ដើរ​ស្រុក​គេ​ច្រើន បង្កើន​គំនិត​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate លោក សុខ សុភមង្គល

គំនិត​ក្នុង​ការធ្វើ​អាជីវកម្ម​ជា​រឿង​សំខាន់បំផុត​សម្រាប់​ពាណិជ្ជករ ព្រោះថា គំនិតថ្មីៗអាចជា​គន្លឹះ​ដែលនាំឱ្យ​អាជីវកម្ម​របស់គេ​រីកចម្រើន​បាន​យ៉ាង​ឆាប់រហ័ស។ ហេតុនេះហើយ​ទើប​អ្នករកស៊ីជាច្រើន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ស្វែងរក​គំនិត​អាជីវកម្ម​ឆ្លាត​វៃ​នានា តាម​វិធី​ជាច្រើន​ដែល​ក្នុងនោះ ការដើរ​សង្កេតមើល​ពី​គំនិត​អាជីវកម្ម​នៅ​បរទេស​ក៏​ជា​ផ្នែក​មួយ​ដែល​សហគ្រិន​អាច​ដកយក​នូវ​បទពិសោធ និង​គន្លឹះល្អៗជាច្រើន​មក​ប្រើ​បានដែរ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate លោក សុខ សុភមង្គល បាន​លើកឡើងថា ការចេញ​ទៅ​មើ​លពី​អាជីវកម្ម​នៅ​បរទេស គឺជា​វិធី​ល្អ​មួយ​ដើម្បី​ចេញផុត​ពី​បរិយាកាស​នៃ​សកម្មភាពដដែលៗក្នុងការ​គ្រប់គ្រង​ក្រុមហ៊ុន​ឆ្ពោះទៅកាន់​បរិស្ថាន​ដោយឡែក​មួយ​ដែល​ពោរពេញ​ដោយ​គំនិត​ថ្មី។ ការ​ចេញទៅ​ក្រៅប្រទេស​ដើម្បី​ស្វែងយល់​ពី​អាជីវកម្ម​នានា​ដែលមាន​ភាពរឹងមាំ និង​មានគំនិតប្លែកៗដែល​គេ​ទទួលស្គាល់​លើ​ពិភពលោក​អាចធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​នោះ​ទទួលបាន​លទ្ធផល​ល្អ​យ៉ាង​នឹកស្មាន​មិន​ដល់ ក្រោយ​ពេលដែល​គាត់​យកគំនិត​ទាំងអស់នោះមក​ប្រើ​ឱ្យ​ត្រូវ​នឹង​កាលៈទេសៈ​ជាក់ស្តែង។

លោក សុខ សុភមង្គល បាន​និយាយថា៖ “មាន​វិធី​គ្រប់គ្រង​ចង្វាក់​ផលិតកម្ម ឬ​អាជីវក​ម្មយ៉ាង​សាមញ្ញ​ជាច្រើន​ត្រូវបាន​គេ​អនុវត្ត​នៅ​បរទេស​ដែល​អ្នកគ្រប់គ្រង​នៅ​កម្ពុជា​អាច​ដកស្រង់​យកមកអនុវត្ត​បាន​យ៉ាង​ងាយ តែ​វិធីងាយៗទាំងអស់នោះ​ពេលខ្លះ​មិន​ត្រូវបាន​អ្នកគ្រប់គ្រង​នៅ​កម្ពុជា​គិត​ឃើញ​នោះទេ ព្រោះ​គាត់​មាន​ភាព​មមាញឹក​ខ្លាំង​ជាមួយ​ការដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃ​ក្នុង​អាជីវកម្ម។

សហគ្រិន​ដែល​តែងតែ​ចេញទៅ​ក្រៅប្រទេស​ជា​រៀងរាល់ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា មាន​អ្នកជំនួញ​មួយចំនួន​មិន​ចូលចិត្ត​ការធ្វើដំណើរ​ទ​ស្សន​កិច្ច​ពាណិជ្ជកម្ម​នៅក្រៅ​ប្រទេស​នោះទេ ព្រោះ​ពួកគេគិតថា​ជាប់រវល់​មិនអាច​ដកឃ្លា​បាន ត្រូវ​ចំណាយលុយ​ច្រើន ហើយ​ខាត​ពេល​ទៀតផង តែ​តាមពិតទៅ ការគិត​បែបនេះ​ធ្វើឱ្យ​ពួកគាត់​ខាត​ច្រើន​ទៅវិញ​ទេ ព្រោះ​បើ​គាត់​អាច​ដកឃ្លា​ទៅ​មើល​បរិស្ថានអាជីវកម្មថ្មីៗនៅ​ខាងក្រៅ គាត់​នឹង​ទទួលបាន​គំនិត​ឆ្លាត​វៃ​ច្រើន​ដែល​ធ្វើឱ្យ​គាត់​ដោះស្រាយ​បញ្ហា​បាន​លឿន​ជាង​មុន។ គាត់​ចំណាយពេល​តែមួយ​សប្តាហ៍ គាត់​នឹង​ចំណេញ​ពេល​ច្រើន​ពេល​គាត់​ត្រឡប់មកវិញ។

លោក សុភមង្គល បាន​បន្ថែមទៀតថា គ្មាន​ការអភិវឌ្ឍ​ណា​ដែល​មិន​ចំណាយធនធាន​ខ្លះ​នោះទេ។ ការធ្វើដំណើរ​ទៅ​សិក្សា​ពីបទ​ពិសោធ​ជាក់ស្តែង​នៅក្រៅប្រទេស​ប្រាកដជា​ចំណាយ​ថវិកា​ខ្លះ​ហើយ តែ​លទ្ធផល​ដែល​គាត់​បានមក​វិញ គឺ​គំនិតសំខាន់ៗជាច្រើន​ដែល​ជួយ​គាត់​បាន​ពេញ​មួយជីវិត។ បើ​ប្រៀបធៀប​គ្នា​ទៅ បទពិសោធល្អៗដែល​ពួកគាត់​បានសិក្សា​ពី​ក្រុមហ៊ុនធំៗនៅ​បរទេស​មិនអាច​យកប្រាក់​ដែល​គាត់​ចំណាយ​នោះ​ទៅ​ទិញ​បាន​នោះទេ  ហេតុនេះ​ការវិនិយោគ​ថវិកា​មួយចំនួន​ដើម្បី​ពង្រឹងសមត្ថភាព​ជាការ​ចំណាយ​យ៉ាង​ត្រឹមត្រូវ​បំផុត។

បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុងការ​ធ្វើដំណើរ​ទៅ​សិក្សា​ពីមុខ​ជំនួញ​នៅ​បរទេស​លោក ហាវ គង់​ងី ស្ថាបនិក​អាជីវកម្ម​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា បាន​លើកឡើងថា ការធ្វើដំណើរ​ទៅ​មើល​អាជីវកម្ម​នៅបរទេស​អាចជា​វិធីសាស្ត្រ​ល្អ​មួយ​ដើម្បី​រកឃើញ​ពី​ដំណោះស្រាយល្អៗពាក់ព័ន្ធ​នឹង​គំនិត​អាជីវកម្ម។ នៅ​ប្រទេស​ខ្លះ គេ​មាន​ប្រជាជន​ច្រើន មាន​ភាពសាំញ៉ាំ និង​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយហេតុនេះ​មនុស្ស​នៅក្នុង​សង្គម​នោះ រាប់ទាំង​អ្នកជំនួញ​នៅ​ប្រទេស​នោះ​ផង​បាន​ស្វែងរក​គំនិត​សម្រាប់​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​តាមរយៈ​សក​ម្ម​ភាព​នានា​ឬ​គំនិត​អាជីវកម្ម​របស់គេ​ផ្ទាល់ ហេតុនេះ​យើង​អាច​នឹង​មើលឃើញ​ដំណោះស្រាយល្អៗសម្រាប់​អនុវត្ត​ក្នុងសង្គម​របស់​យើង។

លោក ហាវ គង់​ងី បាន​និយាយថា៖ “មុន​បង្កើត​អាជីវកម្ម​សង្គម ផ្ទះ​តាម​ក្តី​ប្រាថ្នា  និង​ឥដ្ឋ​បរិស្ថាន​នេះ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​សិក្សា​វគ្គ​ខ្លី​ស្តីពី​សហគ្រិន​នៅ​បរទេស​និង​មើល​ពី​ចង្វាក់​ផលិតកម្ម​នៃ​ក្រុមហ៊ុនធំៗដូចជា​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​យន្តហោះ​បូ​អ៊ី​ញ​ជាដើម។ អ្វីដែល​ជាការ​សង្កេតរ​បស់​ខ្ញុំ គឺ​យើង​បានឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិទ្យាសាស្ត្រ​ជាច្រើន​ដែល​ប្រទេស​យើង​អាច​នឹងត្រូវ​មាននៅ​ថ្ងៃ​ខាងមុខ។

លោក គង់​ងី បានបញ្ជាក់​ផងដែរ​ថា​នៅពេលដែល​យើង​បានឃើញ​ពី​សក្តានុពល​នៃ​គំនិតសំខាន់ៗមួយចំនួន​នៅ​ប្រទេស​អភិវឌ្ឍន៍​ហើយ វា​អាចធ្វើឱ្យ​យើង​មាន​ជម្រើស​ច្រើន​ក្នុង​ការគិត និង​ពិចារណា​បង្កើតជា​ផលិតផល ឬ​សេវាកម្ម​សម្រាប់​អនុវត្ត​នៅ​កម្ពុជា។ ជាការ​ពិតណាស់ ពេលខ្លះ​យើង​គ្រប់គ្នា​រស់នៅក្នុង​សង្គម​មួយ​យើង​តែងតែ​ឃើញ​ពី​បញ្ហា និង​តម្រូវការ​របស់​ប្រជាជន​នៅក្នុង​សង្គម​នោះ តែ​ប្រសិនបើ​យើង​មិន​បានដឹង​ពី​គន្លឹះ​ឆ្លាត​វៃ​មួយចំនួន​ដែល​កើតចេញពី​ការសិក្សា​ស្វែងយល់​នៅ​ពិភព​ខាងក្រៅ​ទេ យើង​ក៏​លំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះដែរ។

យុវជន​មួយរូប​ដែល​ត្រៀម​បើក​អាជីវកម្ម​ខ្លួនឯង និង​ជា​អ្នកបង្កើត​សិក្ខាសាលា​មួយចំនួន​ស្តីពី​អាជីវកម្ម យុវជន ហម សុខ​នី យល់ឃើញថា ការធ្វើដំណើរ​ទៅ​ស្វែងយល់​ពី​គំនិត​អាជីវកម្ម​នៅ​បរទេស ពិតជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​អាចធ្វើឱ្យ​យើង​ភ្ជា​ក់​ផ្អើល។ យុវជន​ខាងលើ​បានបង្ហាញ​ផងដែរ​ថា គាត់​ចំណាយ​ពេលវេលា​ជាច្រើន​ទាំង​ការអាន​សៀវភៅ​ផង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ផង និង​ចូលរួម​សិក្ខាសាលា​ជាច្រើន ដើម្បី​ទទួលបាន​គំនិត​សម្រាប់​អាជីវកម្ម តែ​គំនិត​ទាំងអស់នោះ​ពេលខ្លះ​មិន​ដូច​ជាការ​ឃើញ​ផ្ទាល់​ភ្នែក​នោះទេ។

យុវជន ហម សុខ​នី បាន​និយាយ​បន្ថែមទៀតថា៖ “ការ​ឮ​ច្រើនដង​មិន​ដូច​ការ​ទៅ​ឃើញ​ផ្ទាល់​តែម្ដង​នោះទេ នៅពេលដែល​យើង​ទៅដល់​បរទេស យើង​នឹង​ឃើញថា សេវាកម្ម និង​ផលិតផលជាច្រើន​ដែល​ពេលខ្លះ​ជា​រឿងងាយៗសោះ តែ​យើង​មើលមិនឃើញ ហើយ​គំនិត​ទាំងអស់នេះ សុទ្ធតែជា​ចំណុច​ដែល​គួរ​ពិចារណា​សម្រាប់​បង្កើត​អាជីវកម្មប្លែកៗ ដែល​អាច​ទទួលបាន​កា​រ​គាំទ្រច្រើន​ពី​យុវវ័យ និង​មនុស្ស​រាល់គ្នា”៕

Advertisement