អគារលំនៅដ្ឋានរចនាប័ទ្មបែបខ្មែររំពឹងទាញយកភ្ញៀវមានចំណូលខ្ពស់

ស្របពេលមានការជំរុញពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលតម្រូវឱ្យស្ថាបត្យករខ្មែរចូលរួមថែរក្សាអត្ដសញ្ញាណជាតិសម្រាប់សំណង់អគាររបស់ខ្លួននោះ អគារលំនៅដ្ឋាន «ទ្រនំ» ត្រូវបានគេមើលឃើញថាមានការរចនាផ្ទៃខាងក្នុងអគារស្របទៅតាមលក្ខណៈក្បាច់ក្បូរខ្មែរ លាយឡំ និងរចនាប័ទ្មបែបបស្ចិមប្រទេសនោះរំពឹងថានឹងអាចទាញយកភ្ញៀវមានប្រាក់ចំណូលកម្រិតខ្ពស់ចូលមកស្នាក់នៅ។

លោក សេង វណ្ណៈ នាយកប្រតិបត្តិ និងជាប្រធានផ្នែកស្ថាបត្យកម្មរបស់ក្រុមហ៊ុនវណ្ណៈស្ថាបត្យកម្ម បានបញ្ជាក់ថា លោកគឺជាកូនខ្មែរមួយរូបដែលបានចេញទៅរៀន និងរស់នៅបរទេស។ ក្រោយពីត្រឡប់មកវិញលោកក៏មានបំណងចង់សង់អគារថ្មីមួយដែលប្លែកសម្រាប់រូបលោកដែលអាចចូលរួមចំណែកខ្លះៗក្នុងការបង្ហាញពីអត្ដសញ្ញាណខ្មែរ ដូច្នេះលោកទើបមានគំនិតអភិវឌ្ឍន៍សំណង់អគារលំនៅដ្ឋាន ”ទ្រនំ” នេះតែម្ដង។ លោកបន្ដថា ការគិតមិនដូចការធ្វើទេ គ្រាន់តែចាប់ផ្ដើមការងារសាងសង់ គឺលោកត្រូវជួបឧបសគ្គបាត់ទៅហើយ ដូច្នេះទើបលោកមានក្ដីបារម្ភថា ខ្លាចជួបនឹងបរាជ័យក្នុងការសាងសង់អគារមួយនេះ។

នាយកប្រតិបត្តិរូបនេះបញ្ជាក់បន្ដថា៖ ការបារម្ភលើភាពបរាជ័យ គឺខ្ញុំមិនបានផ្ដោតលើបញ្ហាគ្មានទុនវិនិយោគទេ គឺបារម្ភខ្លាចអ្វីដែលខ្ញុំគិតចង់ធ្វើវានោះមិនអាចចេញមកដូចក្ដីស្រមៃរបស់ខ្ញុំ ព្រោះក្នុងអគារនេះខ្ញុំត្រូវប្រើសម្ភារ វត្ថុធាតុដើមដែលមាននៅក្នុងប្រទេសយើងសឹងតែ90%ឯណោះ។

អគារលំនៅដ្ឋាន «ទ្រនំ» មុននឹងសាងសង់ឡើងត្រូវបានស្ថាបត្យករ(សេង វណ្ណៈ) ជាអ្នកជំនាញសិក្សាស៊ីជម្រៅទៅលើតម្លៃ គុណភាពអគារ ពិសេសការប្រើប្រាស់សម្ភារសម្រាប់ដេគរ័ផ្ទៃខាងក្នុងដើម្បីធ្វើយ៉ាងណាឱ្យស្អាត ប្លែកភ្នែក មានភាពទាក់ទាញដល់អ្នកដែលចូលមករស់នៅក្នុងអគារនេះ។

លោកសេង វណ្ណៈ បានបញ្ជាក់បន្ថែមទៀតថា វាមិនមែនជារឿងងាយស្រួលទេក្នុងការប្រមូលសម្ភារទូទាំងប្រទេសកម្ពុជាយកមករចនាផ្ទៃក្នុងអគារនោះ គឺលោកត្រូវចំណាយពេលក្នុងការស្វែងរកវត្ថុទាំងនោះអស់រយៈពេលដល់ទៅ 5 ឆ្នាំ មានដូចជាឈើចំណាស់ៗ និងរុក្ខជាតិនានា។

លោកប្រាប់ថា៖ ”ឧទាហរណ៍ដូចជា រុក្ខជាតិដែលខ្ញុំត្រូវយកមករចនានៅខាងក្នុងផ្ទៃអគារ គឺខ្ញុំត្រូវបង្កើតជាសួនច្បារមួយសម្រាប់ដាំវាដើម្បីឱ្យបានផ្កាទាំងនោះយកមករចនា បើពុំដូច្នោះទេខ្ញុំនឹងចំណាយប្រាក់លើវាអស់រាប់សិបម៉ឺនដុល្លារឯណោះ”។ អ្វីដែលធ្វើឱ្យលោកខំប្រឹងប្រែងបែបនេះ គឺលោកចង់បានអ្វីដែលប្លែក ដើម្បីផ្ដល់នូវផាសុកភាពដល់អ្នកដែលចូលមកស្នាក់នៅ ភាពស៊ីវិល័យ និងមានបរិស្ថានបៃតងព័ទ្ធជុំវិញ។ តាមរយៈការប្រឹងប្រែងនេះហើយដែលអាចធ្វើឱ្យអគារនេះផុសចេញជារូបរាងជាមួយនឹងការរចនាផ្ទៃខាងក្នុងប្លែកខុសពីគេ។

គួរបញ្ជាក់ថា អគារ ”ទ្រនំ” មានកម្ពស់10ជាន់ មាន14យូនីត ស្មើ 32បន្ទប់ ក្រោមទុនវិនិយោគជាង2លានដុល្លារ។

លោកបញ្ជាក់ថា៖ ខ្ញុំសង្ឃឹមថា នឹងទទួលបានជោគជ័យតាមរយៈការចូលមកស្នាក់នៅពេញទាំង14យូនីត ព្រោះនៅពេលនេះយើងទទួលបានភ្ញៀវជួល4យូនីតស្រេចទៅហើយ។ ម្យ៉ាងទៀតភ្ញៀវមកពីប្រទេសជឿនលឿនគាត់ធ្លាប់បានឃើញអស់ហើយនូវអគារខ្ពស់ៗ ដូច្នេះមកស្រុកយើងគឺគាត់ចង់ឃើញអគារលំនៅដ្ឋានបែបនេះសម្រាប់ការរស់នៅរបស់ពួកគាត់ »។

ជាមួយគ្នានេះដែរ លោក សេង វណ្ណៈ បានបញ្ជាក់ថា មូលហេតុដែលលោកត្រូវងាកមកអភិវឌ្ឍអគារលំនៅដ្ឋានបែបនេះ ព្រោះតែសម្លឹងឃើញថា បច្ចុប្បន្នមានអ្នកវិនិយោគក្នុង និងក្រៅស្រុកបាននាំគ្នាអភិវឌ្ឍអគារខុនដូជាច្រើនហើយ ម្យ៉ាងទីតាំងដែលលោកសាងសង់អគារ ”ទ្រនំ” នេះស្ថិតនៅក្នុងប្លុកសំណង់អគារលំនៅដ្ឋានទើបធ្វើឱ្យលោកសម្រេចចិត្ដបែបហ្នឹងទៅ៕

Advertisement