សមាគម និង​មន្ត្រី​និយាយ​ខុសគ្នា​ពី​បញ្ហា​ជ្រូក​នាំចូល

លោក​បណ្ឌិត សេន សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ

ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង (ប្រទេស​ថៃ និង​វៀតណាម)មក​កម្ពុជា​បានក្លាយ​ជា​ប្រធានបទ​មួយ​ដែល​ធ្វើឱ្យ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា (CLRA)បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ និង​បាន​ស្នើសុំ​ទៅ​ក្រសួងកសិកម្ម​ឱ្យជួយ​ចាត់វិធានការ​ដោះស្រាយ​លើ​បញ្ហា​នេះ។

លោក​បណ្ឌិត សេន សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានផ្តល់​បទ​សម្ភាស​ថា៖ “សម្រាប់​បញ្ហា​នេះ​នាយកដ្ឋាន​ធ្លាប់បាន​ជួបប្រជុំ​ជាមួយ​សមាគម​នេះ​ដោយបាន​ពន្យល់​ពី​គោលការណ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​គោលនយោបាយ​រដ្ឋាភិបាល​ពេលបច្ចុប្បន្ន​ទៅ​គាត់​ឱ្យ​យល់​ពី​បញ្ហា​នេះ​រួចហើយ។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា (CLRA) បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​បញ្ហា​នាំ​ជ្រូក​ចូល​នេះ​សមាគម​ចង់ឱ្យ​ក្រសួង​ទប់ស្កាត់​ការនាំ​ចូល​ដ៏​គំហុក​នេះ ព្រោះ​វា​ធ្វើឱ្យមានបញ្ហា​ដល់​កសិករ​ដែល​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា។

កសិដ្ឋានចិញ្ចឹមជ្រូក

លោក​បានឱ្យដឹងថា តម្លៃ​បាន​ធ្លាក់ចុះ និង​ការបង្ខំ​លក់​ចេញ​ជ្រូក​រស់​របស់​កសិករ​ក្នុងស្រុក ដោយសារ​ពួក​ឈ្មួញ​សម្រុក​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូលមកក្នុង​មួយថ្ងៃ​ប្រហែល​ជាង3,000ក្បាល(បើតាម​លោក​រដ្ឋមន្ត្រី​កសិកម្ម​ថា ការនាំ​ចូល​មាន​ត្រឹមតែ​ជាង 1,000ក្បាល​ប៉ុណ្ណោះ)។

លោក​បាន​បញ្ជាក់ថា៖ “តម្លៃ​ជ្រូក​រស់​ដែល​ឈ្មួញ​លក់​ចេញ​ក្នុង​ទីផ្សារកម្ពុជា​មានតម្លៃ 7,500រៀល ទៅ8,000រៀល​ទាប​ជាង​តម្លៃ​ជ្រូក​ក្នុងស្រុក ខណៈ​អាជីវករ​អ្នកកាប់ជ្រូក​វិញ​ចូលចិត្ត​ទិញ​ជ្រូក​មកពី​វៀតណាម​ជាង​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក ដោយសារ​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង។ ពោលគឺ​ថ្លៃដើម​ជ្រូក​រស់ក្នុង​ស្រុក​របស់​ក​សិ​ករ​មានតម្លៃ​រហូត​ដល់ 8,000រៀល​រួចទៅហើយ​ដែល​តម្លៃ​នេះ​វា​ស្មើ ឬ​ខ្ពស់ជាង​តម្លៃ​ជ្រូក​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម។

លោក​បណ្ឌិត សេន សុវណ្ណ បានឱ្យដឹង​ដែរ​ថា​រដ្ឋាភិបាល​មាន​ទិសដៅ​ច្បាស់លាស់ យើង​កំពុងតែ​ធ្វើឱ្យ​សាច់ជ្រូក​ចុះថ្លៃ​ជា​បណ្តើរ។ កាលពី​ឆ្នាំមុន​សាច់ជ្រូក​មួយ​គីឡូ​ថ្លៃ 18,000រៀល ឥឡូវ​មួយគីឡូ​ថ្លៃ​ត្រឹមតែ 15,000រៀល​ទេ ហើយ​មាន​គុណភាព​ទៀត នេះ​គឺជា​ប្រសិទ្ធភាព​នៃ​ការចាត់វិធានការ។ លោក​បាន​បន្តថា ការដែល​សមាគម​មួយ​បាន​សម្ដែង​ការព្រួយបារម្ភ​ក្នុងការ​ចិញ្ចឹម​ជ្រូក ជា​រឿងរបស់គាត់​ដែល​ចង់ឱ្យ​រដ្ឋ​ជួយ តែ​ខាង​រដ្ឋាភិបាល​ក៏មាន​នាយកដ្ឋាន​ដែល​ទទួល​ការងារ​នេះ ដូចជា​បណ្ដុះបណ្តាល​ក្នុងការ​ចិញ្ចឹម​ថែទាំ​ជាប្រចាំ​តាម​បទដ្ឋាន​បច្ចេកទេស​ផងដែរ។ លោក​បណ្ឌិត​បញ្ជាក់ថា បើតាម​តួលេខ​ការចិញ្ចឹម​ជ្រូក​ឆ្នាំនេះ​គឺមាន​កំណើន 3.5ភាគរយ​ក្នុងចំណោម​សត្វ​ចិញ្ចឹម​ដទៃ​ដែលមាន​កំណើន​ដូចគ្នា។

ឯ​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​វិញ​បានឱ្យដឹងថា ការដែល​សមាគម​ចង់ឱ្យ​ក្រសួង​មាន​វិធានការ​ទប់ស្កាត់​ការនាំ​ចូល​សត្វ​ជ្រូក​នេះ គឺ​វា​អាចជួយ​កសិករ​មិនឱ្យ​បាត់បង់មុខរបរ និង​កសិដ្ឋាន ឬ​បោះបង់​ការចិញ្ចឹម​ជ្រូក​ដែលជា​មុខរបរ​ជួយ​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគាត់។ លោក​មិនមែន​ចង់ឱ្យ​រដ្ឋាភិបាល​បិទ​ការ​នាំចូល​ជ្រូក​នោះទេ ព្រោះ​ការផ្គត់ផ្គង់​ជ្រូក​ក្នុងស្រុក​នៅ​មិនទាន់​បំពេញតម្រូវការ​គ្រប់​នៅឡើយ​ទេ។

លោក​បានឱ្យដឹង​បន្ថែមទៀតថា ការផ្គត់ផ្គង់​ក្នុងស្រុក​មាន​ត្រឹមតែ​ប្រមាណ70ភាគរយ​ទេ ដូច្នេះ​យើង​ចង់ឱ្យ​ក្រសួងកសិកម្ម​កំណត់ថា តើ​ត្រូវ​នាំចូល​ជ្រូក​ចំនួន​ប៉ុន្មាន​ក្បាល​ដើម្បី​បំពេញ​បង្គ្រប់​លើ​ចំនួន20 ទៅ30ភាគរយ​ដែល​យើង​ត្រូវការ​នោះ ប៉ុន្តែ​ការនាំ​ចូល​បច្ចុប្បន្ន វា​ច្រើន​រហូតដល់​ទៅ50 ទៅ60ភាគរយ​ឯណោះ។

ដូច្នេះ​រដ្ឋាភិបាល​ដែលមាន​ក្រសួងកសិកម្ម​ជា​សេនាធិការ​នោះ​ត្រូវតែ​ធ្វើឱ្យមាន​តម្លាភាព​ក្នុងការ​នាំចូល​ជ្រូក និង​កំណត់​បរិមាណ​នាំចូល មិនអាច​បើកទូលាយ​ធ្វើឱ្យ​ស្លាប់​ទីផ្សារ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​នោះទេ។ មិនតែប៉ុណ្ណោះ​បរិមាណ​ជ្រូក​ពី​វៀតណាម​ចូល​ទីផ្សារ​កម្ពុជា​ថែមទាំង​ហាក់ដូចជា​ពិបាក​គ្រប់គ្រង​ទៀតផង ដោយសារតែ​ការនាំ​ចូល​តាម​ច្រករបៀង​ដែលជា​ច្រក​នាំចូល​ពី​វៀតណាម​មក​កម្ពុជា​នោះ​មាន​ច្រើនពេក។

លោក​បណ្ឌិត សេន សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បានបញ្ជាក់​មកវិញ​ដែរ​ថា ចំពោះ​បញ្ហា​កសិដ្ឋាន​មួយចំនួន​ដែល​ត្រូវ​បិទ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​ក៏បាន​បញ្ជាក់​ហើយ​ថា“កសិដ្ឋាន​ខ្លះ​ពុំមាន​ការចិញ្ចឹម​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ទើបត្រូវ​ដួលរលំ​ដោយ​ខ្លួនឯង។ ស្រុក​ណា​ក៏​គេ​នាំចូល​ដែរ វា​ជាការ​ធ្វើ​ពាណិជ្ជកម្ម កម្ពុជា​កំពុងតែ​រីកចម្រើន​បែរជា​ចង់ឱ្យ​កម្ពុជា​ដើរ​ផ្លូវខុស រឿងនេះ​ថៃ​ក៏​ចង់​ដក​កូតា​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដែរ ដោយសារ​ចង់​បិទ​ការនាំ​ជ្រូក​ពី​ប្រទេស​គេ​គឺ​ដោយសារតែ​សម្តី​សមាគម។ ដូច្នេះ​រឿង​អ្វី​ក៏ដោយ​គេ​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់​សិន ព័ត៌មាន​អ្វី​ក៏ដោយ​ត្រូវតែ​ឆ្លុះបញ្ចាំង​នូវ​ការពិត​ផង។

ជាការ​ពិត ដើម្បី​ស្តារ​បញ្ហា​តម្លៃ​ជ្រូក​នេះ​ឱ្យ​ល្អ​ឡើងវិញ កសិករ​ត្រូវតែ​សិក្សា​លើ​ថ្លៃដើម​នៃ​ការចិញ្ចឹម​ជ្រូក ព្រោះ​ការផលិត​របស់​យើង​នៅ​ប្រើ​ដើមទុន​ខ្ពស់ មិនអាច​ប្រ​កូត​ប្រជែង​ជាមួយ​ប្រទេស​ក្បែរខាង​បានទេ។ ដោយសារតែ​កសិករ​ខ្មែរ​យើង​នៅ​ពិបាក​ក្នុងការ​ធ្វើឱ្យ​ថ្លៃដើម​ធ្លាក់ចុះ​ទាប​បាន ព្រោះ​តម្លៃ​ទឹក-ភ្លើង និង​សេវា​ដឹក​ជ​ញ្ចូ​ន​ក្នុងស្រុក​មានតម្លៃ​ខ្ពស់​ពេក​បើ​ធៀប​នឹង​ប្រទេសជិតខាង​កម្ពុជា៕

Advertisement