលចិត្ត​ទិញ​បន្លែ​នៅតាម​ផ្សារ​ដែលមាន​តម្លៃ​ទាប​ជាង​បន្លែ​សរីរាង្គ ដែលជា​ហេតុ​ធ្វើឱ្យមាន​បញ្ហា​ប្រឈម​នឹង​សុខភាព នៅ​ថ្ងៃ​អនាគត។

ចំណែក​លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា​មានប​ន្លែ​នាំចូល​គ្រប់​ប្រភេទ​ពី​ប្រទេសជិតខាង​រាប់មិនអស់​ទេ ច្រើន​មុខ​ណាស់ ពិសេស​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែលមាន​ចំនួន​ជាង 55% បើ​ធៀប​ជាមួយ​បន្លែ​ផលិត​ក្នុងស្រុក ដោយសារ​កសិករ​កម្ពុ​ជា​មិនសូវមាន​បច្ចេកទេស​ដាំ​ដុះ​បាន​ផល​ល្អ​ដូចប្រទេសជិតខាង​ទាំងនោះ ពិសេស​ថ្លៃដើម​នៃ​ការផលិត​ក៏មាន​តម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង​ដែរ ដូចជា​ជី និង​ប្រេងសាំង​ជាដើម ដែលជា​ហេតុ​ធ្វើឱ្យ​របរ​កសិកម្ម​រប​ស់​កសិករ​មិនសូវ​ទទួលបាន​ផលចំណេញ និង​មិនអាច​ប្រកួតប្រជែង​តម្លៃ ជាមួយ​បន្លែ​នាំចូល​បាន។

ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុងស្រុក​ក៏​ដួច​ជា​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​សហការ​ជាមួយ​កសិករ នៅតាម​បណ្តា​ខេត្ត​មាន​សក្តានុពលផ្សេងៗ ដើម្បី​បណ្តុះបណ្តាល និង​ផ្តល់​បច្ចេកទេស​ជូន​ពួកគាត់​ឱ្យដាំ​បន្លែ​សរីរាង្គ និង​ចិញ្ចឹមសត្វ​តាម​បទដ្ឋាន​ស្តង់ដារ​បច្ចេកទេស​សរី​រា​ង្គ​សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ និង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង។

នៅ​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង មាន​សក្តានុពល​ក្នុង​ការដាំ​បន្លែ​យក​ស្លឹក ដូចជា ស្ពៃ ខាត់ណា សាឡាដ ត្រកួន ជាដើម ចំណែក​ខេត្តកោះកុង មណ្ឌលគិរី រតនគិរី មាន​សក្តានុពល​ក្នុង​ការដាំ​ដើមឈើ​ហូប​ផ្លែ​មានដូចជា ល្ហុង ទៀបបារាំង ប៊័រ និង​ផ្លែ Passion ជាដើម។ ឯ​ខេត្តព្រៃវែង ប៉ៃលិន បាត់ដំបង មាន​សក្តានុពល​ផ្នែក​បន្លែ​ពពួក​គ្រឿងទេស ដូចជា រំដេង រមៀត ខ្ជាយ ហើយ​ខេត្តកំពង់ចាម តាកែវ សម្បូរ​កសិករ​ចិញ្ចឹមសត្វ​យក​សាច់​ដូចជា ជ្រូក មាន់ ទា ការផលិត​ត្រីងៀត ត្រីឆ្អើរ សាច់ក្រក និង​ខេត្ត​ដែល​សម្បូរ​ស្រូវ​ជាងគេ មាន​បាត់ដំបង តាកែវ កំពង់ស្ពឺ កំពត និង​ព្រៃវែង ដោយ​បច្ចុប្បន្ន​បាន​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​បាន​នាំ​ចេញទៅ​ក្រៅប្រទេស ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប ហុងកុង និង​វៀតណាម​ជាដើម។

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​សហការ​ជាមួយ​កសិករ​បង្កើតជា​សហគមន៍​ផលិតកម្ម​ប្រមាណ​ជាង 100សហគមន៍​នៅតាម​បណ្តា​ខេត្តផ្សេងៗដែលមាន​ប្រជាជន​សរុប 2,500នាក់​ដើម្បី​ដាំ​ដុះ​បន្លែ​សរីរាង្គ សម្រាប់​ប្រកួតប្រជែង​ជាមួយ​បន្លែ​នាំចូល​ដែល​គេ​គិតថា មិនមាន​សុវត្ថិភាព​សម្រាប់​សុខភាព។ លោក​ថា ដើម្បី​ប្រកួតប្រជែង​ជាមួយ​បន្លែ​នាំចូល​បាន កសិករ​មានតែ​ដាំ​បន្លែ​សរីរាង្គ​ប៉ុណ្ណោះ ដើម្បី​ទាញយក​ចំណែក​ទីផ្សារ​ព្រោះថា ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ក៏​ចូលចិត្ត​ទទួលទាន​បន្លែ​សរីរាង្គ​ច្រើន​ណាស់ដែរ៕

Advertisement