ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​ស្ថិតក្នុង​ភាព​ប្រឈម

បច្ចុប្បន្ន​ដោយសារ​មានការ​ចូលរួម​ពី​ផ្នែក​ឯកជន​ប្រជាកសិករ​ខ្មែរ​ស្ទើរតែ90% បាន​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ក្នុង​ការជំរុញឱ្យ​ប្រសើរឡើង​នូវ​មុខរបរ​កសិកម្ម​របស់ខ្លួន​ដែល​ត្រូវបាន​គេ​មើលឃើញថា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ការធ្លាក់ចុះ​កម្លាំង​ពលកម្ម ការប្រែប្រួល​អាកាសធាតុ និង​ឱនភាព​ដី​បានធ្វើឱ្យ​វិស័យ​កសិកម្ម​មិនអាច​ឈានទៅ​សម្រេចបាន ឬ​ប្រើ​ឱ្យអស់​លទ្ធភាព​នូវ​សក្តានុពល​របស់ខ្លួន​ដែលមាន។

បញ្ហា​នេះ​អ្នកជំនាញ​ក្នុង​វិស័យ​កសិកម្ម​យល់ថា ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​មិនទាន់​លឿន​នៅឡើយ​ទេ ដោយសារតែ​បញ្ហា​ក្បាលដី​សម្រាប់ធ្វើ​កសិកម្ម​នៅមាន​ទំហំ​តូច និង​កម្សោយវិនិយោគ​លើ​ការកសាង​ប្រព័ន្ធធារាសាស្ត្រ។ ការណ៍​នេះ​ទាមទារ​ឱ្យមាន​ការធ្វើ​ទំនើបកម្ម​កាន់តែខ្លាំង​ឡើង​ថែមទៀត​ក្នុង​វិស័យ​សំខាន់​មួយ​នេះ។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែងថា វិស័យ​កសិកម្ម​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​បានធ្វើឱ្យ​វិស័យនេះ​មិនអាច​អភិវឌ្ឍ​ទៅមុខ​លឿន​បាន។ នេះ​បើ​យោងតាម​ព័ត៌មាន​ដែល​បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក។

លោក​បាន​បញ្ជាក់ថា៖“កសិករ​មាន​ក្បាលដីតូចៗសម្រាប់ធ្វើ​កសិកម្ម ហើយ​ជាការ​ត្រឹមត្រូវ​ណាស់ ក្បាលដីតូចៗទាំងនោះ​មិន​អនុញ្ញាតឱ្យ​ពួកគាត់​ប្រើប្រាស់​គ្រឿងយន្តធំៗបានទេ។ គាត់​មិនអាច​ទៅ​ទិញ​ត្រាក់ទ័រ​មួយ ឬ​ម៉ាស៊ីន​ច្រូត​មួយ​មក​ប្រើ​បានទេ អ៊ីចឹង​គាត់​មានតែ​ប្រើ​សេវា​ជួល​របស់​អស់ហ្នឹង ដែល​នេះ​គឺជា​ការចូលរួម​ពី​វិស័យ​ឯកជន។

លោក​បាន​ថ្លែងបន្តថា ខណៈដែល​កម្ពុជា​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម តែ​វិស័យនេះ​ក៏​នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ពាក់ព័ន្ធ​នឹង​ការកែច្នៃ​ផលិតផល​កសិកម្ម។ លោក​បានបន្តទៀតថា កម្ពុជា​មិនអាច​ពឹង​តែ​ពី​ការលក់​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​ប៉ុណ្ណោះ​ទេ ព្រោះ​ការលក់​បាន​ថ្លៃ ឬ​ថោក អាស្រ័យទៅលើ​ទីផ្សារ​អន្តរជាតិ។

លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក (CEDAC) បានផ្ដល់​ទស្សនៈ​មួយចំនួន​ដែល​អា​ចព​ន្លឿ​ន​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យនេះ​បាន​លឿន​ជាង​មុន និង​ធ្វើឱ្យ​វិស័យនេះ បាន​រីកដុះដាល​បន្ថែមទៀត​នោះ​គឺ៖

ទី1-ទាក់ទង​នឹង​ចំណេះដឹង ការយល់ដឹង​របស់​ប្រជាកសិករ​យើង។ ត្រូវ​បណ្តុះបណ្តាល​គាត់ និង​អប់រំ​ពី​ការវិនិយោគ​វិស័យ​កសិកម្ម ដូច​ជាការ​ស្ទូងស្រូវ​ដោយ​ម៉ាស៊ីន​ជាដើម“ចំណុច​នេះ​ឱ្យ​គាត់​សម្លឹង​មើលទៅ​ប្រទេសជិតខាង​ដើម្បី​ថ្លឹងថ្លែង​ពី​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​កសិកម្ម​នេះ ពីព្រោះ​ពេលខ្លះ​វា​អាច​នាំមក​នូវ​ជោគជ័យ តែ​ពេលខ្លះ​វា​ក៏​មិន​នាំមក​នូវ​ជោគជ័យ​ដែរ។ដោយហេតុថា ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ​នេះ​មិន​សម​នឹង​តម្លៃ​ដែល​បាន​ចំណាយ ឧទាហរណ៍​ការធ្វើ​ស្រូវ​ដី 1ហិកតា​ដោយ​ការប្រើ​ត្រាក់ទ័រ វា​ខុសគ្នា​នឹង​ការ​ភ្ជួរ​ដោយ​គោ-ក្របី។

ទី2-ទាក់ទង​នឹង​ផ្ទៃដី ភាគច្រើន​ប្រជាកសិករ​មាន​ទំហំ​ដី​ធ្វើ​កសិកម្មតូចៗ ហើយ​នៅ​ដាច់​ឆ្ងាយ​ពីគ្នា។លោក​បានបញ្ជាក់​បន្ថែម​ថា៖ “ការប្តូរ​ប្រព័ន្ធ​ក្បាលដី​ហ្នឹង គឺ​សំខាន់​ណាស់​ដើម្បីឱ្យ​គាត់​ប្រមូល​ដី​ហ្នឹង​មក​ជិតគ្នា​បើ​គាត់​មាន​មួយ​ហិកតា កុំ​ឱ្យមាន​ច្រើន​ស្រែ​ពេក គឺ​មួយ​ហិកតា នៅ​ប្រមូល​ផ្តុំគ្នា​តែមួយ​ហិកតា​ហ្នឹង គឺជា​ការល្អ​ដែល​អាច​ឲ្យ​គាត់​ធ្វើ​អី​បាន​ច្រើន​នៅលើ​ផ្ទៃដី​ផ្តុំគ្នា​ហ្នឹង។

ទី3-ទាក់ទង​នឹង​ភាព​ដែល​អាច​រកបាន រដ្ឋាភិបាល​ត្រូវ​ជួយ​ដល់​កសិករ​នូវ​ការ​នាំចូល​នូវ​ក្រម​ហ៊ុន​ដែលមាន​គ្រឿងចក្រ​ដែល​អាច​ជួល​ក្នុងតម្លៃ​ទាប​ដើម្បីឱ្យ​កសិករ​ចំណាយ​ក្នុង​ការផលិត​សមស្រប​មិន​ចំណាយ​ដើមទុន​ធំ​ពេក។

ទី4-ទាក់ទង​នឹង​ការឧបត្ថម្ភ​ធន រដ្ឋាភិបាល​ត្រូវ​ជួយ​ដល់​កសិករ​ដោយ​ផ្តល់នូវ​ដី​សម្បទាន​សង្គមកិច្ច និង​ជួយ​ជំរុញឱ្យមាន​ការផ្តល់​ឥណ​ទាន ឬ​ទុន​កម្ចី​ដែលមាន​កម្រិត​ការប្រាក់​ទាប ដែល​អាច​ផ្តល់ឱកាស​ឱ្យ​កសិករ​មាន​ទុនវិនិយោគ​លើដី​កសិកម្ម​របស់​ពួកគេ​បាន៕

Advertisement