កម្ពុជា​តម្រង់ទិស​កម្ម​វិធីជាតិ​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ

រដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​កំណត់​តម្លៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​មួយ​សម្រាប់​គម្រោង​លំនៅឋាន​ផ្តោតលើ​ប្រជាជនមាន​ជីវភាព​មធ្យម​ដែល​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​នឹងត្រូវ​អនុញ្ញាតឱ្យ​សាងសង់​លំនៅឋាន​យ៉ាងតិច 100ឯក​តា​ឡើង និង​ត្រូវមាន​ទីតាំង​ចម្ងាយ20គីឡូម៉ែត្រ​ពី​រាជធានី-ក្រុង ហើយនឹង​ត្រូវ​ដាក់លក់​ក្នុងតម្លៃ​ចន្លោះ​ពី15,000ដុល្លារ ទៅដល់30,000ដុល្លារ​អាមេរិក។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្រុមហ៊ុន​នោះ​ត្រូវតែ​ជា​នីតិបុគ្គល​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​ត្រូវមាន​ទីធ្លា និង​បរិស្ថាន​ល្អ​ត្រឹមត្រូវ មាន​ទីផ្សារ ឬ​មជ្ឈមណ្ឌលផ្សេងៗ។ អ្នក​អភិវឌ្ឍន៍​ត្រូវតែ​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត​គម្រោង​ឥណទាន​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ដើម្បី​លើកកម្ពស់​លទ្ធភាព​ចំណាយ​របស់​គម្រោង។

ក្រោម​គោលនយោបាយ​ថ្មី​ការលើកទឹកចិត្ត​ដល់​ …តទៅទំព័រអ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ រួមមាន​ការកាត់បន្ថយ​ពន្ធ និង​ការសម្រួល​ដល់​នីតិវិធី​ការិយាធិបតេយ្យ ដូចជា​ការទទួលបាន​ការអនុញ្ញាត​សាងសង់​ អាជ្ញាប័ណ្ណ​អាជីវកម្ម និង​ឯកសារ​ចាំបាច់​ផ្សេងទៀត។ រដ្ឋាភិបាល​ក៏​នឹង​ផ្តល់​អត្រា​ពិសេស​សម្រាប់​ការបង់ពន្ធ​លើ​ប្រាក់ចំណូល​ពន្ធ​អចលនទ្រព្យ និង​អាករ​លើ​ទំនិញផ្សេងៗទៀត។

លោក រស់ សីល​វ៉ា អនុ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការដាក់សំណើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ថា ខណៈ​អ្នក​អភិវឌ្ឍន៍​ជាច្រើន​កំពុង​បង្កើត​អគារ​ផ្ទះល្វែងខ្ពស់ៗ តែមាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​កំពុង​ផ្តោតលើ​គម្រោង​សម្រាប់​ផ្នែក​ក្រីក្រ​នៅក្នុង​សង្គម។ លោក​បាន​និយាយថាគោលនយោបាយ​ថ្មី​មាន​គោលបំណង​ជំរុញ​ការវិនិយោគ​លើ​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ និង​រួមចំណែក​ដល់​ការបង្កើត​គម្រោង​លំនៅឋាន​សម្រាប់​ផ្នែក​មិនសូវមាន​ទ្រព្យសម្បត្តិ​សង្គម បង្កើន​គុណភាព​នៃ​ការសាងសង់​បង្កើន​អត្រា​ម្ចាស់ផ្ទះ និង​លើកកម្ពស់​លទ្ធភាព​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

លោក សំ វ​ង្សី ប្រធាន​អង្គភាព​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ថ្នាក់កណ្តាល​នៃ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ឱ្យដឹងថា “ការដាក់ចេញ​នូវ​គោលនយោបាយ​នេះ គឺ​សំដៅ​រួមចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែលជា​ចន្ទល់​កំណើនសេដ្ឋកិច្ច​ព្រមទាំង​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​សន្ដិសុខ​សង្គម និង​ជា​ឧបករណ៍​គោលនយោបាយ​សម្រាប់​គាំទ្រ​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ប្រទេស​រយៈពេល​វែង”។

សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​នេះ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) កំពុង​គាំទ្រ​គម្រោង​លំនៅឋាន​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​នឹង​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​រាប់ពាន់​ខ្នង​សម្រាប់​កម្មករ​ដែលមាន​ប្រាក់ចំណូល​ទាប។

ស្របទៅនឹង​ការដាក់ចេញ​នូវ​កម្មវិធី​ជាតិ​នេះ​គេ​ឃើញ​មាន​គម្រោង​ដែល​គាំទ្រ​ដោយ​ UNDP ស្ថិត​លើ​ដំណាក់កាល​រចនា​ស្ថាបត្យកម្ម​នឹងមាន​ការសាងសង់​លំនៅឋាន​ចំនួន 3,136ខ្នង​នៅលើ​ដី​ទំហំ7ហិកតា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ4 មាន​ផ្ទៃដី 357ហិកតា។ មាន​រោងចក្រ​ជាង 80ទីតាំង នៅក្នុង​នោះ​មាន​កម្មករ 17,000នាក់ ភាគច្រើន​នៃ​ពួកគេ​ជា​កម្មករ​រោងចក្រ។ ការ​រចនា​ប្លង់​ស្ថាបត្យកម្ម​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ខែសីហា​ខាងមុខ ហើយ​បើ​គ្មាន​ការប្រែប្រួល​អ្វី​ទេនោះ ការបើក​ការដ្ឋាន​សាងសង់​របស់ខ្លួន​នឹង​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា​ ចុងឆ្នាំ2018។

ការគាំទ្រ​របស់​យូ​អិន​ឌី​ភី​ចំពោះ​គម្រោង​លំនៅឋាន គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ធំ​ជាង​មុន​ដើម្បី​ជួយ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​នៅក្នុង​ប្រទេស​ដែលមាន​និរន្តរភាព​ក្នុង​រយៈពេល​វែង។ បច្ចុប្បន្ននេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន 33កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា។ វិស័យ​អភិវឌ្ឍន៍​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​ការកើនឡើង​នៃ​សេដ្ឋកិច្ចកម្ពុជា។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា​និន្នាការ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​បាន​បង្ហាញថា ចំនួន​ប្រជាជន​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ពី15 ទៅ19លាន​នាក់។ នៅ​ចន្លោះ​ពេលនេះ​រហូតដល់​ឆ្នាំ2030 នឹងមាន​ចំនួន​ប្រជាជន​កើនឡើង​ពី4 ទៅ7លាន​នាក់​ដែល​នឹងធ្វើ​ឱ្យមាន​តម្រូវការ​លំនៅឋាន​ថ្មី​ប្រមាណ​ជា800.000ខ្នង​បន្ថែម​លើ​ចំនួន​លំនៅឋាន​បច្ចុប្បន្ន។ កាលពី​ឆ្នាំ2017 វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​ជាមួយ​នឹង​ការអនុម័ត​ចំនួន 3.418គម្រោង​ហើយ​វិស័យ​សំណង់​បាន​កើនឡើង22% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ (មាន​ទឹកប្រាក់​រហូតដល់​ទៅ 6.8ពាន់​លាន​ដុល្លារ)ក្នុងនោះ 82%ជា​គម្រោង​លំនៅឋាន។ តាមរយៈ​ការធ្វើ​ស​ន្ទ​ស្សន៍​នៅ​ចន្លោះ​ឆ្នាំ2015 និង2030 កម្ពុជា​នឹងត្រូវ​ការសាងសង់​ផ្ទះ​ថ្មី​ប្រហែល 50.000ខ្នង​ក្នុង​មួយឆ្នាំ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​លំនៅឋាន​ដែលជា​លទ្ធផល​នៃ​ការធ្វើ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស។

“វា​ជា​គំនិត​ផ្តួចផ្តើម​ដោយផ្ទាល់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គោលនយោបាយ​នេះ​គឺមាន​គោលដៅ​សង្គម​ផង និង​សេដ្ឋកិច្ច​ផង សំដៅ​ធ្វើឱ្យ​ប្រជាជន​ទូទាំងប្រទេស​មាន​លំនៅឋាន​សមរម្យ​អាច​រស់​នៅបាន​ប្រកបដោយ​សុខុមាលភាព សុវត្ថិភាព និង​សេចក្តីថ្លៃថ្នូរ”។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​ វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក​បន្តថា មិនតែប៉ុណ្ណោះ​គោលនយោបាយ​នេះ​ក៏​នឹង​ផ្តល់ឱកាស​ដល់​យុវជន​ដែល​ទើប​រៀបការ​ហើយ​ថ្មោងថ្មី រួមទាំង​ពលករ​ចំណាកស្រុក​មក​ស្វែងរក​ការងារ​នៅតាម​ទីក្រុង និង​អ្នក​ចង់​មក​រស់នៅក្នុង​ទីក្រុង តែ​មិនទាន់​មានផ្ទះ ឬ​ចង់បាន​ផ្ទះ​លើក​ទី1អាចមាន​លទ្ធភាព​ទទួល​បាន​នូវ​ការផ្គត់ផ្គង់​លំនៅឋាន​ដែលមាន​តម្លៃ​សមរម្យ រួមទាំង​លទ្ធភាព​ក្នុងការទទួលបាន​កម្ចី​ដែលមាន​ការប្រាក់​សមរ​ម្យ​សម្រាប់​ទិញ​លំនៅឋាន​ទៀតផង។

គួរ​ជម្រាប​ផងដែរ​ថា បច្ចុប្បន្ន​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ 3ទីតាំង​ដែលមាន​តម្លៃ​ចាប់ពី​ជាង 2ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​បាន​គាំទ្រនិង​ជ្រោមជ្រែង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ គម្រោង​ទាំងនោះ​មានដូចជា គម្រោង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន WorldBridge Land ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល មាន​ចម្ងាយ 8គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ គម្រោង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន B & BM Development ស្ថិត​តាមផ្លូវ​ជាតិ​លេខ5 មាន​ចម្ងាយ​ប្រមាណ​ជា 22គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ និង​គម្រោង​ទី3 ជា​ប្រភេទ​លំនៅឋាន​បែប​ខុន​ដូ​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន​អា​រ៉ា​ខា​វ៉ា(Arakawa)។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន century21 mekong បាន​ប្រាប់​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ដែលជា​គោលការណ៍​របស់​រដ្ឋាភិបាល​នោះ វា​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​វិស័យ​អចលនទ្រព្យ​នោះទេផ្ទុយទៅវិញ​វា​ជា​ការជួយ​សម្រាល​បន្ទុក​ដល់​ប្រជា-ពលរដ្ឋ​ក្រីក្រ​មួយចំនួន​ដែលមាន​ជីវភាព​លំបាក ឱ្យ​គាត់​អាចមាន​លទ្ធភាព​ទិញ​នៅបាន។ លោក​បាន​បន្តថា​ជាធម្មតា​គម្រោង​អស់ហ្នឹង​មាន​រួចទៅហើយតែ​មិនសូវមាន​ការគាំទ្រ តែ​ឥឡូវ​ទើប​មានការ​គាំទ្រ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ដែល​គម្រោង​នេះ​នឹង​ជួយ​ដល់​ប្រជាជន​យើង ខ្ញុំ​យល់ថា វា​ជាស​ញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រជាជន​ផ្ទាល់ និង​មន្ត្រីរាជការ​ដែល​គាត់​អាចមាន​លទ្ធភាព​ទិញ​អចលនទ្រព្យ​ដើម្បី​រស់នៅ​បាន៕

Advertisement