FASMEC នឹងដាក់​លក់​ផលិតផល​របស់ខ្លួន​ នៅ​ទីផ្សារ​អន្តរជាតិ​តាម​ប្រព័ន្ធ​អន​ឡាញ

ក្នុងពេលឆាប់ៗនេះ សហគ្រិន​កម្ពុជា​ដែលជា​សមាជិក​របស់​សម្ព័​ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា(Federation of Small and Medium Enterprises Associations of Cambodia)ដែល​ហៅ​កាត់​ថា FASMEC អាច​នឹង​ដាក់តាំង​បង្ហាញ និង​លក់​នូវ​ផលិតផល​របស់ខ្លួន​នៅលើ​គេហទំព័រ​លក់ទំនិញ​ថ្មី​មួយ​ដែលមាន​ឈ្មោះថា SMEXASEAN.com។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​ពហុ​ផលិតផល SRAM & MRAM Resources Limited ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍។

ការចាប់ផ្តើម​ដំណើរការ​ MEXASEAN.com ជា​តម្រូវការ​មួយ​សម្រាប់​វិស័យ​សាជីវកម្ម និង​រដ្ឋាភិបាល​ដើម្បី​ផ្តួចផ្តើម​បើកផ្លូវ​ឆ្ពោះទៅរក​ភាពចាំបាច់​ដើម្បី​បំពេញ​នូវ​សកម្មភាព​អាជីវកម្ម​ដោយ​ផ្តល់​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នូវកម្លាំង​រុញច្រាន​ចាំបាច់​ដើម្បី​ដំណើរការ​ជាមួយនឹង​ក្រុមហ៊ុនធំៗមិនចាំបាច់​ព្រួយបារម្ភ​អំពី​ភាពប្រាកដប្រជា​នៃ​ការស្វែងរក​អ្នកទិញ ឬ​អ្នកលក់​នោះទេ។ សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ដែល​បច្ចុប្បន្ន​កំពុងមានបញ្ហា​ដោយសារតែ​ខ្វះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការតភ្ជាប់​ផលិតផល​របស់ខ្លួន​ទៅនឹង​ទីផ្សារ​ពិភពលោក។

Advertisement

លោក​ឧកញ៉ា តែ តាំង​ប៉ បាន​ថ្លែងថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា(MoU)ជាមួយ​ក្រុមហ៊ុន SRAM & MRAM ក្នុង​គោលបំណង​អភិវឌ្ឍ​គេហទំព័រ“smexasean.com”ដើម្បី​បម្រើ​ជាទី​ផ្សារ​មួយ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ផលិតផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​ក្នុង​តំបន់។ ការ​គួបផ្សំ​គ្នា​នេះ​នឹង​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ដើម្បី​ឈានទៅរក​កន្លែង​ដែលមាន​សុពលភាព​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង​នៅក្នុង​អាស៊ាន។

លោក​បាន​មានប្រសាសន៍​បញ្ជាក់ថា៖ “សមាជិក​របស់​យើងឆាប់ៗនេះ​នឹងមាន​គេហទំព័រ​មួយ​ដើម្បី​ដាក់​បង្ហាញ និង​លក់​ផលិតផល​របស់​ពួកគេ​តាម​នីតិវិធី​កាន់តែ​ងាយស្រួល និង​ការចំណាយ​កាន់តែ​ទាប​ដើម្បី​ឱ្យទៅដល់​អតិថិជន​ជា​ទិសដៅ​នៅក្នុង​ទីផ្សារ​អន្តរជាតិ”។ បើតាម​ការឱ្យ​ដឹង​អំពី smexasean.com គេហទំព័រ​នេះ​មានមុខ​ងារ​ដូច​ទៅនឹង​គេហទំព័រ​របស់​ក្រុមហ៊ុន Alibaba នៅ​ប្រទេស​ចិន​ដូច្នោះ​ដែរ ប៉ុន្តែ​មានតែ​ផលិតផល​កម្ពុជា​ប៉ុណ្ណោះ ហើយ​បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ ក្រុមការងារ​បច្ចេកទេស​នឹង​ដឹកនាំ​ធ្វើការ​បង្ហាញ(រ៉ូ​ដ​សូ Road show)ដើម្បី​អប់រំ​សមាជិក​ប្រហែល 300នាក់​របស់ FASMEC អំពី​អត្ថប្រយោជន៍​របស់​គេហ​ទំព័រ​ទីផ្សារ​អន​ឡាញ​ថ្មី​នេះ និង​នីតិវិធី​ក្នុង​ការដាក់​បង្ហាញ និង​ការលក់ទំនិញ​ដើម្បី​រួមគ្នា​ប្រតិបត្តិការ​ទីផ្សារ។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹងថាគេហទំព័រ​លក់ទំនិញ​មួយ​នេះ​នឹង​ជួយ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ផលិតផល​របស់​ពួកគេ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់។ ក្រុមហ៊ុន​ SRAM MRAM សម្រេចបាន​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា​នេះដែរ​ជាមួយ​សមាគម SME នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហ​បុរី និង​ប្រ៊ុយណេ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​មិនទាន់មាន​ព័ត៌មាន​លម្អិត​ដែល​អាច​រកបាន​ស្ដីពី​ពេលវេលា និង​នីតិវិធី​នៅក្នុង​ការចុះបញ្ជី​ផលិតផល​នៅក្នុង​ទីផ្សារ​អន​ឡាញ​នេះ​នៅឡើយ​ទេ។

លោកស្រី កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី​បាន​មានប្រសាសន៍ថា៖ “ការចុះ​កិច្ចព្រមព្រៀង​របស់​សមា​គម SME ក្នុង​ការបើក​ទីផ្សារ​អន​ឡាញ​នេះ​វា​ជា​ដំណើរ​ការល្អ​មួយ ខ្ញុំ​គាំទ្រ​ប្រសិនបើ​ធ្វើទៅបាន​ត្រឹមត្រូវ ឬ​ធ្វើ​ការរៀបចំ​ឱ្យបាន​ល្អ ពីព្រោះ​ការបើក​អន​ឡាញ​មាន​គោលបំណង​អភិវឌ្ឍ​គេហទំព័រ “smexasean.com”ដើម្បី​ភ្ជាប់​ផលិតផល​ខ្មែរ​ទៅនឹង​ទីផ្សារ​ក្នុង​តំបន់”។

លោកស្រី​បាន​បន្ថែមថា ដោយសារតែ​បច្ចុប្បន្ន​ទីផ្សារ​ពិភពលោក​បាន​ងាក​ទៅរក​ទីផ្សារ​បែប​បច្ចេកវិទ្យា ឬ​ទីផ្សារ​អន​ឡាញ​ដើម្បី​ទិញ-លក់ទំនិញ​ច្រើន។ ដូច្នេះ​ចំពោះ​ផលប្រយោជន៍​នៃ​ទីផ្សារ​អន​ឡាញ​នេះ​គឺ​ពិត​ជាមាន​សម្រាប់​សហគ្រាស​យើង ពីព្រោះ​យើង​អាច​លក់​ផលិតផល​លើ​អន​ឡាញ​បាន ហើយ​យើង​ក៏​អាចជួយ​ដល់​សមាជិក​ក្នុង​ការរក​ទីផ្សារ​ដើម្បី​លក់​ផលិតផល ដែល​អាចធ្វើឱ្យ​យើង​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា ឯ​សហព័ន្ធ​ក៏​ទទួលបាន​ជោគជ័យ​ដែរ។

ប៉ុន្តែ​លោកស្រី​បានបង្ហាញ​ក្តីបារម្ភ​ផងដែរ​ចំពោះ​អាជីវកម្មតូចៗមួយចំនួន​នៅក្នុង​ស្រុក​យើង មាន​ច្រើន​ដែល​ពុំទាន់​មាន​ការប្រើ​គេហទំព័រ​ឱ្យបាន​ទូលំទូលាយ​នៅឡើយ។ អាជីវកម្ម​ទាំងនោះ​ពុំទាន់​ពង្រីក​ខ្លួន​ទៅតាម​ទីផ្សារ​អន​ឡាញ​បាន​នៅឡើយ នេះ​ជាការ​លំបាក និង​ជា​បញ្ហា​ធំ​នៅក្នុង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ពីព្រោះ​បើ​គាត់​ចង់​ពង្រីក​ខ្លួន​ក៏​ពិបាក​ដែរ ដោយសារតែ​បញ្ហា​ហិរញ្ញវត្ថុ​របស់គាត់​មាន​តិច។

លោកស្រី​បាន​យល់​យ៉ាង​ដូច្នេះ​ថា៖ ប៉ុន្តែ​ចំពោះ​ការដាក់​ផលិតផល​ទៅក្នុង​ទីផ្សារ​អន​ឡាញ យើង​អាច​រំពឹងថា ប្រសិនបើ​លោក​ឧកញ៉ា​ប្រធាន​គាត់​អាចជួយ​ដល់​អាជីវកម្មតូចៗបាន គាត់​អាច​ប្រមូលផ្តុំ​ផលិតផល​របស់​សមាជិក​ទៅ​ដាក់​ក្នុង​អន​ឡាញ​របស់គាត់​បាន​ច្រើន នោះ​គឺជា​ការចូលរួមចំណែក​ដ៏​ធំ​មួយ​ដល់​សមាជិក ហើយ​ប្រសិនបើ​គាត់​អាចមាន​ទីផ្សារ​ស្តុក​ទំនិញ​ថែមទៀត​នោះ​រឹតតែ​ប្រសើរ ព្រោះ​សហគ្រាស​ខ្លះ​គាត់​មិនអាច​បញ្ជូន​ទំនិញ​ត្រឹមតែ​មួយកញ្ចប់ ឬមួយ​កេស​បានទេ ព្រោះ​ផលិតផល​រោងចក្រ វា​ពិបាក​ក្នុងការ​ដឹកជញ្ជូន ដូច្នេះ​យើង​ត្រូវ​រក​ចំណុចកណ្តាល​ណាមួយ​ដើម្បីឱ្យ​ដំណើរការ​នៃ​ការប្រើប្រាស់​ទីផ្សារ​អន​ឡាញ​របស់​យើង​អាច​ដំណើរការ​ទៅមុខ​ដោយ​រលូន បើ​ពុំ​ដូច្នោះ​ទេ​យើង​ជឿថា​នឹង​ពិបាក​ក្នុងការ​ទទួលបាន​ជោគជ័យ​ណាស់៕

លោកស្រី កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី
កម្មវិធីការជំរុញផលិតផលខ្មែរ (SMEs)ចូលទៅក្នុងទីផ្សារពិភពលោក
Advertisement