បង្កង​តង្កៀប​ក្រហម កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​កម្ពុជា

បង្កង​តង្កៀប​ក្រហម ជា​ប្រភេទ​អាហារ​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​បង្កង​ទន្លេ ដែល​ត្រូវបាន​គេ​នាំ​ពូជ​ចូល​ពី​ប្រទេស​ថៃ​យកមក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​មួយកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​រហូត​ចិញ្ចឹម​លក់​ឱ្យ​អតិថិជន​សឹងតែ​មិនទាន់​ទៀតផង។

លោក ផល រដ្ឋា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​តង្កៀប​ក្រហម​ដែលមាន​ទីតាំងនៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា មុននឹង​ចាប់ផ្តើម​ចិញ្ចឹម​បង្កង​នេះ លោក​បាន​ទៅ​រៀន​ជាមួយ​ប្រជាជន​ថៃ​នៅឯ​ប្រទេស​ថៃ​កាលពី​អំឡុង​ឆ្នាំ2005 ខណៈពេលដែល​ព្រះមហាក្សត្រ​ថៃ​កំពុង​បំផុស​ឱ្យ​ប្រជាកសិករ​ថៃ​ចិញ្ចឹម​បង្កង​ប្រភេទ​នេះ​ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ។

លោក​ថា ក្រោយពី​រៀន​រួច លោក​មិនបាន​ចិញ្ចឹម​បង្កង​នេះភ្លាមៗទេ ព្រោះ​ដោយសារតែ​កាលនោះ​បង្កង​ប្រភេទ​នេះ​កំពុង​ល្បីល្បាញ តែ​មិនសូវមាន​អ្នក​ចិញ្ចឹម​សម្រាប់​បង្កាត់កូន​លក់​ទេ និង​មានការ​ពេញនិយម​ចិញ្ចឹម​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ​ផង​នោះ ទើប​ធ្វើឱ្យ​ពូជ​របស់​វា​ត្រូវបាន​គេ​លក់​ក្នុងតម្លៃ​ខ្ពស់​ខ្លាំងណាស់​គឺ​បង្កង​ពូជ 2ក្បាល​តម្លៃ​ដល់​ទៅ 100ដុល្លារ​ឯណោះ។

រហូតមកដល់​ឆ្នាំ​កន្លងទៅ ពោលគឺ​ឆ្នាំ 2017 បង្កង​នេះ​រាង​ធ្លាក់​ថ្លៃ​បន្តិច​នៅលើ​ទីផ្សារ​ប្រទេស​ថៃ ដោយសារ​មាន​អ្នក​ចិញ្ចឹម និង​បង្កាត់កូន​លក់​ច្រើនឡើង ទើប​លោក​សម្រេច​ទិញ​កូន​បង្កងតូចៗដឹកយកមក​ចិញ្ចឹម​នៅ​ប្រទេស​កម្ពុជា​ក្នុងតម្លៃ 1ដុល្លារ​សម្រាប់​កូន​បង្កង​មួយ​ក្បាល។

ពូជ​បង្កង​នេះ​ងាយស្រួល​ដឹកជញ្ជូន​ណាស់ គ្រាន់តែ​ដាក់​កូន​វា​នៅក្នុង​ធុង​ស្នោ ហើយ​ដាក់​ទឹកកក​ដុំ​ពីលើ​ឱ្យ​ត្រជាក់​ប៉ុណ្ណោះ គេ​អាចដាក់​តាម​ឡាន​តាក់ស៊ី​យកមក​ដល់​ស្រុក​ខ្មែរ​ដោយ​មិនមាន​ងាប់ ឬ​ប៉ះពាល់​ដល់​សុខភាព​បង្កង​ឡើយ។ ប៉ុន្តែ​មុននឹង​ដឹក​មក កសិករ​ត្រូវ​រៀបចំ​ស្រះ​ទុកជាមុន​ឱ្យ​ហើយ អាចជា​ស្រះ ឬ​ត្រពាំង​ធម្មជាតិ​ក៏បាន ឬក៏​ស្រះ​សិប្បនិម្មិត​ធ្វើ​ពី​ស៊ីម៉ង់ត៍​ក៏បាន តែ​ត្រូវធ្វើ​ដំបូល​ប្រក់​ពីលើ និង​ធ្វើយ៉ាងណា​ឱ្យ​ស្រះ​នោះ​មាន​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន ទើប​បង្កង​អាចរ​ស់បាន។

អ្នកជំនាញ​វ័យក្មេង​រូបនេះ​បានបញ្ជាក់​បន្ថែមថា ជាទូទៅ​គេ​មិនចាំបាច់​កំណត់​ទំហំ​ស្រះ​នោះទេ ប៉ុន្តែ​ដើម្បីឱ្យ​ងាយស្រួល​ប្រមូល​ផល ក៏ដូចជា​ការថែទាំ​ផង​នោះ គេ​អាចធ្វើ​ស្រះ​ទំហំ 16 x 26ម៉ែត្រ ហើយ​បើសិនជា​ស្រះ​ធ្វើ​ពី​ស៊ីម៉ង់ត៍ គេ​ត្រូវដាក់​ទឹក​ជម្រៅ 30សង់ទីម៉ែត្រ និង​ស្រះ​ត្រពាំង​គេ​ត្រូវ​បញ្ចូល​ទឹក 1.2ម៉ែត្រ​ដើម្បីឱ្យ​ត្រូវ​តាម​ស្តង់ដារ​ដែល​គេ​បាន​បង្រៀន និង​ធ្វើយ៉ាងណា​ឱ្យ​ទឹក​ក្លាយជា​ទឹកល្អក់ ចៀសវាង​ទឹកថ្លា​ថ្ងៃ​ចាំង​ចូល​នាំឱ្យ​ទឹក​ក្នុង​អាង​ក្តៅ។

ចំពោះ​ការរៀបចំ​ស្រះ​នេះដែរ មុនដំបូង​គេ​ត្រូវ​ជីកដី​ហាល​ចោល និង​បាច​កំបោរ​ស​ទុកចោល​មួយរយៈ ដើម្បី​សម្លាប់​មេរោគ ក៏​ដួច​ជា​ដើម្បី​បង្កើត​អុក​ស៊ី​ហ្ស៊ែ​ន ឬ​បង្កើតជា​ទឹកអាល់កាឡាំង(80-120)និង​ត្រូវ​ឱ្យមាន​សារធាតុ PH យ៉ាងហោច 7.5 នៅក្នុង​ស្រះ។ បើសិនជា​ស្រះ​មិនមាន​សារធាតុ​ទាំងអស់នេះ​ទេ គេ​មិនអាច​ចិញ្ចឹម​បង្កង​បានឡើយ ដោយសារ​ពពួកសត្វ​ប្រភេទ​នេះ​វា​ត្រូវការ​អុក​ស៊ី​ហ្ស៊ែ​ន​ជា​ចាំបាច់​ទើប​អាចរ​ស់បាន។ យ៉ាងណាក៏ដោយ បើសិនជា​ស្រះ​មិនមាន​សារធាតុ​ខាងលើ​ទាំងអស់​នោះទេ គេ​អាច​ទិញ​ថ្នាំ​ដែលមាន​តម្លៃ​ទាប​មក​ដាក់​ក្នុង​ស្រះ​ដើម្បីបង្កើតឱ្យមាន​អុក​ស៊ី​ហ្ស៊ែ​ន និង​សារធាតុ​ទាំងពីរ​ខាងលើ​បាន​ដោយ​ងាយ។

ក្រោយពី​រៀបចំ​ស្រះ​រួច និង​គេ​នឹង​ពិនិត្យឃើញថា ក្នុង​ទឹក​មាន​សារធាតុ​អុក​ស៊ី​ែ​ហ្ស៊​ន និង​សារធាតុ​រ៉ែ​ទាំងនោះ​ហើយ គេ​អាចដាក់​កូន​បង្កង​ចូលទៅ​បាន​និង​ដាក់​ចំណី​ឱ្យ​ស៊ី​តាម​ធម្មតា។ ជាទូទៅបង្កង​ប្រភេទ​នេះ​មិន​រើស​ចំណី​ទេ វា​ស៊ី​ទាំង​បន្លែ​ធម្មជាតិ ដូចជា ចក ត្រកួន ពោត សណ្តែក និង​ផ្លែឈើ​មួយចំនួនទៀត ឬ​អាចដាក់​កូន​ត្រី ឬ​សាច់​ឱ្យ​វា​ស៊ី​ក៏បាន ហើយ​វា​មិន​ស៊ី​ចំណី​ច្រើន​ដូច​ត្រី​រ៉ស់ ត្រី​ឆ្តោ ឬ​ត្រី​ប្រា​នោះឡើយ។ បើសិន​ខ្វះ​ចំណី​កសិករ​អាច​ទិញ​ចំណី​ដែល​គេ​ផលិត​ពីសា​ច់​ត្រី​ស្រេច​ដើម្បី​យកមក​កូន​បង្កង​ស៊ី​ក៏បាន ប៉ុន្តែ​ធ្វើយ៉ាងណា​ចៀសវាង​កុំឱ្យ​ទឹកស្អុយ​ហើយ​ត្រូវ​រក្សា​ទឹក​ឱ្យ​ល្អក់​ជាប្រចាំ។

ក្រោយពី​ថែទាំ និង​ដាក់​ចំណី​ឱ្យ​ស៊ី​ជាប្រចាំ​បាន​ប្រមាណ​ជា3 ទៅ4ខែ​មក គេ​អាច​ប្រមូល​ផល​បង្កង​បាន​ហើយ ដែល​នៅពេលនោះ​ក្នុង​មួយ​ក្បាលមាន​ទម្ងន់​ប្រហែលជា 1ខាំ ឬ8 ទៅ10ក្បាលមានទម្ងន់ 1គីឡូក្រាម​ហើយ។ បង្កង​ប្រភេទ​ថ្មី​នេះ​មិន​ខ្វះ​ទីផ្សារ​នោះទេ មាន​ទាំង​ទីផ្សារ​ខ្មែរ និង​ទីផ្សារ​ចិន ជាពិសេស​អតិថិជន​ក្នុង​ក្រុងភ្នំពេញ​ដែល​ក្នុង​មួយ​គីឡូក្រាម​គេ​អាច​លក់​បោះ​ដុំ​បាន​ចន្លោះ​ពី20 ទៅ25ដុល្លារ ប៉ុន្តែ​សំខាន់​គឺ​មិនមាន​បង្កង​លក់​គ្រប់គ្រាន់​ឱ្យ​ម៉ូយ។ ហើយ​បច្ចុប្បន្ននេះ​អ្នក​ចិញ្ចឹម​បង្កង​តង្កៀប​ក្រហម​ខាងលើ ឈប់​ចិញ្ចឹម​ដើម្បី​ចាប់​លក់​ជា​អាហារ​ទៀតហើយ តែ​ងា​កមក​ចិញ្ចឹម​យក​ពូជ (កូន​បង្កង)ទុក​លក់​ឱ្យ​កសិករ​ទិញ​យកទៅ​ចិញ្ចឹម​បន្ត​ដែល​ឥឡូវ​កំពុងមាន​ត្រូវការ​ខ្លាំង​នៅតាម​បណ្តា​ខេត្តផ្សេងៗវិញ​ម្ដង៕

Advertisement