3ចំណុច ដែល​ធ្វើឱ្យ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់

បន្ទាប់ពី​បាន​ឆ្លងកាត់​ពី​ប្រទេស​មាន​ចំណូល​ទាប មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នាពេល​បច្ចុប្បន្ននេះ កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រែ​ក្លាយខ្លួនជា​ប្រទេស​ដែលមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ2030ខាងមុខ។ តើ​មាន​កត្តាសំខាន់ៗជា​អាទិភាព​អ្វីខ្លះ​ដែល​នឹង​រុញច្រាន​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នេះ?

នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​មហា​អនុតំបន់​មេគង្គ​នៅ​សាលសន្និសីទ​ជាតិ (NCC) ប្រទេស​វៀតណាម​ដែល​រៀបចំឡើង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និង​សភាពាណិជ្ជកម្ម​នៃប្រទេស​មហា​អនុតំបន់​មេគង្គ​កាលពីពេល​កន្លងទៅនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេចនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បានលើកឡើង​ពី​ការងារ​អាទិភាព​ចំនួន3 ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​យកចិត្តទុកដាក់​សំដៅ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ2030 ដែល​ការងារ​អាទិភាព​ទាំង3 នោះ​រួមមាន៖ ទី1. កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ ជាពិសេស​ផ្ដោតលើ​ការអភិវឌ្ឍ​របៀង​សេដ្ឋកិច្ច សំដៅ​ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ក្នុងស្រុក និង​តំបន់ ដោយ​ប្រកាន់យក​នូវ​អភិក្រម​នៃ​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមុខ។

ទី2. អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់ តាមរយៈ​ធ្វើឱ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​សេវាកម្ម ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទិ​ក​នៃ​មហា​អនុតំបន់​មេគង្គ ដោយ​បន្ដ​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្ដ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន។ ទី3. ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស​ផ្ដោតលើ​កម្មវិធី​សិក្សាអប់រំ ផ្នែក​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា និង​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

ជាមួយគ្នានេះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​កំពុងមាន​លក្ខណៈ​ល្អប្រសើរ ដែល​បាន​ងើបឡើង​នៅ​ឆ្នាំ2017 និង​បន្ដ​កើនឡើង​ថែមទៀត​នៅ​ឆ្នាំ2018 និង​ឆ្នាំ2019។ ស្របគ្នា​នេះ សេដ្ឋកិច្ច​ប្រទេសមហា​តំបន់​មេគង្គ​ក៏មាន​សម្ទុះ​គួរ​ជាទី​មោទនៈ ក៏ប៉ុន្ដែ​លទ្ធភាព​កំណើន​នៃ​អតិផរណា និង​អត្រា​ការប្រាក់​ដែល​បណ្ដាលមកពី​កំណើន​តម្រូវការ និង​ទំនោរ​គាំពារ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ប្រទេសមួយ​ចំនួន​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ផងដែរ។

បញ្ហា​នេះ​ប្រទេស​មហា​អនុតំបន់​មេគង្គ​ចាំបាច់​ត្រូវ​បង្កើនល្បឿន​នៃ​សមាហរណកម្ម និង​ការតភ្ជាប់​តំបន់​ដោយ​ផ្ដោតលើ​វិស័យ​អាទិភាព​មួយចំនួន​បន្ថែមទៀត ដូចជា​វិស័យ​ហរិញ្ញវត្ថុ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការអភិវឌ្ឍ​ទីក្រុង​នៅតាម​តំបន់​ជាប់​ព្រំដែន។ ការពង្រឹង​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ កិច្ចការ​របស់​យើង​នឹង​ផ្ដល់នូវ​លំហូរ​សម្រាប់​កំណើនសេដ្ឋកិច្ច​តំបន់​ក្នុងពេល​អនាគត​តាមរយៈ​ការតភ្ជាប់​ក្របខ័ណ្ឌ​មហា​អនុតំបន់​មេគង្គ និង​តាមរយៈ​កាលា​នុ​វត្ដ​ភាព​ពី​គំនិត​ផ្ដួចផ្ដើម​តំបន់​ផ្សេងទៀត។

ជាមួយគ្នានេះដែរ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ទាញ​នូវ​ចំណាប់អារម្មណ៍​លើ​បញ្ហា​ប្រឈមមុខ​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​ការគិតគូរ និង​ដោះស្រាយ​រួមមាន៖

1.ការមិន​ទាន់​ទាញយក​ប្រយោជន៍​អស់ពី​សក្ដានុពល​ដែលមាន​នៅតាម​របៀង​សេដ្ឋកិច្ច​ដ៏​រស់​រវើក​របស់​មហា​អនុតំបន់​មេគង្គ។

2.បញ្ហា​ប្រឈម​នៃ​កំណើន​នគរូបនីយកម្ម ដោយសារ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៅក្នុង​តំបន់។

3.ការកកស្ទះ​នៅតាម​ច្រកព្រំដែន ដែល​បណ្ដាលមកពី​សក​ម្ម​ភាព​ពាណិជ្ជកម្ម និង​ធុរកិច្ច។

4.ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បច្ចុប្បន្ន​នៅ​មិនទាន់​ឆ្លើយតបបាន​ទៅនឹង​កំណើន​នៃ​តម្រូវការ។

5.ការបន្ដ​ពឹងផ្អែក​ទៅលើ​ធនធានធម្មជាតិ និង​កម្លាំង​ពលកម្ម​មានតម្លៃ​ទាប​ក្នុងការ​ទាក់ទាញ​ការវិនិយោគ និង​ធុរកិច្ច និង​មិនអាច​រក្សា​បានឡើយ​នូវ​កំណើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។

គួរ​បញ្ជាក់ថា កម្ពុជា​បាន​ឆ្លង​ផុតពី​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2015 ព្រមទាំង​ត្រូវបាន​ចាត់ទុកថា​ជា “ខ្លា​សេដ្ឋកិច្ច​អាស៊ី” នៅ​ឆ្នាំ2016។ កំណើនសេដ្ឋកិច្ច​នេះ​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​ឆ្លុះបញ្ចាំង​ដោយ​ធនាគារពិភពលោក​ដែល​បង្ហាញថា ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ស្ថិតក្នុង​អត្រា 0.3% និង​ភាពក្រីក្រ​តោកយ៉ាក​ត្រូវបាន​លុបចោល​ទាំងស្រុង​កាលពី​ឆ្នាំ2017។

ទន្ទឹមនឹងនេះ ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏មាន​ការកើនឡើង​ផងដែរ ដោយ​ផលិតផល​ក្នុងស្រុក​សរុប(GDP) ក្នុង​មនុស្ស​ម្នាក់​កើន​ពី 1,042ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2013 ដល់​ប្រមាណ 1,427ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2017 និង1,563 ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018នេះ៕

Advertisement